ឧបនាយករដ្ឋមន្ត្រី សុខចិន្តា សោភា ចាត់ទុកពិព័រណ៍ «ពន្លកបៃតង» ជាសកម្មភាពពង្រីកគម្របបៃតងឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ, យុទ្ធនាការដាំដើមត្នោត ១លានដើម ដើម្បីលើកកម្ពស់អត្តសញ្ញាណជាតិ និងបរិស្ថាន

10-07-2026 19:42

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានជំរុញចលនាបៃតងយ៉ាងខ្លាំងក្លា ដោយចាត់ទុកពិព័រណ៍ «ពន្លកបៃតង» គឺជាសកម្មភាពពង្រីកគម្របបៃតងឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងយុទ្ធនាការដាំដើមត្នោតចំនួន ១លានដើម ដើម្បីលើកកម្ពស់អត្តសញ្ញាណជាតិ និងបរិស្ថាន។

ការលើកឡើងបែបនេះរបស់ឧបនាយករដ្ឋមន្ត្រី សុខចិន្តា សោភា បាននៅឡើងនាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះក្នុងឱកាសលោកអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីបើកពិធីពិព័រណ៍ «ពន្លកបៃតង» និងប្រកាសព្រឹត្តិការណ៍ដាំដើមត្នោត១លានដើម ដែលបានរៀបចំឡេីងនៅស្តីការក្រសួងបរិស្ថាន។ ក្នុងគោលបំណងពង្រីកគម្របបៃតងនៅកម្ពុជា និងដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុជាសកល បង្កើតទ្រព្យសម្បត្តិធម្មជាតិ និងជាខែលការពារបរិស្ថានដ៏មានតម្លៃបំផុតសម្រាប់ម្លប់នៃការរស់នៅប្រកបដោយចីរភាពរបស់កូនចៅជំនាន់ក្រោយ។

ពិធីនេះក៏មានការចូលរួមពីសមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូត តំណាងអង្គទូតប្រចាំប្រទេសកម្ពុជា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងបរិស្ថាន ព្រមទាំងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល គ្រឹះស្ថានសិក្សា វិស័យឯកជន ភ្ញៀវកិត្តិយសជាតិ អន្តរជាតិជាច្រើននាក់ទៀតផងដែរ។

នាឱកាសនោះដែរ ឧបនាយករដ្ឋមន្ត្រី សុខចិន្តា សោភាលើកឡើងថា យុទ្ធនាការ«ពន្លកបៃតង» គឺជាបេសកកម្មជាតិដ៏មានគុណតម្លៃខ្ពស់បំផុត ក្នុងការបណ្តុះស្មារតីស្រឡាញ់បរិស្ថាន ធម្មជាតិ និងព្រៃឈើ ខណៈមានគោលដៅពង្រីកគម្របព្រៃឈើ ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងបង្កើតទ្រព្យសម្បត្តិធម្មជាតិសម្រាប់ជំនាន់ក្រោយ។

នាឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រី សុខចិន្តា សោភា បានចាត់ទុកព្រឹត្តិការណ៍ពិព័រណ៍ «ពន្លកបៃតង» នេះ គឺជាគំនិតផ្តួចផ្តើមមួយដែលប្រកបដោយគុណតម្លៃ និងអត្ថន័យខ្លឹមសារជ្រាលជ្រៅជាទីបំផុត ដែលពិតជាមានសារៈសំខាន់ឥតឧបមា ក្នុងការបណ្តុះស្មារតី ស្រលាញ់បរិស្ថាន ធម្មជាតិ ព្រៃឈើ និងភាពបៃតង ដោយមិនមែនបានត្រឹមតែបង្ហាញនូវក្តីស្រលាញ់ត្រឹមតែនិយាយប៉ុណ្ណោះទេ ប៉ុន្តែអ្នកចូលរួមទាំងអស់គ្នាមានឱកាសបានបង្ហាញនូវសកម្មភាពពិត ពោលគឺមានឱកាសទទួលយកកូនឈើដោយឥតគិតថ្លៃ ដើម្បីយកទៅដាំបណ្តុះ ដែលនេះ គឺជាសក្ខីកម្មមួយបង្ហាញពីសកម្មភាពជាក់ស្តែងនៃការស្រលាញ់ និងបណ្តុះពន្លកបៃតងសម្រាប់ប្រទេសជាតិ។

