កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ «សន្និសីទអ្នកវិទ្យាសាស្ត្រស្ត្រី អាស៊ាន-ឥណ្ឌា» លើកទី២ ផ្តោតលើការតម្រង់ទិសភាពជាអ្នកដឹកនាំរបស់ស្ត្រី (Video inside)
08-07-2026 14:29
(ភ្នំពេញ)៖ អ្នកវិទ្យាសាស្ត្រ អ្នកស្រាវជ្រាវ និងនវានុវត្តន៍ករស្ត្រី ឈានមុខប្រមាណ ១៣៥ រូប មកពីប្រទេសឥណ្ឌា និងបណ្តាប្រទេសជាសមាជិកអាស៊ាន បានជួបជុំគ្នា ក្នុង «សន្និសីទអ្នកវិទ្យាសាស្ត្រស្ត្រី អាស៊ាន-ឥណ្ឌា លើកទី២» ដែលរៀបចំឡើងរយៈពេល៣ថ្ងៃ នៅរាជធានីភ្នំពេញ ផ្តោតលើការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្ត្រី និងការដោះស្រាយឧបសគ្គសំខាន់ៗ ក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
សន្និសីទនេះត្រូវបានសហការរៀបចំដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៃកម្ពុជា និងវិទ្យាស្ថានបច្ចេកវិទ្យាឥណ្ឌា ហ្គានឌីណាហ្គា (Indian Institute of Technology Gandhinagar) ដោយមានការគាំទ្រពីមូលនិធិអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអាស៊ាន-ឥណ្ឌា (AISTDF)។
សន្និសីទក្រោមប្រធានបទ «ការកសាងសហគមន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ប្រកបដោយបរិយាបន្ន» ផ្តោតលើវិស័យអាទិភាពចំនួន៤ រួមមានសន្តិសុខស្បៀង ថាមពលប្រកបដោយចីរភាព ការអប់រំប្រកបដោយសមធម៌ និងបច្ចេកវិទ្យាកំពុងរីកចម្រើន។
ថ្លែងក្នុងសុន្ទរថាតាមប្រព័ន្ធវីដេអូអនឡាញ លោកសាស្ត្រាចារ្យ Umesh Waghmare លេខាធិការនៃនាយកដ្ឋានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៃសាធារណរដ្ឋឥណ្ឌា បានលើកឡើងថា កិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារវាងឥណ្ឌា និងអាស៊ាន មានប្រវត្តិដ៏យូរអង្វែង ព្រមទាំងបានគូសរំលេចពីសារសំខាន់នៃការកសាងប្រព័ន្ធនវានុវត្តន៍ប្រកបដោយបរិយាបន្នសម្រាប់តំបន់។
លោកសាស្ត្រាចារ្យ Waghmare បានលើកឡើងថា អ្នកវិទ្យាសាស្ត្រ នវានុវត្តន៍ករ និងសហគ្រិន ស្ត្រី កំពុងរួមចំណែកយ៉ាសំខាន់ដល់វិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ប៉ុន្តែពួកគេនៅបន្តប្រឈមនឹងបញ្ហាដែលទាមទារឱ្យមានការគាំទ្រកាន់តែខ្លាំងឡើងពីស្ថាប័ន បណ្តាញវិជ្ជាជីវៈ និងការផ្តល់ឱកាសកាន់តែច្រើនសម្រាប់កិច្ចសហប្រតិបត្តិការ»។
សន្និសីទរយៈពេល៣ថ្ងៃនេះមានកម្មវិធីអមជាច្រើន ដូចជាកិច្ចពិភាក្សាតុមូលពហុភាគីចំនួន១០ និងកម្មវិធីប្រកួតប្រជែងគំនិតនវានុវត្តន៍ ដែលអ្នកស្រាវជ្រាវជាស្ត្រី នឹងធ្វើបទបង្ហាញអំពីដំណោះស្រាយវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ពួកគេ។ ព្រឹត្តិការណ៍ទាំងនេះមានគោលបំណងរួមចំណែកពន្លឿនការប្រែក្លាយលទ្ធផលស្រាវជ្រាវទៅជាផលិតផលដែលអាចធ្វើពាណិជ្ជកម្មបាន ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យ វិស័យឧស្សាហកម្ម និងសហគ្រាសធុនតូចនិងមធ្យម។
លោក Souksavath Sihapanya អគ្គនាយកនៃអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងជាប្រធានគណៈកម្មាធិការវិទ្យាសាស្ត្រ បច្វេកវិទ្យា និងនវានុវត្តន៍ អាស៊ាន (ASEAN COSTI) បានសង្កត់ធ្ងន់ថា សន្និសីទនេះគាំទ្រដល់ការអនុវត្តផែនការសកម្មភាពអាស៊ានស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (APASTI) ឆ្នាំ២០២៦-២០៣០ ដោយលើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងប្រព័ន្ធនវានុវត្តន៍តំបន់។
