ACU នឹងរៀបចំកម្មវិធីប្រកួតប្រជែងជុំទី១ ក្រោមប្រធានបទ «រួមគ្នាប្រឆាំងអំពើពុករលួយ» ដើម្បីផ្តល់ឱកាសដល់យុវជនបង្ហាញទេពកោសល្យ
10-07-2026 14:56
(ភ្នំពេញ)៖ ដើម្បីលើកកម្ពស់ការយល់ដឹង និងជំរុញការចូលរួមរបស់យុវជនក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ព្រឹត្តិការណ៍ប្រកួតប្រជែងជុំទី១ ក្រោមប្រធានបទ «រួមគ្នាប្រឆាំងអំពើពុករលួយ» នឹងចាប់ផ្តើមទទួលពាក្យ និងស្នាដៃចាប់ពីថ្ងៃទី១៥ ខែកក្កដា ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦។
កម្មវិធីនេះផ្តល់ឱកាសដ៏ល្អសម្រាប់យុវជនដែលមានអាយុចន្លោះពី១០ ទៅ ២៥ឆ្នាំ ដើម្បីបង្ហាញពីគំនិតច្នៃប្រឌិត និងទេពកោសល្យរបស់ខ្លួនតាមរយៈទម្រង់សិល្បៈ និងការនិពន្ធផ្សេងៗ។
ការប្រកួតប្រជែងនេះរួមមាន៖ បួនប្រភេទសំខាន់ៗគឺ គំនូរ ផ្ទាំងរចនាឌីជីថល វីដេអូខ្លី និងអត្ថបទសាច់រឿងខ្លី។ បេក្ខជនទាំងអស់ត្រូវបានលើកទឹកចិត្តឱ្យបញ្ចេញសមត្ថភាពពេញលេញ ក្នុងការបង្កើតស្នាដៃដែលឆ្លុះបញ្ចាំង ពីសារៈសំខាន់នៃការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងការកសាងសង្គមមួយដែលស្អាតស្អំ។
គណៈកម្មការរៀបចំកម្មវិធីជឿជាក់ថា តាមរយៈស្នាដៃទាំងនេះ យុវជននឹងអាចរួមចំណែកផ្សព្វផ្សាយសារអប់រំដ៏មានតម្លៃដល់សាធារណជន។
សម្រាប់ជ័យលាភីនៃកម្មវិធីនេះ នឹងទទួលបានរង្វាន់លើកទឹកចិត្តជាទឹកប្រាក់គួរឱ្យកត់សម្គាល់។ ជ័យលាភីលេខ១ នឹងទទួលបានទឹកប្រាក់ចំនួន ៤,០០០,០០០រៀល ខណៈជ័យលាភីលេខ២ ទទួលបាន ២,៥០០,០០០រៀល និងជ័យលាភីលេខ៣ ទទួលបាន ១,៥០០,០០០រៀល។ លើសពីនេះ ជ័យលាភីក៏អាចនឹងមានឱកាសដ៏កម្រក្នុងការចូលរួមប្រកួតប្រជែងបន្តក្នុងកម្រិតអន្តរជាតិ ដែលជាបទពិសោធន៍ដ៏មានតម្លៃសម្រាប់អនាគតរបស់ពួកគេ។
កម្មវិធីប្រកួតប្រជែងនេះ មិនត្រឹមតែជាវេទិកាសម្រាប់បង្ហាញទេពកោសល្យប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការបណ្តុះស្មារតីស្នេហាជាតិ និងការទទួលខុសត្រូវសង្គមដល់យុវជនជំនាន់ក្រោយផងដែរ។ ការចូលរួមរបស់យុវជនគឺជាកម្លាំងចលករដ៏សំខាន់ក្នុងការកសាងអនាគតមួយដែលប្រាសចាកពីអំពើពុករលួយ និងពោរពេញដោយយុត្តិធម៌។ សម្រាប់ព័ត៌មានលម្អិត និងការបំពេញពាក្យស្នើសុំ បេក្ខជនអាចស្កេន QR Code ដែលបានភ្ជាប់មកជាមួយសេចក្តីជូនដំណឹងនេះ៕






