សហជីពធំៗនៅកម្ពុជា គាំទ្រពេញទំហឹងចំពោះកម្មវិធី RPL ព្រោះជួយអតីតពលករខ្មែរ ដែលមកពីថៃឱ្យមានវិញ្ញាបនប័ត្របញ្ជាក់ជំនាញ និងប្រាក់ចំណូលខ្ពស់

09-07-2026 15:25

(ភ្នំពេញ)៖ សហជីពធំៗនៅកម្ពុជា បានបង្ហាញការពេញចិត្ត និងគាំទ្រពេញទំហឹងចំពោះកម្មវិធីវាយតម្លៃទទួលស្គាល់ជំនាញពីមុន(RPL) ដែលជួយដល់អតីតពលករខ្មែរដែលបានវិលត្រឡប់ពីប្រទេសថៃ តាមរយៈការទទួលស្គាល់សមត្ថភាព និងបទពិសោធពីក្រៅប្រទេសឱ្យទៅជាវិញ្ញាបនបត្រជាតិផ្លូវការ ដែលនាំឱ្យពួកគាត់ងាយស្រួលរកការងារធ្វើ ប្រាក់ខែសមរម្យ និងមានឱកាសឡើងតំណែង។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានប្រាប់អ្នកសារព័ត៌មាននៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស(NTTI) ថា លោកគាំទ្រចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈជាសេនាធិកា បានដាក់ចេញនូវកម្មវិធី RPL នេះ ដើម្បីជួយអតីតពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃ។

លោកបានបន្តថា កម្មវិធីនេះ ពិតជាមានសារៈសំខាន់ដែលបានចេញវិញ្ញាបនប័ត្របញ្ជាក់ជំនាញ តាមរយៈការវាយតម្លៃផ្អែកលើសមត្ថភាព ទទួលស្គាល់ការសិក្សាដែលមានពីមុន ផ្តល់នូវឱកាសដល់បងប្អូនអតីតពលករខ្មែរ ដែលបាននិងកំពុងបម្រើការងារ និងអ្នកមានជំនាញដែលមិនទាន់មានការងារឱ្យទទួលបានការទទួលស្គាល់ជំនាញជាផ្លូវការ សមត្ថភាព ឬគុណវុឌ្ឍិរបស់ពួកគាត់។

ថ្នាក់ដឹកនាំសហជីពរូបនេះបញ្ជាក់ថា៖ «កម្មវិធី RPLនេះ គឺពិតជាមានសារៈសំខាន់មែនទែនសម្រាប់បងប្អូនអតីតពលករខ្មែរយើង ព្រោះកន្លងមកពួកគាត់ធ្លាប់ធ្វើការងារជាក់ស្ដែង ធ្លាប់មានបទពិសោធ និងមានជំនាញច្បាស់លាស់ ប៉ុន្ដែជំនាញរបស់ពួកគាត់មិនទាន់មានការទទួលស្គាល់ទេ។ អីចឹង ដើម្បីឱ្យជំនាញ និងបទពិសោធន៍ពួកគាត់ ក្លាយជាជំនាញផ្លូវការ គឺពួកគាត់ត្រូវមកធ្វើតេស្ត ហើយបងប្អូនយើងដែលមានបំណង សូមមកធ្វើតេស្តមក ដើម្បីទទួលបានវិញ្ញាបនប័ត្រដែលទទួលស្គាល់ពីក្រសួងការងារ»

ចំណែកលោក គង់ អាទិត្យ ប្រធានសហភាពការងារកម្ពុជា(CLC) បានលើកឡើងថា លោកពេញចិត្តចំពោះកម្មវិធីនេះ ដោយចាត់ទុកកម្មវិធី RPL មានភាពបត់បែន ងាយស្រួលក្នុងការពង្រឹង ឬផ្លាស់ប្តូរជំនាញឱ្យស្របតាមតម្រូវការជាក់ស្តែងនៃទីផ្សារការងារបច្ចុប្បន្ននេះ។

