* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* យោធាថៃ បាញ់គ្រាប់កាំភ្លើងធំចំនួន ១.៥៩៩គ្រាប់ មកលើប្រាសាទព្រះវិហារ, យោធាថៃ មានគោលបំណងច្បាស់លាស់ គឺកម្ទេចប្រាសាទព្រះវិហារ
* គោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដែលបង្កប់លើក្រដាសប្រាក់ ២០០០រៀល រងការខូចខាតធ្ងន់ធ្ងរពីការបាញ់ប្រហាររបស់យោធាថៃ
* លោក មីន អោង ឡាំង ចាត់ទុកកម្ពុជា ជាមិត្តល្អ មិត្តជិតស្និទ្ធ ជាមិត្តតែងគាំទ្រមីយ៉ាន់ម៉ា
* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* អាកាសយានដ្ឋានអន្តរជាតិ Mandalay របស់មីយ៉ាន់ម៉ា ត្រូវបានបិទដំណើរការ ក្រោយរងការវាយប្រហារដោយដ្រូន
* រយៈពេល៣៣ឆ្នាំ CMAC បានបោសសម្អាត និងដុតកម្ទេចសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់
* គ្រោះរញ្ជួយដី ៦.២រ៉ិចទ័រ វាយប្រហារនៅឥណ្ឌូណេស៉ី ប៉ុន្តែមិនបង្កឱ្យមានរលកយក្សស៊ូណាមិឡើយ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អ.វ.ត.ក. និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ​​រួមគ្នាពង្រឹងការអប់រំផ្នែកច្បាប់ និងការស្រាវជ្រាវ

10-07-2026 10:34

(ភ្នំពេញ)៖ នារសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦នេះនៅមជ្ឈមណ្ឌលធនធាន អ.វ.ត.ក. អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) បានចុះអនុស្សរណៈយោគយល់ (MoU) ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើការអប់រំផ្នែកច្បាប់ ការសិក្សាស្រាវជ្រាវ និងការអភិវឌ្ឍធនធានមនុស្ស ស្របតាមបេសកកម្មរួមក្នុងការលើកកម្ពស់យុត្តិធម៌ នីតិរដ្ឋ និងការអភិវឌ្ឍវិស័យច្បាប់នៅកម្ពុជា។

ថ្លែងនៅក្នុងពិធីនេះ លោក ក្រាញ់ តូនី រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ដ្រី និងជាប្រធានរដ្ឋបាលស្ដីទី នៃ អ.វ.ត.ក. បានមានប្រសាសន៍ថា ការចុះអនុស្សរណៈយោគយល់ជាមួយសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នាពេលនេះ គឺជាការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នយុត្តិធម៌ និងគ្រឹះស្ថានឧត្តមសិក្សា ដើម្បីផ្ទេរចំណេះដឹង បទពិសោធ និងមរតកផ្នែកច្បាប់ដែល អ.វ.ត.ក. បានកសាងក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកទៅកាន់យុវជនជំនាន់ក្រោយ។

ក្នុងនាម អ.វ.ត.ក. លោក ជឿជាក់ថា ការប្រើប្រាស់ធនធានឯកសារ និងបទពិសោធរបស់ អ.វ.ត.ក. នឹងជួយពង្រឹងសមត្ថភាពសិស្សនិស្សិតក្នុងការសិក្សា ការស្រាវជ្រាវ និងការអនុវត្តវិជ្ជាជីវៈ ព្រមទាំងរួមចំណែកលើកកម្ពស់នីតិរដ្ឋ ការទទួលខុសត្រូវ និងការលុបបំបាត់វប្បធម៌និទ្ទភាពនៅកម្ពុជា។

ជាមួយគ្នានេះ​ លោកសាស្ត្រាចារ្យបណ្ឌិត លុយ ចណ្ណា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចបានបញ្ជាក់ថា សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច មានកិត្តិយសដែលបានសហការជាមួយ អ.វ.ត.ក. ក្នុងការលើកកម្ពស់គុណភាពអប់រំផ្នែកច្បាប់ ការចែករំលែកបទពិសោធ និងការស្រាវជ្រាវ។ អនុស្សរណៈយោគយល់នេះនឹងបង្កើតឱកាសឱ្យនិស្សិត បានសិក្សាពីបទពិសោធជាក់ស្តែងនៃយុត្តិធម៌អន្តរកាល និងច្បាប់ព្រហ្មទណ្ឌអន្តរជាតិ ព្រមទាំងចូលប្រើប្រាស់ធនធានដ៏មានតម្លៃរបស់ អ.វ.ត.ក.។ កិច្ចសហការនេះនឹងរួមចំណែកបណ្តុះបណ្តាលអ្នកច្បាប់ជំនាន់ថ្មីដែលមានសមត្ថភាព វិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះសង្គម។

តាមរយៈអនុស្សរណៈយោគយល់នេះ ភាគីទាំងពីរនឹងសហការលើវិស័យសំខាន់ៗជាច្រើន រួមមាន៖ ការចែករំលែកចំណេះដឹង និងបទពិសោធន៍របស់ អ.វ.ត.ក. ដល់សិស្សនិស្សិត ដើម្បីពង្រឹងសមត្ថភាពផ្នែកច្បាប់ និងការអនុវត្តជាក់ស្តែង។ ព្រមទាំងការជំរុញការសិក្សាស្រាវជ្រាវដោយប្រើប្រាស់ឯកសារនៅបណ្ណសារ និងមជ្ឈមណ្ឌលធនធានរបស់ អ.វ.ត.ក. ដែលជាធនធានដ៏មានតម្លៃសម្រាប់ការអប់រំផ្នែកច្បាប់ ការអនុវត្តវិជ្ជាជីវៈ និងការសិក្សាប្រវត្តិសាស្ត្រ។

សូមបញ្ជាក់ថា អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជានៅក្នុងបេសកកម្មបន្តអនុវត្តមុខងារសេសសល់របស់ខ្លួនបានផ្តោតទៅលើការថែរក្សាទុកនូវសមិទ្ធផល កេរដំណែលនិងការចងចាំ ដោយមានគោលដៅចម្បងទៅលើការអប់រំផ្សព្វផ្សាយ បញ្រ្ជៀបការយល់ដឹងដល់យុវជន យុវនារីជំនាន់ក្រោយ ជំរុញការចងចាំដើម្បីធានាថារបបដ៏សាហាវយង់ឃ្នងនេះមិនវិលត្រឡប់មកជាថ្មីម្តងទៀត។ ឈរលើស្មារតីនេះ អ.វ.ត.ក. បាននិងកំពុងពង្រីកបណ្តាញភាពជាដៃគូជាមួយគ្រឹះស្ថានឧត្តមសិក្សា អង្គការ និងស្ថាប័នដៃគូទាំងក្នុង និងក្រៅប្រទេស ដើម្បីលើកកម្ពស់ការអប់រំ ការសិក្សាស្រាវជ្រាវ ការអភិវឌ្ឍវិជ្ជាជីវៈ និងការបន្តផ្សព្វផ្សាយមរតកផ្នែកច្បាប់ និងយុត្តិធម៌។ រហូតមកដល់បច្ចុប្បន្ន អ.វ.ត.ក. បានចុះអនុស្សរណៈយោគយល់ជាមួយគ្រឹះស្ថានឧត្តមសិក្សា អង្គការ និងស្ថាប័នដៃគូសរុបចំនួន ១៨ ស្ថាប័នរួចហើយ៕