Fresh Exclusive: អ្នកជំនាញសន្តិសុខថៃ ព្រមានរដ្ឋាភិបាលខ្លួនឯង៖ កុំឱ្យជម្លោះព្រំដែនជាមួយកម្ពុជា វិលទៅដល់តុលាការយុត្តិធម៌អន្តរជាតិជាលើកទី៣ (Video inside)
10-07-2026 16:08
(ភ្នំពេញ)៖ សកម្មភាពរបស់ទាហានថៃ ដែលបានប្រើរបងលួសបន្លា, ការឈូសឆាយចូល ទន្ទ្រានក្នុងទឹកដីកម្ពុជា ដែលជាទឹកដីមានការទទួលស្គាល់តាមរយៈឯកសារនិងផែន ទីពិភពលោក បានធ្វើឱ្យអ្នកជំនាញព្រំដែននិងសន្តិសុខថៃ កាន់តែបារម្ភចំពោះហានិភ័យផ្លូវច្បាប់ដែល អាចប្រឈមចំពោះមុខអន្តរជាតិ។
Fresh Exclusive មានអត្ថបទអត្ថាធិប្បាយស៊ីជម្រៅមួយ ជុំវិញការព្រមានរបស់អ្នកជំនាញផ្នែកច្បាប់អន្តរជាតិ និងសន្តិសុខរបស់ថៃ ចំពោះសកម្មភាពទាហានថៃក្នុងអំពើវិវាទព្រំដែនកម្ពុជា-ថៃ៖
ជាងប្រាំមួយទសវត្សរ៍មកហើយ ចាប់តាំងពីតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ចេញសាលក្រមស្តីពីប្រាសាទព្រះវិហារ ក្នុងឆ្នាំ១៩៦២ និងប្រមាណជាងមួយទសវត្សរ៍ បន្ទាប់ពីការបកស្រាយសាលក្រមក្នុងឆ្នាំ២០១៣ មនុស្សជាច្រើនអាចគិតថា សំណុំរឿងនេះបានក្លាយជាទំព័រប្រវត្តិសាស្ត្រមួយ ដែលត្រូវបានបិទបញ្ចប់រួចទៅហើយ។
ប៉ុន្តែ សម្រាប់លោក Surachart Bamrungsuk អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ សាលក្រមទាំងនោះ មិនមែនជាអតីតកាលដែលត្រូវយកទៅរក្សាទុកក្នុងបណ្ណសារបណ្ណាល័យនោះទេ។ ផ្ទុយទៅវិញ លោកចាត់ទុកវា ជាមេរៀនរស់ ដែលនៅតែបន្តកំណត់ទិសដៅនៃការគ្រប់គ្រងវិវាទព្រំដែនរវាងថៃ និងកម្ពុជា រហូតមកដល់សព្វថ្ងៃ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀត គឺអ្នកជំនាញថៃរូបនេះមិនបានសរសេរអត្ថបទនេះ ដើម្បីការពារជំហររបស់កម្ពុជា ឬដើម្បីរិះគន់សាលក្រមរបស់តុលាការអន្តរជាតិនោះឡើយ។ ផ្ទុយទៅវិញ លោកបានផ្ញើសារនេះ ព្រមានដោយផ្ទាល់ទៅកាន់រដ្ឋាភិបាលថៃ និងសង្គមថៃថា ប្រទេសរបស់ខ្លួន មិនគួរបង្កើតលក្ខខណ្ឌណាមួយ ដែលអាចនាំឱ្យជម្លោះព្រំដែនជាមួយកម្ពុជា ត្រូវវិលត្រឡប់ទៅដល់តុលាការយុត្តិធម៌អន្តរជាតិជាលើកទី៣នោះឡើយ។
ការព្រមានបែបនេះ មានអត្ថន័យធ្ងន់ធ្ងរជាងការអត្ថាធិប្បាយនយោបាយធម្មតា។ ព្រោះវាមិនមែនចេញពីអ្នកវិភាគកម្ពុជា មន្ត្រីអង្គការអន្តរជាតិ ឬអ្នកជំនាញលោកខាងលិចទេ ប៉ុន្តែចេញពីអ្នកជំនាញសន្តិសុខថៃ ដែលបានសិក្សាបញ្ហាព្រំដែន និងច្បាប់អន្តរជាតិអស់ជាច្រើនទសវត្សរ៍។
