ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញប្រកាសទទួលស្គាល់សមាសភាពគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំង
09-07-2026 16:10
(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ គណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំង បានរៀបចំពិធីប្រកាសទទួលស្គាល់សមាសភាពគណៈកម្មការរបស់ខ្លួន ប្រកបដោយភាពមហោឡារិក។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំខេត្ត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ស.ស.យ.ក. និងសមាជិក ស.ស.យ.ក.ខេត្តជាច្រើនរូប។
យោងតាមសេចក្តីសម្រេចរបស់គណៈអចិន្ត្រៃយ៍សហភាពសហព័ន្ធយុវជនកម្ពុជា លោក ហេង ពិទូ ត្រូវបានប្រកាសទទួលស្គាល់ជាប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំង រីឯលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការសាខាសហភាពសហព័ន្ធយុវជនកម្ពុជាប្រចាំខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសនោះ លោក ស៊ុន សុវណ្ណារិទ្ធិ បានធ្វើសេចក្តីប្តេជ្ញាចិត្តយ៉ាងមុតមាំថា ក្នុងនាមជាថ្នាក់ដឹកនាំ និងសមាជិក ស.ស.យ.ក.ខេត្តទាំងអស់ នឹងបន្តរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការងារសង្គម និងការអភិវឌ្ឍនានានៅមូលដ្ឋាន ដោយគិតគូរពីផលប្រយោជន៍ជាតិ និងប្រជាជនជាធំ។ ដើម្បីជាការចាប់ផ្តើម លោកបានសម្រេចបរិច្ចាគដីប្រមាណ ១ហិកតា សម្រាប់កសាងអគារទីស្នាក់ការ ស.ស.យ.ក.ខេត្ត និងជំរុញឲ្យក្រុងស្រុកទាំង ៨ ត្រៀមរៀបចំទីតាំងដើម្បីសាងសង់អគារទីស្នាក់ការតាមបណ្តាក្រុង-ស្រុកផងដែរ។
លោក ស៊ុន សុវណ្ណារិទ្ធិ ក៏បានលើកឡើងពីសមិទ្ធផលកន្លងមករបស់ ស.ស.យ.ក.ខេត្ត ដែលបានកសាងរចនាសម្ព័ន្ធពីថ្នាក់ខេត្ត រហូតដល់ថ្នាក់ភូមិ ព្រមទាំងបានបណ្តុះបណ្តាលយុវជន និងប្រជាពលរដ្ឋជាច្រើន ដើម្បីឆ្លើយតបទៅនឹងបច្ចេកវិទ្យាបដិវត្តន៍ឧស្សាហកម្ម ៤.០។ ស.ស.យ.ក.ខេត្ត ក៏មានសកម្មភាពការងារសង្គម និងមនុស្សធម៌ជាច្រើន រួមទាំងយុទ្ធនាការពលរដ្ឋល្អ ការលើកស្ទួយវិស័យវប្បធម៌ និងសកម្មភាពកីឡាផងដែរ។
មានប្រសាសន៍នៅក្នុងឱកាសនោះ លោក ហ៊ុន ម៉ានី បានរំឭកអំពីបុព្វហេតុ និងប្រវត្តិនៃការបង្កើតសហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងបានគូសបញ្ជាក់ពីអ្វីដែលសមាជិក សមាជិកាគ្រប់រូបត្រូវប្រកាន់ខ្ជាប់ ក្នុងការចូលរួមជួយសង្គម ការចងចាំនូវប្រវត្តិសាស្ត្រដែលជាមេរៀនមិនអាចខ្វះបាន ជាពិសេសតម្លៃនៃសុខសន្តិភាព។
លោកបានសង្កត់ធ្ងន់ថា សកម្មភាពចម្បងក្នុងនាមយុវជនកម្ពុជា គឺត្រូវឈឺឆ្អាល និងរួមគ្នាការពារប្រជាជាតិ និងប្រជាជន។ លោកក៏បានសម្តែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងសមាជិក ស.ស.យ.ក.ទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ប្តេជ្ញាបន្តចូលរួមយ៉ាងសកម្មជាមួយក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជានាពេលកន្លងមក និងមកទល់បច្ចុប្បន្ន។ ពិធីនេះបានបង្ហាញពីការប្តេជ្ញាចិត្តដ៏រឹងមាំរបស់យុវជនក្នុងការរួមចំណែកអភិវឌ្ឍសង្គមជាតិ៕






























