ក្រៅពីទូកុងតឺន័រ និងបន្លាលួស យោធាថៃ បានបាចដែកគោល បាចម្សៅ និងបាញ់ផ្សែងនៅតំបន់ថ្មដា បង្កការព្រួយបារម្ភដល់ពលរដ្ឋ

10-07-2026 08:06

(ពោធិ៍សាត់)៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ សកម្មភាពរបស់យោធាថៃ នៅតំបន់ថ្មដា ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ បាននិងកំពុងបង្កការព្រួយបារម្ភយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋខ្មែរដែលរស់នៅ និងធ្វើដំណើរឆ្លងកាត់តំបន់ព្រំដែន។

បើតាមលោកស្រី យុង រ៉េម ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិសង្គមថនមី ឃុំថ្មដា ស្រុកវាលវែង ជាទីដែលយោធាថៃ បានដាក់ទូកុងតឺន័រ រាយបន្លាលួស និងលើកទង់ជាតិរបស់ខ្លួននៅលើទឹកដីកម្ពុជា ដោយខុសច្បាប់បានរៀបរាប់ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦នេះថា ទាហានថៃបានបាចម្សៅ បាញ់ផ្សែង និងបញ្ចេញផ្សែងចេញពីកុងតឺន័រដែលខ្លួនកំពុងឈរជើងលើទឹកដីកម្ពុជា នៅច្រមុះជ្រូកក្នុងតំបន់ថ្មដា។

លោកស្រីបានបញ្ជាក់ថា សកម្មភាពទាំងនេះរួមមានការបាចម្សៅ បាចដែកគោល និងបាញ់ផ្សែង ដែលបង្កឱ្យមានការភ័យខ្លាច និងព្រួយបារម្ភយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋខ្មែរ។

ឧប្បត្តិហេតុទាំងនេះបានកើតឡើងជាបន្តបន្ទាប់ ដែលបង្ហាញពីការរំលោភបំពាន និងការមិនគោរពដល់សិទ្ធិរស់រានមានជីវិតរបស់ប្រជាពលរដ្ឋខ្មែរនៅតាមតំបន់ព្រំដែន។ ការបាចម្សៅ និងដែកគោល អាចបង្កគ្រោះថ្នាក់ដល់សុខភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ រីឯការបាញ់ផ្សែងក៏ជាទង្វើមួយដែលបង្កឱ្យមានភាពរំខាន និងភាពតានតឹងនៅតាមព្រំដែនផងដែរ។ សកម្មភាពទាំងនេះត្រូវបានចាត់ទុកថាជាទង្វើដែលខុសពីគោលការណ៍មនុស្សធម៌ និងច្បាប់អន្តរជាតិ ដែលតម្រូវឱ្យមានការគោរពអធិបតេយ្យភាព និងសន្តិសុខរបស់ប្រទេសជិតខាង។

រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះសកម្មភាពទាំងនេះ ហើយបានអំពាវនាវដល់ភាគីថៃឱ្យបញ្ឈប់រាល់ទង្វើដែលបង្កឱ្យមានភាពតានតឹង និងប៉ះពាល់ដល់ទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។ ការរក្សាសន្តិភាព ស្ថិរភាព និងការគោរពគ្នាទៅវិញទៅមកនៅតាមបណ្តោយព្រំដែន គឺជាកត្តាចាំបាច់សម្រាប់ការអភិវឌ្ឍ និងវិបុលភាពរួមរបស់ប្រជាជាតិទាំងពីរ។

សកម្មភាពគំរាមកំហែងទាំងនេះ មិនត្រឹមតែប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែក៏អាចបង្កឱ្យមានភាពតានតឹងផ្នែកការទូតរវាងប្រទេសទាំងពីរផងដែរ។ ដូច្នេះ ការដោះស្រាយបញ្ហាដោយសន្តិវិធី និងការគោរពច្បាប់អន្តរជាតិ គឺជាគន្លឹះដ៏សំខាន់ក្នុងការរក្សាសន្តិភាព និងកិច្ចសហប្រតិបត្តិការល្អនៅតាមព្រំដែន៕