អភិបាលខេត្តព្រៃវែង ណែនាំពលរដ្ឋរាយការណ៍ករណីបូមខ្សាច់ខុសលក្ខណៈបច្ចេកទេស និងបង្កើតក្រុមការងារតាមដាន

08-07-2026 15:56

(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានអំពាវនាវ និងណែនាំប្រជាពលរដ្ឋឱ្យចូលរួមសហការរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរ ឬមន្ត្រីជំនាញ ប្រសិនបើរកឃើញសាឡង់របស់ក្រុមហ៊ុនបូមខ្សាច់ណា ដែលធ្វើអាជីវកម្មខុសលក្ខណៈបច្ចេកទេស។ លោកអភិបាលខេត្តបានបញ្ជាក់ថា ប្រជាពលរដ្ឋអាចទូរសព្ទរាយការណ៍ដោយផ្ទាល់មកលោកក៏បាន ដើម្បីទទួលបានកិច្ចអន្តរាគមន៍បានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

ការថ្លែងណែនាំនេះ ធ្វើឡើងក្នុងឱកាសដែលលោកអភិបាលខេត្ត បានដឹកនាំអាជ្ញាធរ និងមន្ត្រីជំនាញជាច្រើនរូប ចុះជួបពិភាក្សាស្វែងយល់ពីទុក្ខកង្វល់ និងសំណូមពររបស់ប្រជាពលរដ្ឋនៅភូមិថ្មី ឃុំពាមមានជ័យ ស្រុកពាមរក៍ ខេត្តព្រៃវែង។

ក្នុងឱកាសនោះ ប្រជាពលរដ្ឋភូមិថ្មី បានសម្តែងនូវកង្វល់ និងបានសំណូមពរមិនឲ្យក្រុមហ៊ុនបូមខ្សាច់នៅក្នុងភូមិសាស្រ្តក្បែរភូមិថ្មីនោះឡើយ ដោយបារម្ភពីផលប៉ះពាល់ដល់បរិស្ថាន និងការបាក់ច្រាំងទន្លេ។ បន្ទាប់ពីបានស្តាប់នូវការ ពន្យល់លម្អិតពីមន្ត្រីជំនាញ និងលោកអភិបាលខេត្តរួចមក ប្រជាពលរដ្ឋបានបង្ហាញការយោគយល់ និងបានឯកភាពចូលរួមសហការជាមួយអាជ្ញាធរ និងមន្ត្រីជំនាញ ដើម្បីបង្កើតក្រុមការងារចំពោះកិច្ចមួយ ក្នុងការពិនិត្យតាមដានសកម្មភាពបូមខ្សាច់របស់ក្រុមហ៊ុន។

ក្រុមការងារនេះ នឹងធានាថា ការបូមខ្សាច់របស់ក្រុមហ៊ុនប្រព្រឹត្តទៅស្របតាមទីតាំងដែលបានអនុញ្ញាតដោយក្រសួងរ៉ែ និងថាមពល ដោយមិនអនុញ្ញាតឲ្យមានការបូមខ្សាច់នៅក្រៅព្រំដែនអាជ្ញាប័ណ្ណឡើយ។

សំណូមពរដ៏សមហេតុផលនេះ ត្រូវបានលោកអភិបាលខេត្តព្រៃវែងទទួលយក និងបានសន្យាណែនាំក្រុមហ៊ុនឲ្យធ្វើការបោះពោងកំណត់ទីតាំងបូមខ្សាច់ឲ្យបានច្បាស់លាស់ តាមការអនុញ្ញាតរបស់ក្រសួងរ៉ែ ដោយមិនអនុញ្ញាត ឲ្យមានការរំកិលទីតាំងដោយគ្មានការអនុញ្ញាតនោះទេ។

ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានសន្យាបង្កើតប៉ុស្តិ៍យាមមួយនៅក្បែរសាលារៀន ដែលមានអាជ្ញាធរ និងមន្ត្រីជំនាញប្រចាំការ ដើម្បីតាមដាន និងត្រួតពិនិត្យសកម្មភាពធ្វើអាជីវកម្មបូមខ្សាច់របស់ក្រុមហ៊ុនជាប្រចាំ។ លើសពីនេះ ប្រជាពលរដ្ឋចំនួនពីររូប ក៏នឹងត្រូវបានអនុញ្ញាតឲ្យចូលរួមជាសមាជិកក្នុងប៉ុស្តិ៍យាមនេះផងដែរ ដើម្បីធានានូវតម្លាភាព និងការចូលរួមពីសហគមន៍។

ក្រោយបញ្ចប់កិច្ចពិភាក្សាជាមួយប្រជាពលរដ្ឋ លោកអភិបាលខេត្ត និងមន្ត្រីជំនាញ បានអញ្ជើញចុះទៅពិនិត្យដោយផ្ទាល់នៅទីតាំងច្រាំងទន្លេដែលមានដីបាក់ស្រុត ដើម្បីវាយតម្លៃស្ថានភាពជាក់ស្តែង។ សកម្មភាពចុះពិនិត្យផ្ទាល់នេះ បានទទួលការអបអរសាទរយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋអ្នកភូមិថ្មី ដែលពួកគាត់បានលើកឡើងថា ការចុះមកមើលផ្ទាល់របស់លោកអភិបាលខេត្តបែបនេះ ធ្វើឲ្យពួកគាត់មានសេចក្តីសប្បាយរីករាយ និងមានជំនឿចិត្តថា បញ្ហាដែលពួកគាត់កំពុងជួបប្រទះនឹងត្រូវបានដោះស្រាយប្រកបដោយយុត្តិធម៌ និងប្រសិទ្ធភាព។

សរុបមក ការយកចិត្តទុកដាក់របស់លោកអភិបាលខេត្តព្រៃវែង ក្នុងការដោះស្រាយបញ្ហាកង្វល់របស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងសកម្មភាពបូមខ្សាច់ គឺជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រដ្ឋបាលខេត្ត ក្នុងការការពារផលប្រយោជន៍សាធារណៈ និងធានានូវការអភិវឌ្ឍប្រកបដោយចីរភាព។ ការបង្កើតយន្តការតាមដាន និងការចូលរួមពីប្រជាពលរដ្ឋ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការទប់ស្កាត់ការធ្វើអាជីវកម្មខុសច្បាប់ និងកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន និងសហគមន៍៕