គណៈគ្រូពេទ្យកម្ពុជា ជំរុញដល់ក្រុមគ្រូពេទ្យអនុវត្តក្រមសីលធម៌ និងភាពជាអ្នកមានវិជ្ជាជីវៈខ្ពស់ ដើម្បីគុណភាព និងទំនុកចិត្តសាធារណជន
10-07-2026 21:40
(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈគ្រូពេទ្យកម្ពុជា បានបន្ដជំរុញលើកទឹកចិត្ដដល់លោកគ្រូ អ្នកគ្រូ វេជ្ជបណ្ឌិត និងបុគ្គលិកសុខាភិបាលទាំងអស់ សូមចូលរួមអនុវត្តច្បាប់ ក្រមសីលធម៌ និងគោលការណ៍វិជ្ជាជីវៈខ្ពស់ឱ្យបានខ្ជាប់ខ្ជួន ព្រមទាំងបន្តអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈជាប្រចាំ ដើម្បីឆ្លើយតបនឹងការវិវឌ្ឍនៃវិទ្យាសាស្ត្រវេជ្ជសាស្ត្រ និងការរំពឹងទុក
របស់ប្រជាពលរដ្ឋ។
ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្ដ្រាចារ្យ ក្នុងពិធីផ្សព្វផ្សាយច្បាប់ស្តីពី ការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យ និងគោលការណ៍ភាពជាអ្នកមានវិជ្ជាជីវៈខ្ពស់ ជូនដល់គ្រូពេទ្យ និងបុគ្គលិកសុខាភិបាល នៃមន្ទីរពេទ្យកុមារជាតិ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦។
លោកសាស្ដ្រាចារ្យបានថ្លែងបន្ដថា ពិធីផ្សព្វផ្សាយនាពេលនេះ មិនត្រឹមតែជាការផ្សព្វផ្សាយចំណេះដឹងផ្នែកច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសដ៏មានសារៈសំខាន់ក្នុងការពង្រឹងការយល់ដឹង ការទទួលខុសត្រូវ និងការប្តេជ្ញាចិត្តរបស់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ក្នុងការអនុវត្ដវិជ្ជាជីវៈប្រកបដោយសុចរិតភាព គណនេយ្យភាព ក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់ ស្របតាមច្បាប់ជាធរមាន និងស្ដង់ដារវិជ្ជាជីវៈជាតិ និងអន្តរជាតិ។
លោកសាស្ដ្រាចារ្យបានថ្លែងបន្ដថា ច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល គឺជាមូលដ្ឋានគតិយុត្តដ៏សំខាន់សម្រាប់ការគ្រប់គ្រង និងអភិវឌ្ឍវិជ្ជាជីវៈសុខាភិបាលនៅកម្ពុជា។ ច្បាប់នេះមានគោលបំណងធានាឱ្យអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលទាំងអស់មានសមត្ថភាព គុណវុឌ្ឍ អាជ្ញាបណ្ណស្របច្បាប់ ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងទទួលខុសត្រូវចំពោះការបំពេញវិជ្ជាជីវៈរបស់ខ្លួន ដើម្បីធានាសុវត្ថិភាព និងគុណភាពសវាសុខាភិបាលជូនប្រជាពលរដ្ឋ។
ទន្ទឹមនឹងនេះក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យ គឺជាគ្រឹះនៃការប្រកបវិជ្ជាជីវៈប្រកបដោយសេចក្តីថ្លៃថ្នូរ។ ក្រមសីលធម៌បានកំណត់នូវសិទ្ធិ កាតព្វកិច្ច និងស្តង់ដារអាកប្បកិរិយាដែលគ្រូពេទ្យគ្រប់រូបត្រូវគោរព ក្នុង
ទំនាក់ទំនងជាមួយអ្នកជំងឺ សហការី ស្ថាប័ន និងសង្គមទាំងមូល។ ការប្រកាន់ខ្ជាប់ក្រមសីលធម៌ គឺជាគន្លឹះសម្រាប់ការកសាង ទំនុកចិត្តពីសាធារណជន និងលើកកម្ពស់កិត្តិយសនៃវិជ្ជាជីវៈពេទ្យ។
លោកសាស្ត្រាចារ្យ ឡឹម តារា «ក្នុងនាមគណៈគ្រូពេទ្យកម្ពុជា ខ្ញុំសូមលើកទឹកចិត្តឱ្យគ្រូពេទ្យគ្រប់រូប ចាត់ទុកក្រមសីលធម៌ ជាគោលការណ៍ណែនាំក្នុងការអនុវត្តការងារ មិនមែនរង់ចាំរហូតដល់មានបញ្ហាទើបយកមកអនុវត្តនោះទេ។ ការការពារកំហុស គឺប្រសើរជាងការដោះស្រាយកំហុស។ វប្បធម៌សុវត្ថិភាព (Safety Culture) វប្បធម៌រាយការណ៍ដោយស្មោះត្រង់ (Just Culture) និងការរៀនសូត្រពីបទពិសោធន៍ គួរត្រូវបានលើកកម្ពស់នៅគ្រប់ស្ថាប័នសុខាភិបាល»។
