វិភាគអន្តរជាតិ៖ ទម្លាក់គ្រាប់បែក កិច្ចព្រមព្រៀងនៅតែមិនដំណើរការ តើលោក ដូណាល់ ត្រាំ មាន «ផែនការ C» ចំពោះអ៉ីរ៉ង់ឬ?
10-07-2026 23:31
(វ៉ាស៊ីនតោន)៖ នៅប៉ុន្មានថ្ងៃមុនចុះហត្ថលេខាលើកិច្ចព្រមព្រៀងបឋមជាមួយអ៉ីរ៉ង់ កាលពីខែមិថុនាកន្លងទៅ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងក្រុមមន្ត្រីជំនិតៗរបស់លោកបានប្រកាសថា ច្រកសមុទ្រ Hormuz នឹងត្រូវបើកចំហឡើងវិញ រីឯសហរដ្ឋអាមេរិកនឹងលុបចោលការបិទខ្ទប់ដែលនឹងអនុញ្ញាតជាបណ្ដោះអាសន្នឱ្យអ៉ីរ៉ង់លក់ប្រេងចេញ។ ជាទ្រឹស្ដី អ្វីដែលលោក ត្រាំ បាននិយាយ គឺមានន័យថាក្រោយជាប់ទណ្ឌកម្មសេដ្ឋកិច្ចជាច្រើនឆ្នាំ អ៉ីរ៉ង់អាចលក់ប្រេងចេញ និងទទួលបានមួយចំនួននៃទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារដែលត្រូវបានបង្កកនៅតាមធនាគារលោកខាងលិច។ លោក ត្រាំ បាននិយាយថានេះជាកិច្ចព្រមព្រៀងដ៏ល្អសម្រាប់អ៉ីរ៉ង់ ហើយអ៉ីរ៉ង់គួរតែមានមោទនភាពចំពោះវា ពីព្រោះលោកគិតថាអ៉ីរ៉ង់ហត់នឿយចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិក។ ប៉ុន្តែវាមិនដូចទាំងស្រុង ទៅនឹងអ្វីដែលលោក ត្រាំបានលើកឡើងនោះទេ។
ចុះកិច្ចព្រមព្រៀងបឋម ឬអនុស្សារណៈយោគយល់មិនទាន់ដល់មួយខែស្រួលបួលផង អ៉ីរ៉ង់ត្រូវបានរាយការណ៍ថាបានបើកការវាយប្រហារជាថ្មីលើកប៉ាល់ពាណិជ្ជកម្ម ៣គ្រឿង ធ្វើដំណើរឆ្លងកាត់តាម ច្រកសមុទ្រ Hormuz។ ការណ៍នេះបានជំរុញឱ្យលោក ត្រាំ លុបចោលការលើកលែងដែលអនុញ្ញាតឱ្យអ៉ីរ៉ង់លក់ប្រេងចេញ និងបញ្ជាឱ្យយោធាអាមេរិកបើកការវាយប្រហារលើគោលដៅយោធាជាង ១៧០ទីតាំងក្នុងទឹកដីអ៉ីរ៉ង់ ២យប់ជាប់ៗគ្នាកាលពីថ្ងៃអង្គារ និងថ្ងៃពុធសប្ដាហ៍នេះ។ មកទល់នឹងម៉ោងនេះមិនទាន់មានកិច្ចចរចាណាមួយត្រូវបានគ្រោងទុកនៅឡើយទេ ខណៈមានការព្រួយបារម្ភពីហានិភ័យ នៃការវិលត្រឡប់ទៅរកសង្រ្គាមទ្រង់ទ្រាយធំសាជាថ្មី។ តាមពិតទៅ បើទោះជាលោក ត្រាំ និងក្រុមមន្ត្រីជំនិតរបស់លោកមាន «ផែនការ C» បន្ទាប់ពីការទម្លាក់គ្រាប់បែក និងការចុះអនុស្សារណៈយោគយល់ មិនអាចសម្រេចបានលទ្ធផលសមតាមបំណងរបស់លោកក៏ដោយ ក៏លោកនឹងមិនបង្ហើបឱ្យដឹងជាសារធារណៈនោះដែរ។ វាហាក់មើលទៅដូចជាលោក ត្រាំ បានត្រឡប់ទៅរកការដាក់ទណ្ឌកម្មប្រេង និងការទម្លាក់គ្រាប់បែក ដែលលោកអះអាងថានឹងបង្កការបំផ្លិចបំផ្លាញយ៉ាងមហន្តរាយដល់អ៉ីរ៉ង់។ ប៉ុន្តែជាក់ស្ដែងមានតែធ្វើឱ្យស្ថានការណ៍កាន់តែស្មុគស្មាញឡើង។ «ដូច្នេះការដោះស្រាយគឺជារឿង ងាយស្រួលបំផុត។ ប្រសិនបើពួកគេបាញ់ប្រហារលើកប៉ាល់ នោះយើងសំពងពួកគេ»។ នេះជាការគូសបញ្ជាក់របស់លោកអនុប្រធានាធិបតីអាមេរិក លោក JD Vance កាលពីថ្ងៃពុធ ទី៨ ខែកក្កដា ឆ្នាំ២០២៦។
ឬអាចនិយាយមួយបែបទៀតបានថា វិធីសាស្ត្រលួងលោមមិនមានប្រសិទ្ធភាព ម្លោះហើយត្រូវដកដំបងវាយអ៉ីរ៉ង់វិញម្ដង។ រដ្ឋបាលលោក ត្រាំ មិនទាន់បានឆ្លើយតបថាតើហេតុអ្វីបានជាពួកគេជឿថា ការដាក់ទណ្ឌកម្ម និងការទម្លាក់គ្រាប់បែកអាចនឹងសម្រេចបានលទ្ធផលខុសពីពេលកន្លងមកនោះទេ។ លោក Richard N. Haass ជាអតីតអ្នកការទូតម្នាក់នៃក្រសួងការបរទេស និងក្រុមប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកនៅក្រោមរដ្ឋបាលជាច្រើន បាននិយាយថា «យើងហាក់ដូចជាកំពុងស្ថិតក្នុងស្ថានការណ៍ជាប់គាំងមួយដែលនៅទីនេះ បញ្ហានោះគឺនៅពេលយើងវាយប្រហារ លើអ៉ីរ៉ង់ អ៉ីរ៉ង់នឹងវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធប្រេង និងថាមពលរបស់បណ្ដាប្រទេសក្នុងតំបន់ឈូងសមុទ្រ ហើយវាមើលទៅរដ្ឋបាលត្រាំនៅមិនទាន់រកឃើញវិធីសាស្ត្រដើម្បីការពារទីតាំងទាំងនោះ ឡើយ»។ លោកបន្ថែមលោក ត្រាំ ដំបូងឡើយសង្ឃឹមថាការទម្លាក់គ្រាប់បែកអាចនឹងនាំទៅរកការផ្លាស់ប្ដូររបបដឹកនាំអ៉ីរ៉ង់ និងបន្ទាប់មកទៀត លោកសង្ឃឹមថាការទម្លាក់គ្រាប់បែកអាចនឹងបង្ខំឱ្យអ៉ីរ៉ង់ ឱនក្បាលសុំចុះចាញ់។
វិធីសាស្ត្របែបនេះក្នុងសង្រ្គាមជាមួយអ៉ីរ៉ង់មិនបានដំណើរការទេ ហើយសូម្បីតែការលើកលែងទណ្ឌកម្មដែលអនុញ្ញាតឱ្យអ៉ីរ៉ង់លក់ប្រេងជាបណ្ដោះអាសន្ន ក៏មិនដំណើរការនោះដែរ រីឯលោក ត្រាំ ត្រូវបានគេមើលឃើញថាបានងាកទៅរកការប្រើធម៌ក្ដៅវិញជាមួយអ៉ីរ៉ង់។ កាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែកក្កដា ឆ្នាំ២០២៦ លោក ត្រាំ និងក្រុមមន្ត្រីជំនិតរបស់លោកមិនបាននិយាយលម្អិតពី ជំហានបន្ទាប់ដែលត្រូវដើរទេ ស្របពេលមន្ត្រីអាមេរិកម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបាននិយាយថារដ្ឋបាលលោក ត្រាំ នៅតែប្ដេជ្ញាចិត្តចំពោះដំណោះស្រាយសន្តិវិធី និងរំពឹងថាកិច្ចចរចាបច្ចេកទេស ជាមួយអ៉ីរ៉ង់នឹងបន្តដំណើរការ។ ក៏ប៉ុន្តែបញ្ហាដែលវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់កំពុងខ្ទាស់គ្នាមិនមែនជាបច្ចេកទេសនោះទេ ផ្ទុយទៅវិញ វាជាបញ្ហានយោបាយ ហើយកិច្ចចរចាកម្រិតទាបនឹងមិនមាន អំណាចអ្វីដើម្បីដោះស្រាយបញ្ចប់បញ្ហាបានទេ។
ជាឧទាហរណ៍តួយ៉ាងដូចជាបញ្ហាពាក់ព័ន្ធនឹងអនាគតកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់។ កិច្ចព្រមព្រៀងបទឈប់បាញ់កាលពីខែមិថុនា មានភាពស្រពេចស្រពិលលើបញ្ហាធំជាច្រើន ក្នុងនោះរួមមានថាតើអ៉ីរ៉ង់នឹងបន្ត គ្រប់គ្រងស្ដុកអ៊ុយរ៉ាញ៉ូមចម្រាញ់រួចកម្រិតខ្ពស់របស់ខ្លួនឬក៏យ៉ាងណា? នៅក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊េរអ៉ីរ៉ង់ឆ្នាំ២០១៥ ក្រោមជំនាន់អតីតប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា ដែលលោក ត្រាំ បានដកសហរដ្ឋអាមេរិកចេញ បានតម្រូវឱ្យអ៉ីរ៉ង់ប្រគល់៩៧ភាគរយនៃអ៊ុយរ៉ាញ៉ូមចម្រាញ់រួចរបស់ខ្លួន។ លោក ត្រាំ តែងតែបញ្ចេញប្រតិកម្មខឹងសម្បារយ៉ាងខ្លាំងនៅពេលត្រូវបានគេយកកិច្ចព្រមព្រៀងរបស់ លោកទៅប្រៀបធៀបជាមួយកិច្ចព្រមព្រៀងរបស់លោក អូបាម៉ា។
យ៉ាងណាក៏ដោយ ឧបសគ្គនយោបាយដ៏ធំមួយនៅពេលនេះ គឺមិនមែនសំណុំរឿងនុយក្លេអ៊ែរទេ។ តែគឺថាតើនរណានឹងក្លាយជាអ្នកគ្រប់គ្រងច្រកសមុទ្រ Hormuz។ នៅត្រង់ចំណុចពាក់ព័ន្ធនឹងច្រកសមុទ្រ Hormuz នៅក្រោមអនុស្សារណៈយោគយល់ត្រូវបានក្រុមមន្ត្រីអាមេរិក និងអ៉ីរ៉ង់យកទៅបកស្រាយខុសៗគ្នា។ នៅត្រង់កថាខណ្ឌទី៥ នៃអនុស្សារណៈយោគយល់ អ៉ីរ៉ង់ត្រូវប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ក្នុងការរៀបចំបើកច្រកសមុទ្រ Hormuz ឡើងវិញ ដោយមិនមានការយកថ្លៃសេវាឆ្លងកាត់អ្វីទាំងអស់ក្នុងរយៈពេល ៦០ថ្ងៃ សម្រាប់កប៉ាល់ពាណិជ្ជកម្មធ្វើដំណើរចេញពីឈូងសមុទ្រពែក្សទៅកាន់សមុទ្រអូម៉ង់ និងពីសមុទ្រអូម៉ង់ទៅកាន់ឈូងសមុទ្រពែក្ស។
