កាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បិទវគ្គបណ្តុះបណ្តាលស្តីពីហានិភ័យគ្រាប់មីន និងប្រតិបត្តិការមនុស្សធម៌ប្រកបដោយសុវត្ថិភាព

09-07-2026 16:44

(បាត់ដំបង)៖ វគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់ស្តីពី «ការអប់រំអំពីហានិភ័យនៃគ្រាប់មីន សំណល់ជាតិផ្ទុះពីសង្គ្រាម និងប្រតិបត្តិការមនុស្សធម៌ប្រកបដោយសុវត្ថិភាព» ដែលបានប្រព្រឹត្តទៅអស់រយៈពេល ៤ថ្ងៃកន្លងមកនេះ ត្រូវបានបិទបញ្ចប់ជាស្ថាពរហើយនៅថ្ងៃទី ៩ ខែកក្កដា ឆ្នាំ២០២៦ នេះ។ ពិធីបិទវគ្គនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ផេង សិទ្ធី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង តំណាងលោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា រួមជាមួយលោក ប៊ីស្នុ ម៉ាហាត (Bishnu Mahat) អ្នកជំនាញផ្នែកអាវុធយុទ្ធភណ្ឌនៃគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC)។

លោក មុំ ភិរក្ស បានគូសបញ្ជាក់ថា ក្នុងរយៈពេលបួនថ្ងៃកន្លងមកនេះ សិក្ខាកាមទាំងអស់បានខិតខំប្រឹងប្រែងក្រេបជញ្ជក់ចំណេះដឹងយ៉ាងយកចិត្តទុកដាក់បំផុត។ វគ្គបណ្តុះបណ្តាលនេះបានផ្តោតសំខាន់ទៅលើការយល់ដឹងពីប្រភេទមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមផ្សេងៗ ការកំណត់ចំណាំសញ្ញាសម្គាល់តំបន់មានគ្រោះថ្នាក់ និងរបៀបរាយការណ៍ព័ត៌មានទាន់ហេតុការណ៍ វិធីសាស្ត្រក្នុងការផ្សព្វផ្សាយ និងអប់រំដាស់តឿនបន្តដល់ប្រជាពលរដ្ឋក្នុងសហគមន៍ ព្រមទាំងការអនុវត្តប្រតិបត្តិការមនុស្សធម៌ដោយផ្ទាល់នៅលើទីលានប្រកបដោយសុវត្ថិភាព និងទំនួលខុសត្រូវខ្ពស់។ ជាលទ្ធផល សិក្ខាកាមទាំងអស់ត្រូវបានវាយតម្លៃថា បានយល់ដឹងស៊ីជម្រៅ និងទទួលបានលទ្ធផលគាប់ប្រសើរ ដែលជាទុនដ៏មានតម្លៃក្នុងការយកទៅអនុវត្តការងារជាក់ស្តែង។

មានប្រសាសន៍សំណេះសំណាល និងបិទវគ្គបណ្តុះបណ្តាល លោក ផេង សិទ្ធី បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់លោក សុខ លូ ប្រធានគណៈកម្មាធិការសាខាខេត្ត និងបានសម្តែងនូវការកោតសរសើរយ៉ាងខ្លាំងចំពោះគណៈគ្រប់គ្រងវគ្គ គ្រូឧទ្ទេស និងសិក្ខាកាមទាំងអស់ដែលបានលះបង់ពេលវេលា និងកម្លាំងកាយចិត្តធ្វើឱ្យវគ្គបណ្តុះបណ្តាលនេះទទួលបានជោគជ័យ។ លោកបានបញ្ជាក់បន្ថែមថា ទោះបីជាវគ្គបណ្តុះបណ្តាល និងការអនុវត្តជាក់ស្តែងត្រូវបានបញ្ចប់នៅថ្ងៃនេះក៏ដោយ ក៏បេសកកម្មមនុស្សធម៌របស់មន្ត្រី និងអ្នកស្ម័គ្រចិត្តមិនទាន់បញ្ចប់ឡើយ។ លោកសង្ឃឹមយ៉ាងមុតមាំថា ចំណេះដឹង បទពិសោធន៍ និងបច្ចេកទេសដែលទទួលបានពីវគ្គនេះ នឹងត្រូវយកទៅបន្តពង្រីក និងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយថែមទៀតនៅក្នុងមូលដ្ឋានរៀងៗខ្លួន ដើម្បីរួមចំណែកឈានទៅសម្រេចបាននូវគោលដៅ «កម្ពុជាគ្មានគ្រាប់មីន» និងធានាបាននូវសុវត្ថិភាពជូនប្រជាពលរដ្ឋយើង។

ពិធីបិទវគ្គបណ្តុះបណ្តាលបានបញ្ចប់ទៅក្រោមបរិយាកាសស្និទ្ធស្នាល និងរីករាយ ព្រមទាំងមានការប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនដល់សិក្ខាកាមគ្រប់រូប ដើម្បីជាការទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែង និងត្រៀមលក្ខណៈជាស្រេចក្នុងការចុះជួយសង្គមជាតិ៕