ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំបុសខ្នុរ ស្រុកចំការលើ ជួបសំណេះសំណាល និងលើកទឹកចិត្តបេក្ខជនប្រឡងសញ្ញាបត្រទុតិយភូមិ ចំនួន២០៥នាក់ នៅវិទ្យាល័យតេជោ ធិបតី បុសខ្នុរ
09-07-2026 16:26
(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦នេះ លោកបណ្ឌិត ងួន វិទូ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកចំការលើ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានឃុំបុសខ្នុរ តំណាងលោក ឌួង ឧត្តម អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកចំការលើ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំបុសខ្នុរ បានអញ្ជើញជាអធិបតី ក្នុងពិធីជួបសំណេះសំណាល សាកសួរសុខទុក្ខ និងលើកទឹកចិត្តដល់បេក្ខជនប្រឡងសញ្ញាបត្រទុតិយភូមិ (ថ្នាក់ទី១២) នៅវិទ្យាល័យតេជោ ធិបតី បុសខ្នុរ ស្ថិតនៅឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។
ពិធីនេះ មានការចូលរួមពីគណៈគ្រប់គ្រងសាលា លោកគ្រូ-អ្នកគ្រូ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ភ្ញៀវកិត្តិយស សមាជិក-សមាជិកាក្រុមការងារ យុវជនឃុំបុសខ្នុរ សិស្សានុសិស្ស (កាកបាទក្រហម និងកាយរឹទ្ធិ) និងបេក្ខជនត្រៀមប្រឡងបាក់ឌុបថ្នាក់ទី១២ ចំនួន២០៥នាក់ (ស្រី១១៧នាក់) សរុបវត្តមានចំនួន២៦៦នាក់ (ស្រី១៤៧នាក់)។
បន្ទាប់ពីបានស្តាប់របាយការណ៍របស់លោក ផាន់ វាសនា នាយកវិទ្យាល័យ តេជោ ធិបតី បុសខ្នុរ ស្ដីពីលទ្ធផលការងារ ស្ថានភាពទូទៅនិងវឌ្ឍនភាពរបស់វិទ្យាល័យ រួចមក លោកបណ្ឌិត ងួន វិទូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងការកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះ លោកនាយក លោក-លោកស្រី គណៈគ្រប់គ្រង និងលោកគ្រូ-អ្នកគ្រូទាំងអស់ នៃវិទ្យាល័យ តេជោ ធិបតី បុសខ្នុរ ដែលបានខិតខំប្រឹងប្រែង លះបង់ទាំងកម្លាំងកាយចិត្ត ក្នុងការផ្ទេរចំណេះដឹង ដុសខាត់សមត្ថភាព និងអប់រំទូន្មានក្មួយៗ សិស្សានុសិស្សរហូតមកដល់ថ្ងៃនេះ។
ជាមួយគ្នានេះ លោកបណ្ឌិត ងួន វិទូ បាននាំនូវប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខប្រកបដោយមនោសញ្ចេតនា ព្រមទាំងពរជ័យសព្ទសាធុការពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ ឆ្លៀតក្នុងឱកាសនោះ លោកបណ្ឌិត ងួន វិទូ បានជម្រាបជូនពីគុណបំណាច់ និងសមិទ្ធផលដ៏ធំធេងរបស់រាជរដ្ឋាភិបាលដែលបាននាំមកនូវសុខសន្ដិភាព ស្ថិរភាពនយោបាយ សាមគ្គីភាពរឹងមាំ និងបន្ដធ្វើឱ្យមានកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ ព្រមទាំងការកសាងនូវសមិទ្ធផលថ្មីៗ ជាច្រើនបន្ថែមទៀតលើគ្រប់វិស័យដែលជាប្រវត្តិសាស្ត្រថ្មីមិនធ្លាប់មានពីមុនមកនៅកម្ពុជា។
ជាមួយគ្នានេះ លោកបណ្ឌិត ងួន វិទូ បានចែករំលែកនូវគតិធម៌ និងពុទ្ធភាសិត «អត្តា ហិ អត្តនោ នាថោ» (ខ្លួនពិតជាទីពឹងរបស់ខ្លួន) ដើម្បីជាពន្លឺបំភ្លឺផ្លូវ និងជាស្មារតីជូនដល់ក្មួយៗ បេក្ខជនទាំងអស់ ក្នុងសម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ខាងមុខ។ ស្របពេលដែលការប្រឡងសញ្ញាបត្រទុតិយភូមិ (ថ្នាក់ទី១២) ឆ្នាំសិក្សា ២០២៥-២០២៦ ដំណើរការនៃការប្រឡងនឹងប្រព្រឹត្តទៅ ដោយគោរពតាមគោលការណ៍ទាំង៤ នៃការប្រឡងគឺគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ពោលគឺ «អ្នកចេះគឺជាប់»។ សរុបមក «អត្តា ហិ អត្តនោ នាថោ» គឺជានិមិត្តរូប នៃភាពឯករាជ្យម្ចាស់ការ និងជាពន្លឺបំភ្លឺផ្លូវឱ្យមនុស្សដើរដោយជើងផ្ទាល់ខ្លួន គិតដោយខួរក្បាលផ្ទាល់ខ្លួន និងទទួលផលដោយសកម្មភាពផ្ទាល់ខ្លួន ប្រកបដោយកិត្តិយស និងសេចក្តីថ្លៃថ្នូរ។
មុននឹងបញ្ចប់ លោកបណ្ឌិត ងួន វិទូ បានអំពាវនាវដល់ក្មួយៗបេក្ខជនទាំងអស់ ឱ្យយកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានល្អ ដើម្បីធានាបាននូវកម្លាំងកាយមាំមួន និងស្មារតីភ្លឺស្វាងនៅថ្ងៃប្រឡង។ ពិធីសំណេះសំណាលនេះ បានបញ្ចប់ទៅដោយជោគជ័យ ព្រមទាំងបានផ្តល់នូវការលើកទឹកចិត្ត និងទំនុកចិត្តយ៉ាងខ្លាំងក្លាដល់បេក្ខជនទាំង២០៥នាក់ ក្នុងការត្រៀមខ្លួនដណ្តើមយកនិទ្ទេសល្អៗជូនគ្រួសារ និងសង្គមជាតិ៕
