លោក ត្រាំ និងក្រុមមន្ត្រីជំនិតរបស់លោកបានបកស្រាយថាអនុស្សារណៈយោគយល់នេះជាកូនសោរដ៏សំខាន់ដើម្បីចាក់បើកច្រកសមុទ្រ Hormuz និងជាការដាក់បន្ទុក ឬការទទួលខុសត្រូវទាំងឡាយទៅលើអ៉ីរ៉ង់ចំពោះមុខអន្តរជាតិ ប្រសិនបើអ៉ីរ៉ង់មិនអនុវត្តតាមកិច្ចព្រមព្រៀង។ អ៉ីរ៉ង់វិញបានបើកច្រកសមុទ្រ Hormuz តែបានតម្រូវឱ្យកប៉ាល់ទាំងអស់ ធ្វើដំណើរតាមផ្លូវទឹកដែលអ៉ីរ៉ង់ជាអ្នកចាត់ចែងឱ្យធ្វើដំណើរនៅក្បែរតំបន់ឆ្នេររបស់ខ្លួន។ ធ្វើបែបនេះអ៉ីរ៉ង់ចង់បង្ហាញប្រាប់គេឯងថាខ្លួនមានផែនការយកថ្លៃសេវាឆ្លងកាត់ពីកប៉ាល់ដែលចង់ធ្វើដំណើរ ឆ្លងកាត់ច្រកសមុទ្រនេះ។
នៅពេលកងទ័ពជើងទឹកអាមេរិកអមដំណើរកប៉ាល់ពាណិជ្ជកម្មជាសម្ងាត់ធ្វើដំណើរឆ្លងកាត់តាមផ្លូវទឹកផ្សេងនៅក្បែរអូម៉ង់ តេហេរ៉ង់បានបញ្ចេញប្រតិកម្មយ៉ាងខ្លាំងតាមរយៈការបាញ់ប្រហារលើកប៉ាល់ មួយចំនួន។ ក្នុងពេលបច្ចុប្បន្ន បើតាមសេចក្ដីរាយការណ៍ជាច្រើន មានកប៉ាល់ក្នុងចំនួនតិចតួចប៉ុណ្ណោះដែលបានធ្វើដំណើរឆ្លងកាត់តាមច្រកសមុទ្រ Hormuz។ នេះបានធ្វើឱ្យលោកត្រាំខកចិត្តជាខ្លាំង រហូតដល់សម្រេចចិត្តប្រកាសថាកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយអ៉ីរ៉ង់បានដល់ទីបញ្ចប់។ ក្រុមមន្ត្រីជំនិតៗរបស់លោក ត្រាំ បាននិយាយថាការប្រកាសរបស់លោក ត្រាំមិនមែនជាការរំលោភបំពានលើ កិច្ចព្រមព្រៀងទេ ហើយថាអនុស្សារណៈយោគយល់ត្រូវបានអនុវត្តតាមអាស្រ័យលើសកម្មភាពរបស់អ៉ីរ៉ង់ ហើយអ៉ីរ៉ង់ខ្លួនឯងបានបរាជ័យក្នុងការអនុវត្តតាមកិច្ចព្រមព្រៀង។
ស្ថានភាពសព្វថ្ងៃ វាមើលទៅហាក់ដូចជាលោក ត្រាំ កំពុងវិលត្រឡប់ទៅរកស្ថានការណ៍កាលពីខែមេសាកន្លងទៅ ជាពេលដែលលោកបានមើលឃើញផ្ទាល់ភ្នែកថាការប្រើប្រាស់កម្លាំងយោធា មិនអាចដោះស្រាយបញ្ហាបានឡើយ ហើយមនុស្សជាច្រើនក្នុងប្រទេសអ៉ីរ៉ង់ជឿថាដំណោះស្រាយការទូតគ្រាន់តែជាការពន្យារពេលមួយប៉ុណ្ណោះ ហើយការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលអាចកើតឡើងជាថ្មីបានគ្រប់ពេលវេលា៕










