* លោក ម៉ាក្រុង ចោទក្រុមស្តាំនិយមជ្រុលថាបង្ក «បរិយាកាសរើសអើងពូជសាសន៍» ក្រោយឃាតកម្មនៅជាយក្រុងប៉ារីស
* វិភាគអន្តរជាតិ៖ តើលោក ត្រាំ លោក ស៊ី ជីនពីង និងលោក ពូទីន អាចនឹងជួបគ្នានៅ APEC?
* ដ្រូនរុស្ស៊ីវាយប្រហារស្ថានីយរថភ្លើងនៅទីក្រុង Dnipro ប្រទេសអ៊ុយក្រែន សម្លាប់មនុស្សយ៉ាងហោចណាស់ ១៣នាក់
* មេដឹកនាំទីក្រុងហុងកុង ឱនមុខសុំទោសជាសាធារណៈ ជុំវិញហេតុការណ៍ឆេះអគារដ៏ប្រល័យ កាលពីឆ្នាំ២០២៥
* ទេសចរអន្ដរជាតិ១៥សញ្ជាតិ នៅលើនាវាក្ស័យធន ដែលចូលចតនៅខេត្តព្រះសីហនុ ថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅ និងយកចិត្តទុកដាក់ខ្ពស់
* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារថ្លែងអំណរព្រះគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសខួបទី២២ នៃការគ្រងរាជសម្បត្តិ
* អេស្ប៉ាញកាន់ទុក្ខ ៣ថ្ងៃ ក្រោយគ្រោះថ្នាក់រថភ្លើងបុកគ្នាសម្លាប់មនុស្ស ៦៨នាក់
* ទៅដល់អាមេរិកភ្លាម លោក Flavio Bolsonaro ប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីជាប់ឆ្នោតរបស់ប្រេស៊ីល
* សហរដ្ឋអាមេរិក និងជប៉ុនឯកភាពគ្នាលើការសាងសង់រោងចក្រផលិតគ្រាប់មីស៊ីល
* ថ្ងៃនេះខួប២២ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រខ្មែរ, សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្សត្រយកទឹកព្រះទ័យទុកដាក់ខ្ពស់ចំពោះប្រជារាស្ត្រ
* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ឧកញ៉ា តែ តាំងប៉ ដឹកនាំប្រតិភូ FASMEC ជួបអភិបាលខេត្តកំពង់ធំ ជំរុញការបង្កើត SME Cluster និង FASMEC Shop ដើម្បីពង្រឹងសេដ្ឋកិច្ចមូលដ្ឋាន

10-07-2026 23:16

(កំពង់ធំ)៖ ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) នៅល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូជាថ្នាក់ដឹកនាំ និងសមាជិក FASMEC ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍវិស័យសហគ្រាសធុនតូច និងមធ្យម (SMEs) និងជំរុញការរីកចម្រើនសេដ្ឋកិច្ចរបស់ខេត្ត។

ក្នុងជំនួបនេះ ឧកញ៉ា តែ តាំងប៉ បានជម្រាបជូនឯកឧត្តមអភិបាលខេត្ត អំពីសន្ទុះនៃការរីកចម្រើនគួរឱ្យកត់សម្គាល់របស់ផលិតផលក្នុងស្រុក ជាពិសេសផលិតផលកសិ-ឧស្សាហកម្ម និងផលិតផលកែច្នៃរបស់សហគ្រាសខ្មែរ។ ដោយផ្អែកលើទស្សនទាន «រួមគ្នាផលិត រួមគ្នាប្រើប្រាស់ផលិតផលជាតិ» លោកឧកញ៉ាបានលើកឡើងពីគម្រោងរបស់ FASMEC ក្នុងការរៀបចំបង្កើត តំបន់ប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យម (SME Cluster) នៅក្នុងខេត្តកំពង់ធំ ព្រមទាំងបង្កើត FASMEC Shop ដែលជាមជ្ឈមណ្ឌលដាក់តាំងបង្ហាញ លក់ និងផ្សព្វផ្សាយផលិតផលខ្មែរ ដើម្បីពង្រីកទីផ្សារ និងបង្កើនបណ្តាញចែកចាយផលិតផលរបស់សមាជិក។

លោកឧកញ៉ា តែ តាំងប៉ បានគូសបញ្ជាក់ថា ការបង្កើត SME Cluster នឹងជួយពង្រឹងខ្សែច្រវាក់ផលិតកម្ម កាត់បន្ថយថ្លៃដើមផលិត បង្កើនគុណភាពផលិតផល និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសក្នុងស្រុក ខណៈដែល FASMEC Shop នឹងក្លាយជាវេទិកាសំខាន់សម្រាប់លើកស្ទួយផលិតផលខ្មែរ និងភ្ជាប់ផលិតករទៅកាន់ទីផ្សារកាន់តែទូលំទូលាយ។

ជាការឆ្លើយតប ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានសម្តែងការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះចក្ខុវិស័យ និងគំនិតផ្តួចផ្តើមរបស់ FASMEC ដោយបញ្ជាក់ពីការត្រៀមខ្លួនជាស្រេចក្នុងការសហការយ៉ាងជិតស្និទ្ធ ដើម្បីជួយជ្រោមជ្រែងដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅក្នុងខេត្ត។

ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានចែករំលែកអំពីទិសដៅយុទ្ធសាស្ត្ររបស់រដ្ឋបាលខេត្ត ក្នុងការជំរុញការធ្វើ ពិពិធកម្មវិស័យកសិកម្ម ដោយគ្រោងកាត់បន្ថយផ្ទៃដីធ្វើស្រែមួយផ្នែក ដើម្បីបង្វែរទៅអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្ម និងវារីវប្បកម្ម ដែលមានសក្តានុពលបង្កើនតម្លៃបន្ថែម និងប្រាក់ចំណូលជូនប្រជាកសិករ។

ឯកឧត្តមបានបញ្ជាក់ថា ទិសដៅអភិវឌ្ឍន៍នេះ មានភាពស៊ីសង្វាក់គ្នាជាមួយគម្រោង SME Cluster និង FASMEC Shop របស់ FASMEC ព្រោះនឹងរួមចំណែកបង្កើតខ្សែច្រវាក់តម្លៃ (Value Chain) ពេញលេញ ចាប់ពីការផលិត ការកែច្នៃ រហូតដល់ការចែកចាយ និងដាក់លក់លើទីផ្សារ ដែលនឹងជួយពង្រឹងសេដ្ឋកិច្ចខេត្តកំពង់ធំឱ្យមានការរីកចម្រើនប្រកបដោយនិរន្តរភាព។

ជំនួបពិភាក្សាការងារនេះ បានបញ្ចប់ទៅក្រោមបរិយាកាសស្និទ្ធស្នាល យោគយល់គ្នាខ្ពស់ និងប្រកបដោយផ្លែផ្កា ដោយភាគីទាំងពីរបានប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញការអនុវត្តគម្រោងអភិវឌ្ឍន៍នានាឱ្យលេចចេញជាលទ្ធផលជាក់ស្តែង សំដៅលើកកម្ពស់វិស័យសហគ្រាសធុនតូច និងមធ្យម និងជំរុញកំណើនសេដ្ឋកិច្ចខេត្តកំពង់ធំឱ្យកាន់តែរឹងមាំ៕⁩