លោក Sihapanya បានលើកឡើងថា«សន្និសីទនេះផ្តល់ឱកាសពិសេសសម្រាប់បង្កើនសំឡេងរបស់អ្នកវិទ្យាសាស្ត្រ និងនវានុវត្តន៍ករស្ត្រី។ ភាពជាអ្នកដឹកនាំរបស់ពួកគេមានសារសំខាន់ណាស់ក្នុងការធានាថា សហគមន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់យើង មានបរិយាបន្ន ភាពចម្រុះ និងឥទ្ធិពលវិជ្ជមាន»។
ថ្លែងក្នុងពិធីបើកសន្និសីទ លោកបណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសង្កត់ធ្ងន់ថា វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កំពុងផ្លាស់ប្តូរពិភពលោកយ៉ាងឆាប់រហ័ស ហើយរាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិស័យនេះជាសសរស្តម្ភគន្លឹះ នៃយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងរបស់ខ្លួន។
លោកបានបញ្ជាក់ការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការកសាងសេដ្ឋកិច្ចផ្អែកលើចំណេះដឹង ក្រោមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០៣០ ដែលរួមមានគោលដៅសម្រេចឱ្យបាននិស្សិតដែលបញ្ចប់ការសិក្សាផ្នែក STEM ជាស្ត្រី យ៉ាងហោចណាស់ ៥០% ។
លោក ញឹម ខេមរា មានប្រសាសន៍ថា «ប្រទេសជាតិមួយមិនអាចបង្កើតនវានុវត្តន៍អស់សក្តានុពល ដោយមិនប្រើធនធានមានទេពកោសល្យ ជាពិសេសស្ត្រី បានទេ។ យើងត្រូវតែផ្តល់អំណាចដល់ស្ត្រីឱ្យក្លាយជាកម្លាំងចលករដ៏សកម្មក្នុងការរីកចម្រើនផ្នែកវិទ្យាសាស្ត្រ ដោយធ្វើយ៉ាងណាឱ្យពួកគេក្លាយជាអ្នកដឹកនាំ នវានុវត្តន៍ករ និងជាអ្នកធ្វើសេចក្តីសម្រេចចិត្ត»។
ទោះបីអ្នកវិទ្យាសាស្ត្រស្ត្រីបាន និងកំពុងរួមចំណែកជាទស្សនវិស័យ ភាពច្នៃប្រឌិត និងជំនាញដ៏មានតម្លៃ សម្រាប់ពង្រឹងការស្រាវជ្រាវ និងនវានុវត្តន៍ ពួកគេនៅមានចំនួនតិចតួចនៅឡើយក្នុងវិស័យវិទ្យាសាស្ត្រកម្រិតខ្ពស់ និងតួនាទីជាអ្នកដឹកនាំ។
លោក ទ្រី សុផល អគ្គនាយកនៃអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានគូសបញ្ជាក់ថា តាមរយៈសន្និសីទ នឹងជាក្លាយចលករមួយក្នុងការលើកកម្ពស់ ការចូលរួមរបស់ស្រ្តីកាន់តែច្រើនក្នុងវិស័យវិទ្យាសាស្រ្ត។
លោកបន្តថា «បើយើងក្រឡេកមើលទិដ្ឋភាពគោលនយោបាយរបស់កម្ពុជាវិញ នៅក្នុងផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ និងនវានុវត្តន៍ឆ្នាំ ២០៣០ នោះ គឺមួយក្នុងចំណោមនោះគឺថា ស្ត្រីត្រូវចូលរួម ៥០% នៅក្នុងការសិក្សា STEM។ ដូច្នេះគឺគាំទ្រទាំងគោលនយោបាយក្នុងប្រទេសយើង ហើយក៏គាំទ្រសកម្មភាពនៅក្នុងផែនការសកម្មភាពអាស៊ានឆ្នាំ២០២៦-២០៣៥ ដែរ។ ហើយសកម្មភាពទាំងអស់នេះគឺអាចនឹងជួយជំរុញឱ្យមានការចូលរួមកាន់តែច្រើន ហើយដើម្បីបរិយាប័ន្ន (inclusive) គាំទ្រនៅក្នុងសកម្មភាពវិទ្យាសាស្ត្រ និងនវានុវត្តន៍ ការចូលរួមរបស់ស្ត្រីឲ្យកាន់តែច្រើន គឺជាសកម្មភាពចាំបាច់ដែលយើងចាំបាច់ត្រូវតែទាមទារការចូលរួមឲ្យបានច្រើន»។
សន្និសីទអ្នកវិទ្យាសាស្ត្រស្ត្រី អាស៊ាន-ឥណ្ឌា លើកទី២ មានគោលបំណងដោះស្រាយបញ្ហាប្រឈមទាំងនេះ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ពង្រីកបណ្តាញវិជ្ជាជីវៈ និងជំរុញឱ្យស្ត្រីកាន់តែច្រើន ក្លាយជាអ្នកដឹកនាំក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍៕






















