លោក Kevin Smith ជនជាតិអង់គ្លេស សម្ដែងការឈឺចាប់ និងបង្ហាញការស្អប់ខ្ពើមសកម្មភាពរបស់យោធាថៃ ដែលបំពានកាន់កាប់ទឹកដីកម្ពុជា នៅតំបន់ថ្មដា, សកម្មភាពនេះបំពានដល់កុមារ និងជនស៉ីវិល (Video inside)
10-07-2026 14:40
(ពោធិ៍សាត់)៖ លោក Kevin Smith ដែលជាអ្នកប្រើប្រាស់បណ្ដាញសង្គមល្បីឈ្មោះមួយរូប បានសម្ដែងនូវការឈឺចាប់ និងបង្ហាញការស្អប់ខ្ពើមចំពោះសកម្មភាពរបស់យោធាថៃ ដែលបន្ដបំពានកាន់កាប់ទឹកដីកម្ពុជា នៅតំបន់ថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ខុសពីអ្វីដែលជាខ្លឹមសារកំណត់ក្នុងកិច្ចព្រមព្រៀងសន្ដិភាពកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥កន្លងទៅ។
ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាននៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ជនជាតិអង់គ្លេសដែលតែងតាមដានយកព័ត៌មាននៅតំបន់សមរភូមិជាប់ជាប្រចាំ បានឲ្យដឹងថា អ្វីដែលគួរឲ្យភ្ញាក់ផ្អើល និងមិនអាចទទួលយកបាននោះ គឺលោកឃើញកុមារកំពុងដើរលេងនៅជិតផ្ទះរបស់ពួកគេ ខណៈនៅពីក្រោយយើងនេះ មានទាហានថៃកាន់អាវុធ តម្រង់ទៅរកកុមារ និងជនស៊ីវិល ដែលនេះជារឿងធ្វើឲ្យឈឺចាប់ និងគួរឲ្យស្អប់ខ្ពើមយ៉ាងខ្លាំង។
បើតាមលោក Kevin Smith ដែលជាអ្នកសរសរអក្សរនៅលើទូកុងតឺន័ររបស់ទាហានថៃដាក់ចូលដីខ្មែរថា «ចោរ-THIEVES», អាស៊ានគួរតែចូលរួមឱ្យសកម្មជាងនេះ ខណៈក្រុមអ្នកសង្កេតការណ៍អាស៊ាន នៅខាងភាគីកម្ពុជា កំពុងបំពេញតួនាទីរបស់ខ្លួនបានល្អ។ ប៉ុន្តែវាហាក់ដូចជាក្រុមអ្នកសង្កេតការណ៍អាស៊ាននៅខាងភាគីថៃ ចាប់អារម្មណ៍លើសកម្មភាពបែបសម្ដែង និងការដាំដើមឈើនៅជុំវិញប្រាសាទរបស់កម្ពុជា ដែលមិនមែនជាកាតព្វកិច្ច ឬតួនាទីរបស់ពួកគេឡើយ។
ខាងក្រោមនេះ ជាការរៀបរាប់របស់លោក Kevin Smith៖
