ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ សង្កត់ធ្ងន់ពីសារៈសំខាន់ នៃការងារជាក្រុមពីគ្រប់ផ្នែកទាំងអស់ក្នុងមន្ទីរពេទ្យ
09-07-2026 16:04
(ព្រះវិហារ)៖ លោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានថ្លែងបញ្ជាក់យ៉ាងច្បាស់ថា ការងារជាក្រុមនៅក្នុងមន្ទីរពេទ្យ មិនមែនមានតែវេជ្ជបណ្ឌិត ឆ្មប និងគិលានុបដ្ឋាកនោះទេ គឺទាមទារការចូលរួមពីគ្រប់ផ្នែកទាំងអស់។ ការថ្លែងនេះធ្វើឡើងក្នុងឱកាសដែលលោកដឹកនាំកិច្ចប្រជុំពង្រឹងគុណភាពការងារបម្រើសេវាសុខភាពរបស់មន្ទីរពេទ្យបង្អែកជាំក្សាន្ត កាលពីរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីបុគ្គលិកគ្រប់ផ្នែក។
ក្នុងកិច្ចប្រជុំនោះ លោកវេជ្ជបណ្ឌិត គួង ឡូ បានផ្តល់អនុសាសន៍សំខាន់ៗស្តីពីការពង្រឹងការងារជាក្រុម (Teamwork) ដោយបានគូសបញ្ជាក់ថា ការងារជាក្រុម គឺជាការសហការរវាងបុគ្គលម្នាក់ៗ ដែលប្រើប្រាស់ជំនាញ សមត្ថភាព និងបទពិសោធន៍របស់ខ្លួន ដើម្បីសម្រេចគោលដៅរួមប្រកបដោយប្រសិទ្ធភាពខ្ពស់។ លោកបានបន្ថែមថា ក្រុមការងារដែលមានប្រសិទ្ធភាព ត្រូវមានអ្នកដឹកនាំដែលមានចក្ខុវិស័យច្បាស់លាស់ ចេះកំណត់គោលដៅរួម លើកទឹកចិត្ត និងដឹកនាំសមាជិកឱ្យធ្វើការស្របទិសដៅ។
ទន្ទឹមនឹងនេះ សមាជិកម្នាក់ៗត្រូវមានតួនាទី និងការទទួលខុសត្រូវច្បាស់លាស់ តាមក្របខណ្ឌការងារ RACI រួមមាន៖ ការទទួលខុសត្រូវ (Responsible) គណនេយ្យភាព (Accountable) ការពិគ្រោះយោបល់ (Consulted) និងការជូនដំណឹង (Informed)។ លោកប្រធានមន្ទីរសុខាភិបាល ក៏បានសង្កត់ធ្ងន់លើការបង្កើតបរិយាកាសការងារដែលមានសុវត្ថិភាពផ្នែកផ្លូវអារម្មណ៍ ដើម្បីឱ្យមន្ត្រីគ្រប់រូបហ៊ានបញ្ចេញមតិ និងធ្វើការដោយមិនភ័យខ្លាចការស្តីបន្ទោស ព្រមទាំងលើកកម្ពស់ការប្រាស្រ័យទាក់ទងឱ្យបានច្បាស់លាស់ ការកសាងទំនុកចិត្ត និងការដោះស្រាយការខ្វែងគំនិតដោយស្ថាបនា។
លោកវេជ្ជបណ្ឌិត គួង ឡូ ក៏បានជំរុញឱ្យមន្ត្រីសុខាភិបាលបន្តសិក្សារៀនសូត្រជាប្រចាំ រៀនពីកំហុស និងពិនិត្យឡើងវិញនូវការងារដែលបានអនុវត្ត ដើម្បីកែលម្អគុណភាពការងារឱ្យកាន់តែប្រសើរឡើង។ ចំពោះអ្នកដឹកនាំ លោកបានណែនាំថា ត្រូវមានភាពជាម្ចាស់ការងារ មានភាពបុរេសកម្ម និងមាននវានុវត្តន៍ ដើម្បីជំរុញការអភិវឌ្ឍអង្គភាពឱ្យរីកចម្រើន។
លោកបានគូសបញ្ជាក់ជាថ្មីថា ការងារជាក្រុមនៅក្នុងមន្ទីរពេទ្យមួយ មិនមែនមានតែវេជ្ជបណ្ឌិត ឆ្មប និងគិលានុបដ្ឋាកនោះទេ គឺត្រូវមានការចូលរួមពីផ្នែករដ្ឋបាល គណនេយ្យ មន្ទីរពិសោធន៍ ផ្នែកឱសថ ផ្នែកគាំទ្រផ្សេងៗ និងអ្នកបោសសម្អាតផងដែរ ព្រោះគ្រប់ផ្នែកសុទ្ធតែជាកម្លាំងស្នូលក្នុងការផ្តល់សេវាសុខភាពប្រកបដោយគុណភាព និងប្រសិទ្ធភាពជូនប្រជាពលរដ្ឋ។ លោកប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ ក៏បានអំពាវនាវឱ្យមន្ត្រីគ្រប់រូបបន្តពង្រឹងសាមគ្គីភាព កិច្ចសហការ និងស្មារតីទទួលខុសត្រូវរួម ដើម្បីលើកកម្ពស់គុណភាពសេវាសុខាភិបាល និងបង្កើនទំនុកចិត្តរបស់ប្រជាពលរដ្ឋមកលើសេវាសុខាភិបាលសាធារណៈ៕