នៅក្នុងអត្ថបទដែលមានចំណងជើងថា «រឿងចាស់ ដែលមិនចាស់៖ សាលក្រមដែលបានកំណត់ដោយសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ» ចុះផ្សាយនៅថ្ងៃទី៨ ខែកក្កដា លោក Surachart Bamrungsuk បានលើកយកសាលក្រមឆ្នាំ១៩៦២ និងឆ្នាំ២០១៣ មកធ្វើជាមូលដ្ឋានសម្រាប់អំពាវនាវឱ្យថៃប្រុងប្រយ័ត្នចំពោះការសម្រេចចិត្តរបស់ខ្លួនលើបញ្ហាព្រំដែន។ សម្រាប់លោក បញ្ហាសំខាន់មិនមែនថា ថៃគួរឈ្នះ ឬកម្ពុជាគួរឈ្នះនោះទេ ប៉ុន្តែគឺថា រដ្ឋាភិបាលថៃ មិនគួរបង្កើតស្ថានភាពដែលអាចជំរុញឱ្យវិវាទត្រូវវិលត្រឡប់ទៅកាន់តុលាការអន្តរជាតិម្តងទៀតនោះឡើយ។
ការវិភាគនេះ ក៏បានបង្ហាញពីការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់មួយ ក្នុងការជជែកដេញដោលនៅក្នុងសង្គមថៃផងដែរ។ ប្រសិនបើកន្លងមក ការពិភាក្សាបានផ្តោតសំខាន់លើសំណួរថា «ផែនទីណាត្រឹមត្រូវជាង?» ឬ «ភាគីណាមានអំណះអំណាងខ្លាំងជាង?» នោះ ប៉ុន្តែអត្ថបទថ្មីនេះ បានរំកិលការពិភាក្សាទៅកាន់សំណួរកាន់តែធំជាងមុន គឺថា៖ តើហេតុអ្វីច្បាប់អន្តរជាតិ តែងការ ពារស្ថិរភាពនៃព្រំដែនដែលបានកំណត់រួច? ហើយហេតុអ្វី បានជារដ្ឋមិនគួរព្យាយាមរុះរើព្រំដែនដែលមានមូលដ្ឋានលើសន្ធិសញ្ញា និងសាលក្រមដែលមានសុពលភាពរួចទៅហើយនោះ?
*ហេតុអ្វីអ្នកជំនាញថៃ ព្រមានកុំឱ្យមាន ICJ ជុំទី៣?
សារសំខាន់បំផុតនៅក្នុងអត្ថបទរបស់លោក Surachart Bamrungsuk មិនមែនស្ថិតនៅលើការបកស្រាយសាលក្រមឆ្នាំ១៩៦២ ឬឆ្នាំ២០១៣នោះទេ ប៉ុន្តែស្ថិតនៅលើការព្រមានថា ប្រទេសថៃ មិនគួរបង្កើតលក្ខខណ្ឌណាមួយ ដែលអាចជំរុញឱ្យជម្លោះព្រំដែនជាមួយកម្ពុជា ត្រូវវិលត្រឡប់ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិជាលើកទី៣ឡើយ។
ការព្រមាននេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ។ វាផ្អែកលើការពិនិត្យមើលប្រវត្តិសាស្ត្រនៃវិវាទរវាងប្រទេសទាំងពីរ ដែលបានឈានទៅដល់តុលាការយុត្តិធម៌អន្តរជាតិរួចមកហើយចំនួនពីរលើក។
លើកទីមួយ គឺសាលក្រមឆ្នាំ១៩៦២ ដែលតុលាការ បានសម្រេចលើសំណុំរឿងប្រាសាទព្រះវិហារ។ លើកទីពីរ គឺសាលក្រមបកស្រាយឆ្នាំ២០១៣ ដែលបានបញ្ជាក់អំពីអត្ថន័យ និងវិសាលភាពនៃសាលក្រមដើម។ សម្រាប់លោក Surachart លទ្ធផលទាំងពីរនេះ មិនមែនជារឿងដែលអាចមើលរំលងបានទេ ព្រោះថៃបានទទួលយកលទ្ធផលនៃសេចក្តីសម្រេចទាំងនោះរួចហើយ ហើយវាបានក្លាយជាផ្នែកមួយនៃប្រវត្តិសាស្ត្រច្បាប់រវាងប្រទេសទាំងពីរ។