«ខ្ញុំមានអារម្មណ៍ថា វាពិតជាគួរឱ្យស្អប់ខ្ពើមណាស់។ ខ្ញុំពិតជាស្អប់ខ្ពើមដែលមកដល់ពេលនេះ គឺខែកក្កដាហើយ ខណៈកិច្ចព្រមព្រៀងសន្តិភាពត្រូវបានចុះហត្ថលេខាតាំងពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំមុន ប៉ុន្តែរយៈពេលជិត៧ខែកន្លងមកនេះ ភាគីថៃនៅតែបន្តកាន់កាប់ទឹកដីកម្ពុជា ហើយមិនអើពើទាល់តែសោះចំពោះខ្លឹមសារនៃកិច្ចព្រមព្រៀងនោះ ជាពិសេសចំណុចទី៣ និងទី៤ ដែលចែងយ៉ាងច្បាស់ថា ប្រជាពលរដ្ឋស៊ីវិលអាចវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញបាន។
អ្វីដែលគួរឱ្យភ្ញាក់ផ្អើល និងមិនអាចទទួលយកបាននោះ គឺខ្ញុំឃើញកុមារកំពុងដើរលេងនៅជិតផ្ទះរបស់ពួកគេ ខណៈនៅពីក្រោយយើងនេះ មានទាហានថៃកាន់អាវុធ តម្រង់ទៅរកកុមារ និងជនស៊ីវិល។ វាជារឿងដែលធ្វើឱ្យឈឺចាប់ និងគួរឱ្យស្អប់ខ្ពើមយ៉ាងខ្លាំង។
អាស៊ានគួរតែចូលរួមឱ្យសកម្មជាងនេះ និងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះអ្វីដែលកំពុងកើតឡើង។ ក្រុមអ្នកសង្កេតការណ៍អាស៊ាននៅខាងភាគីកម្ពុជា កំពុងបំពេញតួនាទីរបស់ខ្លួនបានល្អ។ ប៉ុន្តែវាហាក់ដូចជាក្រុមអ្នកសង្កេតការណ៍អាស៊ាននៅខាងភាគីថៃ ចាប់អារម្មណ៍លើសកម្មភាពបែបសម្ដែង និងការដាំដើមឈើនៅជុំវិញប្រាសាទរបស់កម្ពុជា ដែលមិនមែនជាកាតព្វកិច្ច ឬតួនាទីរបស់ពួកគេឡើយ។ អង្គការសហប្រជាជាតិគួរតែចេញមុខនិយាយឱ្យច្បាស់។
រហូតមកដល់ពេលនេះ យើងនៅមិនទាន់ឮសេចក្តីថ្លែងការណ៍ណាមួយដែលមានខ្លឹមសារជាក់ស្តែងពីអង្គការសហប្រជាជាតិ ស្តីពីការកាន់កាប់ទឹកដីដោយបំពានយ៉ាងច្បាស់បែបនេះទេ។ អ្វីដែលកំពុងកើតឡើងនៅពីក្រោយយើង គឺជាការរំលោភលើបូរណភាពទឹកដីយ៉ាងច្បាស់លាស់។ ទីតាំងដែលយើងកំពុងឈរនេះ ស្ថិតនៅជម្រៅប្រមាណ១គីឡូម៉ែត្រក្នុងទឹកដីកម្ពុជា ហើយជាតំបន់ដែលមិនមានវិវាទឡើយ។
តំបន់ថ្មដា មិនធ្លាប់ជាតំបន់មានវិវាទនោះទេ។ តំបន់នេះតែងតែជាទឹកដីរបស់កម្ពុជា អស់រយៈពេលជាងមួយពាន់ឆ្នាំមកហើយ ប៉ុន្តែពេលនេះកំពុងមានការរំលោភចូលយ៉ាងច្បាស់។ ដូច្នេះ ប្រសិនបើយើងអនុញ្ញាតឱ្យថៃបន្តកាន់កាប់ទឹកដីរបស់អ្នកដទៃបែបនេះ តើប្រទេសណានឹងក្លាយជាគោលដៅបន្ទាប់? តើយើងនឹងអនុញ្ញាតឱ្យប្រទេសណាមួយបន្តដណ្តើមយកទឹកដីរបស់ប្រទេសផ្សេងទៀតឬ? តើច្បាប់អន្តរជាតិនៅទីណា?