«ជាមួយគ្នានេះ គណៈគ្រូពេទ្យកម្ពុជា នឹងបន្តអនុវត្តតួនាទីរបស់ខ្លួនក្នុងការចុះបញ្ជីកា ផ្តល់អាជ្ញាបណ្ណ តាមដានការអភិវឌ្ឍវិជ្ជាជីវៈបន្តពង្រឹងការអនុវត្តក្រមសីលធម៌ និងធ្វើការជាមួយ ក្រសួងសុខាភិបាល និងគ្រឹះស្ថានសុខាភិបាលទាំងអស់ ដើម្បីធានាថា វិជ្ជាជីវៈគ្រូពេទ្យនៅកម្ពុជា នឹងបន្តរីកចម្រើនប្រកបដោយគុណភាព សុចរិតភាព និងទំនុកចិត្តពីសាធារណជន»។
លោកសាស្ដ្រាចារ្យបានគូសបញ្ជាក់ថា ភាពជាអ្នកមានវិជ្ជាជីវៈខ្ពស់ (Professionalism) មិនមែនជាចំណេះដឹងបច្ចេកទេសតែមួយមុខនោះទេ ប៉ុន្តែរួមបញ្ចូលនូវការប្រកាន់ខ្ជាប់សុចរិតភាព ភាពស្មោះត្រង់ វិន័យ ការគោរពអ្នកជំងឺ ការសហការជាក្រុម ការរក្សាការសម្ងាត់វិជ្ជាជីវៈ ការបន្តអភិវឌ្ឍសមត្ថភាព និងការទទួលខុសត្រូវចំពោះសកម្មភាពវិជ្ជាជីវៈរបស់ខ្លួន។ គុណតម្លៃទាំងនេះ គឺជាស្នូលនៃសេវាសុខាភិបាលដែលមានគុណភាពសុវត្ថិភាព និងផ្ដោតលើអ្នកជំងឺជាសំខាន់។ សព្វថ្ងៃនេះសង្គមបានផ្លាស់ប្តូរ ហើយការរំពឹងទុករបស់ប្រជាពលរដ្ឋចំពោះវិជ្ជាជីវៈគ្រូពេទ្យក៏កាន់តែខ្ពស់។
លើសពីនេះប្រជាពលរដ្ឋមិនត្រឹមតែចង់បានការព្យាបាលដែលមានប្រសិទ្ធភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចង់បានការគោរព ការប្រាស្រ័យទាក់ទងល្អ ភាពស្មោះត្រង់ ការពន្យល់ច្បាស់លាស់ និងការថែទាំប្រកបដោយមនុស្សធម៌។ ដូច្នេះភាពជាអ្នកមានវិជ្ជាជីវៈខ្ពស់ ត្រូវឆ្លុះបញ្ចាំងតាមរយៈអាកប្បកិរិយាប្រចាំថ្ងៃរបស់គ្រូពេទ្យ។ ការមកបំពេញការងារទាន់ពេលវេលា ការគោរពអ្នកជំងឺដោយមិនរើសអើង ការរក្សាការសម្ងាត់របស់អ្នកជំងឺ ការប្រាស្រ័យទាក់ទងដោយសុភាពរាបសារ ការធ្វើការជាក្រុម ការគោរពសហការី និងការទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួន សុទ្ធតែជាសូចនាករ និងភាពជាអ្នកមានវិជ្ជាជីវៈខ្ពស់។
ក្នុងនាមគណៈគ្រូពេទ្យកម្ពុជា លោកបន្ដអំពាវនាវដល់លោកគ្រូ អ្នកគ្រូ វេជ្ជបណ្ឌិត និងបុគ្គលិកសុខាភិបាលទាំងអស់ សូមចូលរួមអនុវត្តច្បាប់ ក្រមសីលធម៌ និងគោលការណ៍វិជ្ជាជីវៈខ្ពស់ឱ្យបានខ្ជាប់ខ្ជួន ព្រមទាំង
បន្តអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈជាប្រចាំ ដើម្បីឆ្លើយតបនឹងការវិវឌ្ឍនៃវិទ្យាសាស្ត្រវេជ្ជសាស្ត្រ និងការរំពឹងទុក
របស់ប្រជាពលរដ្ឋ។
ច្បាប់ជាគោល សីលធម៌ជាវប្បធម៌ និងភាពជាអ្នកមានវិជ្ជាជីវៈខ្ពស់ជាអត្តសញ្ញាណរបស់គ្រូពេទ្យកម្ពុជា ។លោកក៏បានកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យកុមារជាតិ ដែលបានយក
ចិត្តទុកដាក់លើការពង្រឹងគុណភាពសេវា ការគោរពសីលធម៌វិជ្ជាជីវៈ និងការបន្តអភិវឌ្ឍសមត្ថភាពធនធានមនុស្ស។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ គឺជាចំណែកដ៏សំខាន់ក្នុងការកសាងប្រព័ន្ធសុខាភិបាល
ដែលមានគុណភាព ប្រសិទ្ធភាព និងទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋ។
សូមជម្រាបថាក្នុងពិធីផ្សព្វផ្សាយច្បាប់ខាងលើនេះ លោកសាស្ដ្រាចារ្យ សុខ ជូរ អនុប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ និងជាអគ្គនាយករងបច្ចេកទេសក្រសួងសុខាភិបាល
ក៏បានធ្វើបទបង្ហាញជុំវិញគោលការណ៍ក្រមសីលធម៌វេជ្ជសាស្ដ្រផងដែរ៕



