ត្រង់ចំណុចនេះ លោកបានបញ្ចេញទស្សនៈដែលគួរឱ្យចាប់អារម្មណ៍មួយ គឺថា មេរៀនសំខាន់បំផុតពីសំណុំរឿងទាំងពីរ មិនមែនគ្រាន់តែថា «អ្នកណាឈ្នះ» ឬ «អ្នកណាចាញ់» នោះទេ។ មេរៀនពិតប្រាកដ គឺថា នៅពេលដែលវិវាទព្រំដែនមួយ ត្រូវបាននាំទៅដល់តុលាការអន្តរជាតិ លទ្ធផល នឹងលែងអាស្រ័យលើអំណាចយោធា ឬអារម្មណ៍នយោបាយរបស់ភាគីណាមួយទៀតហើយ ប៉ុន្តែអាស្រ័យលើភស្តុតាង ច្បាប់អន្តរជាតិ សន្ធិសញ្ញា និងឥរិយាបថរបស់រដ្ឋក្នុងអតីតកាល។
ដោយសារហេតុនេះ លោក Surachart បានអំពាវនាវឱ្យអ្នកនយោបាយថៃ កុំចាត់ទុកវិវាទព្រំដែនជាបញ្ហានយោបាយផ្ទៃក្នុង ឬជាឧបករណ៍សម្រាប់បញ្ឆេះអារម្មណ៍ជាតិនិយម។ ផ្ទុយទៅវិញ លោកយល់ថា រាល់ការសម្រេចចិត្តណាមួយ គួរតែត្រូវបានវាយតម្លៃដោយគិតដល់ផលវិបាកផ្លូវច្បាប់ ដែលអាចកើតមាន ប្រសិនបើជម្លោះនេះត្រូវវិលត្រឡប់ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិម្តងទៀត។
អ្វីដែលធ្វើឱ្យការព្រមាននេះ កាន់តែមានទម្ងន់ គឺលោក Surachart មិនបានប្រើភាសាបែបគំរាមកំហែង ឬអំពាវនាវឱ្យថៃប្រឈមមុខជាមួយកម្ពុជាឡើយ។ ផ្ទុយទៅវិញ លោកបានប្រើប្រវត្តិសាស្ត្រ និងសាលក្រមដែលមានស្រាប់ ជាភស្តុតាងដើម្បីរំលឹកថា ប្រសិនបើរដ្ឋាភិបាលថៃបង្កើតស្ថានភាព ដែលធ្វើឱ្យការចរចាទ្វេភាគីបរាជ័យ ឬធ្វើឱ្យវិវាទកាន់តែស្មុគស្មាញ នោះលទ្ធភាពនៃការវិលត្រឡប់ទៅរកដំណោះស្រាយតាមផ្លូវតុលាការ នឹងកាន់តែកើនឡើង។
និយាយម្យ៉ាងទៀត សាររបស់លោក Surachart មិនមែនជាការទស្សន៍ទាយថា ថៃនឹងចាញ់ក្តីជុំទី៣នោះទេ។ សារពិតប្រាកដរបស់លោក គឺការព្រមានថា រដ្ឋាភិបាលថៃ មិនគួរដាក់ប្រទេសរបស់ខ្លួនឱ្យស្ថិតនៅក្នុងស្ថានភាព ដែលត្រូវបង្ខំឱ្យដោះស្រាយវិវាទនៅចំពោះមុខតុលាការយុត្តិធម៌អន្តរជាតិម្តងទៀតឡើយ។ នេះគឺជាការព្រមានផ្នែកយុទ្ធសាស្ត្រ និងការគ្រប់គ្រងហានិភ័យ មិនមែនជាការអត្ថាធិប្បាយផ្នែកនយោបាយធម្មតានោះទេ។
*កម្លាំងយោធាមិនអាចជំនួសច្បាប់បានទេ
ប្រសិនបើមានសារមួយដែលលោក Surachart Bamrungsuk ចង់ផ្ញើទៅកាន់រដ្ឋាភិបាលថៃឱ្យច្បាស់ជាងគេ នោះគឺថា អំណាចយោធា និងច្បាប់អន្តរជាតិ គឺជារឿងពីរដែលមិនគួរយកមកធ្វើឱ្យច្រឡំគ្នាឡើយ។