បើខ្ញុំខ្លាច ខ្ញុំមិនត្រឡប់មកទីនេះម្តងហើយម្តងទៀតទេ។ លើកដំបូងដែលខ្ញុំមកតំបន់ព្រំដែន គឺនៅថ្មដានេះ មុនពេលគេដាក់កុងតឺន័រទាំងនោះផង។ នៅពេលនោះ ពួកគេបានបញ្ជូនដ្រូនបំពាក់គ្រាប់បែកមកលើខ្ញុំ និងក្រុមការងាររបស់ខ្ញុំ។ នោះគឺជាបទពិសោធន៍ដំបូងរបស់ខ្ញុំជាមួយរឿងនេះ។
ចាប់តាំងពីពេលនោះមក ខ្ញុំមិនដែលត្រូវបានបំភិតបំភ័យឡើយ។ អ្វីដែលគួរតែជាការភ័យខ្លាច ប្រហែលជាបានប្រែក្លាយទៅជាអារម្មណ៍រំភើប និងកម្លាំងចិត្ត។ សកម្មភាពដែលពួកគេបានធ្វើ គឺនៅតែបន្ត។ ឧទាហរណ៍ ថ្ងៃនេះ ប្រហែល៣៥នាទីមុន ខ្ញុំទើបតែចុះពី រថយន្ត ហើយទាហាននៅពីក្រោយយើងបានស្រែកហៅឈ្មោះខ្ញុំថា «Kevin Smith! Kevin Smith!» បន្ទាប់មក ពួកគេបានជេរខ្ញុំជាភាសាថៃ និងបង្កការរំខានផ្សេងៗ។ ខ្ញុំគ្រាន់តែទៅទិញទឹកមួយដបប៉ុណ្ណោះ។
អ្វីទាំងនេះបង្ហាញយ៉ាងច្បាស់ថា ពួកគេខ្លាចការពិតត្រូវបានបង្ហាញទៅកាន់សហគមន៍អន្តរជាតិ។ មុននេះបន្តិច យើងឃើញអ្នកសារព័ត៌មានខ្មែរជាច្រើនឆ្លងកាត់នៅមុខពួកគេ ប៉ុន្តែពួកគេមិននិយាយអ្វីសោះ។ ប៉ុន្តែពេលដែលអ្នកសារព័ត៌មាន ឬអ្នកបង្កើតមាតិកាអន្តរជាតិដូចជាខ្ញុំទៅដល់ភ្លាម ពួកគេមានប្រតិកម្មភ្លាមៗ បង្ហាញភាពអវិជ្ជមាន និងអាកប្បកិរិយាឈ្លានពានភ្លាមៗ។ ពួកគេថែមទាំងបាញ់គ្រាប់កាំភ្លើងព្រមានមកខ្ញុំទៀតផង។
សារព័ត៌មាន និងបណ្តាញសង្គមរបស់ថៃ តែងអះអាងថា ខ្ញុំជាអ្នកបង្កហេតុ។ ប៉ុន្តែខ្ញុំមិនបានធ្វើសកម្មភាពបង្កហេតុណាមួយឡើយ។ ខ្ញុំគ្រាន់តែនិយាយការពិតប៉ុណ្ណោះ។ ប្រហែលខ្ញុំបានបាញ់ថ្នាំលើកុងតឺន័រដែលគេយកមកបាំងនៅពីក្រោយខ្ញុំ ប៉ុន្តែនោះមិនមែនជាការបង្កហេតុទេ។ វាជាសកម្មភាពតស៊ូមតិ។
ផ្ទុយទៅវិញ ពួកគេបានបញ្ជូនអ្នកផ្សព្វផ្សាយតាមបណ្តាញសង្គមរបស់ខ្លួន ដូចជា Guntouch Jompalang មកបង្កការគំរាមកំហែងដល់ប្រជាពលរដ្ឋកម្ពុជា ដោយគំរាមបាញ់លាមកមនុស្ស ពេញភូមិនៅព្រៃចាន់។ ពួកគេបានបើកសំឡេងរំខាន និងធ្វើឱ្យប្រជាពលរដ្ឋ កុមារ ទារក និងមនុស្សចាស់ មិនអាចដេកបានអស់រយៈពេល៥ថ្ងៃជាប់ៗគ្នា ចាប់ពីម៉ោង១២យប់ដល់ម៉ោង៧ព្រឹក។ ពួកគេថែមទាំងបើកវីដេអូអំពីរបបខ្មែរក្រហម និងអំពើប្រល័យពូជសាសន៍មករំខានប្រជាជនទៀតផង។
ទាំងនេះគឺជាសកម្មភាពអមនុស្សធម៌ គួរឱ្យស្អប់ខ្ពើម និងមិនអាចទទួលយកបាន។ ប៉ុន្តែពួកគេបែរជាអះអាងថា ខ្ញុំជាអ្នកបង្កហេតុទៅវិញ។ ខ្ញុំពិតជាមិនយល់ទេ។ ខ្ញុំគិតថា សហគមន៍អន្តរជាតិ កំពុងមើលឃើញការពិតទាំងនេះកាន់តែច្បាស់ឡើង»៕