លោកបានបញ្ជាក់ថា៖ «យើងបានដឹងទាំងអស់គ្នាថា កន្លងមកយើងមកធ្លាប់មានកម្មវិធីទទួលស្គាល់ជំនាញដូចដែលក្រសួងការងារកំពុងអនុវត្តនោះទេ ប៉ុន្ដែពេលនេះ រាជររដ្ឋាភិបាល ក៏ដូចជាក្រសួងការងារ បានយកចិត្តទុកដាក់បង្កើតកម្មវិធី RPL នេះឡើង។ ខ្ញុំថា កម្មវិធីនេះ គឺយើងដាក់ចំគោលដៅល្អណាស់ ព្រោះអតីតពលករយើងដែលមកពីថៃភាគច្រើន គឺពួកគាត់មានតែចំណេះ ជំនាញ និងបទពិសោធន៍ជាប់ខ្លួនមកទេ ប៉ុន្ដែមិនមានវិញ្ញាបនប័ត្របញ្ជាក់ទេ។ អីចឹង ក្នុងកាលៈទេសៈនេះ គឺជាឱកាសមាសសម្រាប់បងប្អូនយើងហើយ»

លោក គង់ អាទិត្យ បានអំពាវនាវដល់អតីតពលករខ្មែរបានវិលត្រឡប់មកពីប្រទេសថៃ គួរតែមកធ្វើតេស្តជាមួយកម្មវិធី RPLនេះឱ្យបានច្រើនថែមទៀត ដើម្បីផ្ដល់ភាពងាយស្រួលដល់បងប្អូនងាយស្រួលស្វែងរកការងារធ្វើ អាចទទួលបានប្រាក់ខែខ្ពស់ ហើយសម្រាប់អ្នកដែលមានការងារធ្វើស្រាប់អាចមានឱកាសបានឡើងតួនាទីថែមទៀតផង។

អតីតពលករខ្មែរដែលបានមកធ្វើតេស្ត RPL គឺលោក សុខ ហាច បាននិយាយថា លោកបានធ្វើការងារជាកម្មករសំណង់ជាជាងអគ្គិសនីនៅប្រទេសថៃចំនួន ៣ឆ្នាំមកហើយ ដោយលោកបានធ្វើការងារជាមួយអ្នកជំនាញបរទេសជាច្រើន និងបានសិក្សាស្វែងយល់ពីការងារដំឡើងប្រព័ន្ធអគ្គិសនីនៅតាមអាគារ រោងចក្រ និងទីតាំងសំណង់ផ្សេងៗទៀត។

លោកបានបន្តថា ជំនាញដែលលោកនាំមកដល់កម្ពុជាវិញនេះ គឺមិនមានឯកសារបញ្ជាក់ទទួលស្គាល់នោះទេ ដែលធ្វើឱ្យលោកមានការពិបាកក្នុងការស្វែងរកការងារធ្វើនៅក្នុងស្រុក។ លោកបានទទួលដំណឹងនេះពីមិត្តភក្ដិម្នាក់ដែលទទួលបានវិញ្ញាបនប័ត្របញ្ជាក់ជំនាញពី RPL ហើយបានណែនាំលោកឱ្យមកចុះឈ្មោះធ្វើតេស្ត RPL ដែរ ព្រោះមិនមានបង់ប្រាក់នោះទេ។

លោកបានបញ្ជាក់ថា៖ «ធ្វើការងារនៅស្រុកថៃ៣ឆ្នាំហើយ ប៉ុន្ដែការងារមិនងាយស្រួលដូចធ្វើការងារនៅក្នុងស្រុកយើងទេ ហើយប្រាក់ចំណូលក៏មិនលើសពីការងារក្នុងស្រុកយើងដែរ។ ឥឡូវនេះ ខ្ញុំទទួលបានវិញ្ញាបនប័ត្រថែមមួយទៀត គឺនឹងធ្វើឱ្យខ្ញុំមានភាពងាយស្រួលក្នុងការស្វែករកការងារថ្មី និងអាចមានប្រាក់ចំណូលខ្ពស់ដែរ»

យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងដើម្បីចូលរួមអភិវឌ្ឍជំនាញក៏ដូចជា លើកទឹកចិត្តដល់អតីតពលករខ្មែរមកពី ប្រទេសថៃ ឱ្យទទួលបានការទទួលស្គាល់ជំនាញជាផ្លូវការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានរៀបចំការវាយតម្លៃទទួលស្គាល់ជំនាញពីមុន ដោយឥតគិតថ្លៃ លើ ៨មុខជំនាញក្នុងវិស័យសំណង់ ចាប់ពីខែមេសា ឆ្នាំ២០២៦នេះ៕