លោកមិនបានបដិសេធតួនាទីរបស់កងទ័ព ក្នុងការការពារអធិបតេយ្យភាពជាតិឡើយ។ ប៉ុន្តែលោកបានរំលឹកថា ការការពារព្រំដែនដោយកម្លាំង និងការកំណត់ព្រំដែនដោយច្បាប់ គឺជាដំណើរការពីរផ្សេងគ្នា។ កងទ័ពអាចគ្រប់គ្រងស្ថានការណ៍សន្តិសុខនៅលើដីបានក្នុងរយៈពេលខ្លី ប៉ុន្តែមិនអាចបង្កើតសុពលភាពផ្លូវច្បាប់លើខ្សែបន្ទាត់ព្រំដែនបានឡើយ។
លោកបានសរសេរយ៉ាងច្បាស់ថា ទោះបីរដ្ឋណាមួយអាចគ្រប់គ្រងតំបន់វិវាទបានជាបណ្តោះអាសន្នក៏ដោយ ក៏នៅទីបញ្ចប់ បញ្ហានេះនៅតែត្រូវវិលត្រឡប់ទៅរកការកំណត់តាមផ្លូវច្បាប់ដដែល។ និយាយម្យ៉ាងទៀត ការប្រើកម្លាំងអាចផ្លាស់ប្តូរស្ថានការណ៍នៅលើដីបាន ប៉ុន្តែមិនអាចផ្លាស់ប្តូរមូលដ្ឋានច្បាប់ដែលកំណត់ព្រំដែនរវាងរដ្ឋនិងរដ្ឋបានទេ។
ដើម្បីពន្យល់គំនិតនេះ លោក Surachart បានប្រៀបធៀបវិវាទព្រំដែនរវាងរដ្ឋ ទៅនឹងវិវាទរឿងខ្សែរបងរវាងម្ចាស់ផ្ទះពីរនាក់។ ម្ចាស់ផ្ទះម្នាក់ អាចរុញរបងចូលដីអ្នកជិតខាងបានមួយរយៈ ពេល ប៉ុន្តែនៅពេលមានការវាស់វែងជាផ្លូវការ ទីតាំងរបង នឹងត្រូវកំណត់តាមប័ណ្ណកម្មសិទ្ធិ និងការវាស់វែង មិនមែនតាមទីតាំងដែលភាគីណាមួយ បានរុញទៅដាក់នោះឡើយ។
នេះហើយជាមូលហេតុដែលលោកអំពាវនាវឱ្យរដ្ឋាភិបាលថៃ បន្តប្រើប្រាស់យន្តការដែលមានស្រាប់ ដូចជា គណៈកម្មការព្រំដែនរួម (JBC) ដើម្បីដោះស្រាយបញ្ហាបច្ចេកទេស និងភាពមិនច្បាស់លាស់នៅតាមព្រំដែន។ តាមទស្សនៈរបស់លោក បញ្ហាបច្ចេកទេសគួរតែត្រូវបានដោះស្រាយដោយអ្នកជំនាញផ្នែកខណ្ឌសីមា ផែនទី និងច្បាប់ មិនមែនដោយការប្រកួតប្រជែងអំណាច ឬការប្រើសម្ពាធយោធានោះទេ។
លើសពីនេះ លោកក៏បានលើកឡើង អំពីគោលការណ៍មួយនៃច្បាប់អន្តរជាតិ ដែលហាមឃាត់ការប្រើប្រាស់កម្លាំង ដើម្បីផ្លាស់ប្តូរព្រំដែនរវាងរដ្ឋនិងរដ្ឋ។ សម្រាប់លោក គោលការណ៍នេះ មិនមែនមានគោលបំណងការពារផលប្រយោជន៍របស់ប្រទេសណាមួយជាពិសេសនោះទេ ប៉ុន្តែជាគោលការណ៍ ដែលការពារស្ថិរភាពនៃសណ្តាប់ធ្នាប់អន្តរជាតិទាំងមូល។ លោកថ្លែងថាបើអនុញ្ញាតឱ្យរដ្ឋណាមួយផ្លាស់ប្តូរព្រំដែនដោយកម្លាំង នោះរដ្ឋផ្សេងទៀតក៏អាចអនុវត្តដូចគ្នា ហើយវិវាទព្រំដែននៅទូទាំងពិភពលោក នឹងអាចផ្ទុះឡើងជាបន្តបន្ទាប់។