ឧបនាយករដ្ឋមន្ត្រី សុខចិន្តា សោភា ក៏បានកោតសរសើរជូនចំពោះលោកបណ្ឌិត អ៊ាង សុផល្លែត រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងបរិស្ថាន ដែលមានគំនិតប្រកបដោយឧត្តមានុវត្តន៍ ក្នុងការផ្តួចផ្តើមនូវពិព័រណ៍ពន្លកបៃតងនេះឡើង ដែលនេះគឺពិតជាសក្ខីភាពមួយបង្ហាញឱ្យឃើញពីការគិតគូរ ម៉ត់ចត់ និងសេចក្តីស្រលាញ់ថែរក្សា ការពារគត់មត់ចំពោះបរិស្ថាន និងភាពបៃតងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រុមគ្រួសារបរិស្ថានទាំងអស់គ្នា។

បើតាមលោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ថ្ងៃនេះយើងមិនត្រឹមតែជួបជុំគ្នាដើម្បីបើកពិព័រណ៍ «ពន្លកបៃតង» ប៉ុណ្ណោះទេ ប៉ុន្តែយើងកំពុងរួមគ្នាប្រកាសចាប់ផ្តើម ចលនាជាតិមួយ ដែលមានគោលបំណងលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋគ្រប់រូបក្នុងការការពារ និងស្ដារធនធានធម្មជាតិ។ «ពន្លកបៃតង» គឺជានិមិត្តរូបនៃក្តីសង្ឃឹម ការទទួលខុសត្រូវ និងការចាប់ផ្តើមថ្មី សម្រាប់កម្ពុជាបៃតង ស្អាត និងប្រកបដោយចីរភាព។

លោកបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់ថា ពិព័រណ៍ «ពន្លកបៃតង» នាពេលនេះ ដែលជាសក្ខីភាពនៃកម្លាំងសាមគ្គីភាពដ៏មានឥទ្ធិពល ដែលសបញ្ជាក់ថា កិច្ចគាំពារបរិស្ថាន មិនមែនជាកាតព្វកិច្ចផ្តាច់មុខរបស់ក្រសួង បរិស្ថានឡើយ ប៉ុន្តែជាកាតព្វកិច្ចរួមរបស់ប្រជាពលរដ្ឋខ្មែរ គ្រប់រូប។ ព្រឹត្តិការណ៍នេះ មិនមែនគ្រាន់តែជាការដាក់ បង្ហាញកូនឈើប៉ុណ្ណោះទេ ប៉ុន្តែជាពិព័រណ៍នៃក្តីសង្ឃឹមនៃស្មារតីទទួលខុសត្រូវប្រទេសកម្ពុជា និងជាគ្រឹះនៃអនាគតបៃតងរបស់កូនឈើតូចៗនីមួយៗសុទ្ធតែបង្កប់នូវអត្ថន័យដ៏ធំធេង។

លោកបណ្ឌិត អ៊ាង សុផល្លែត បានបន្ថែងថា៖ «ទោះបីជាកូនឈើមានទំហំតូច ល្អិត ប៉ុន្តែកូនឈើទាំងនេះមានជីវិត កូនឈើទាំងនេះផ្តល់ម្លប់ កូនឈើទាំងនេះបង្កើតខ្យល់អាកាសបរិសុទ្ធ កូនឈើ ទាំងនេះនាំមកនូវសោភ័ណភាព និងជាខែលការពារ ទឹកដី ជីវៈចម្រុះ សម្រាប់មនុស្សជំនាន់ក្រោយ។ នៅពេលយើងចែកកូនឈើមួយដើមជូនប្រជាពលរដ្ឋដោយ ឥតគិតថ្លៃ គឺមិនមែនត្រឹមតែការផ្តល់រុក្ខជាតិមួយដើម នោះឡើយ ប៉ុន្តែកិច្ចនេះ គឺជាការប្រគល់នូវបេសកកម្មជាតិ និងការផ្តល់ឱកាសដល់ប្រជាពលរដ្ឋគ្រប់រូប បានចូល រួមផ្ទាល់នៅក្នុងចលនាកសាងកម្ពុជាឱ្យកាន់តែមានភាពបៃតង»។

សូមបញ្ជាក់ថា ក្រសួងបរិស្ថានបានរៀបចំចែកកូនឈើចម្រុះប្រមាណ៥លានដើម ដោយឥតគិតថ្លៃជូនដល់សាធារណជននៅក្នុងឆ្នាំ២០២៦៕