សាររបស់លោក Surachart អាចសង្ខេបបានថា ការការពារផលប្រយោជន៍ជាតិ មិនគួរត្រូវបានវាស់វែងតាមចំនួនកងទ័ព ឬសមត្ថភាពប្រើប្រាស់កម្លាំងតែមួយមុខនោះទេ។ សម្រាប់វិវាទព្រំដែនដែលមានប្រវត្តិ និងមូលដ្ឋានច្បាប់ដ៏ស្មុគស្មាញ ការការពារផលប្រយោជន៍ជាតិរយៈពេលវែង គឺអាស្រ័យលើសមត្ថភាពរបស់រដ្ឋ ក្នុងការប្រើប្រាស់ការចរចា យន្តការបច្ចេកទេស និងច្បាប់អន្តរជាតិ ដើម្បីបញ្ចៀសកុំឱ្យជម្លោះឈានទៅដល់ដំណាក់កាលដែលត្រូវដោះស្រាយនៅចំពោះមុខតុលាការយុត្តិធម៌អន្តរជាតិជាលើកទី៣។
សេចក្តីសន្និដ្ឋាន
នៅទីបំផុត អ្វីដែលធ្វើឱ្យអត្ថបទរបស់លោក Surachart Bamrungsuk មានតម្លៃ មិនមែនដោយសារវាបានផ្តល់អំណះអំណាងថ្មី អំពីសាលក្រមឆ្នាំ១៩៦២ ឬឆ្នាំ២០១៣នោះទេ។ អ្វីដែលថ្មី គឺការដែលអ្នកជំនាញសន្តិសុខថៃម្នាក់ បានចេញមុខរំលឹកដាស់តឿនរដ្ឋាភិបាលថៃ និងសង្គមរបស់ខ្លួនថា មេរៀនពីអតីតកាល មិនគួរត្រូវបានបំភ្លេចឡើយ ហើយប្រទេសថៃក៏មិនគួរបង្កើតលក្ខខណ្ឌណាមួយ ដែលអាចនាំឱ្យវិវាទព្រំដែនជាមួយកម្ពុជា វិលត្រឡប់ទៅដល់តុលាការយុត្តិធម៌អន្តរជាតិជាលើកទី៣នោះដែរ។
សម្រាប់លោក Surachart ក្នុងវិវាទព្រំដែនដែលមានប្រវត្តិសាស្ត្រ សន្ធិសញ្ញា និងសាលក្រមអន្តរជាតិជាប់ពាក់ព័ន្ធ ការស្រែកខ្លាំងជាងគេ មិនមែនមានន័យថា នឹងទទួលបានប្រៀបជាងគេនោះទេ។ ដូចគ្នានេះដែរ ការប្រើប្រាស់កម្លាំង ក៏មិនអាចជំនួសមូលដ្ឋានច្បាប់បានឡើយ។ អ្វីដែលរដ្ឋត្រូវប្រុងប្រយ័ត្នបំផុត គឺការមិនបង្កើតស្ថានភាព ដែលធ្វើឱ្យការចរចាបរាជ័យ ហើយរុញវិវាទឱ្យឈានដល់ដំណាក់កាល ដែលត្រូវដោះស្រាយនៅចំពោះមុខតុលាការយុត្តិធម៌អន្តរជាតិម្តងទៀត។
ការវិភាគរបស់លោក Surachart Bamrungsuk បានផ្ញើសារយ៉ាងច្បាស់ទៅកាន់រដ្ឋាភិបាលថៃថា ការជៀសវាងមិនឱ្យមាន ICJ ជុំទី៣ មិនមែនជាការរត់គេចពីតុលាការនោះទេ ប៉ុន្តែជាការខិតខំរក្សាវិវាទឱ្យស្ថិតនៅក្នុងក្របខណ្ឌនៃការចរចា និងការទូត មុនពេលរដ្ឋបាត់បង់សមត្ថភាពដោះស្រាយបញ្ហាដោយខ្លួនឯង ហើយត្រូវប្រគល់ការសម្រេចចុងក្រោយទៅឱ្យតុលាការយុត្តិធម៌អន្តរជាតិ។ ប្រហែលនេះហើយ ជាមេរៀនធំបំផុតដែលអ្នកជំនាញសន្តិសុខថៃរូបនេះ ចង់រំលឹកដល់ប្រទេសរបស់ខ្លួន ក្នុងពេលដែលវិវាទព្រំដែនកម្ពុជា-ថៃ កំពុងស្ថិតនៅក្នុងដំណាក់កាលដ៏រសើបនាពេលបច្ចុប្បន្ននេះ៕





















