* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* អាកាសយានដ្ឋានអន្តរជាតិ Mandalay របស់មីយ៉ាន់ម៉ា ត្រូវបានបិទដំណើរការ ក្រោយរងការវាយប្រហារដោយដ្រូន
* រយៈពេល៣៣ឆ្នាំ CMAC បានបោសសម្អាត និងដុតកម្ទេចសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់
* គ្រោះរញ្ជួយដី ៦.២រ៉ិចទ័រ វាយប្រហារនៅឥណ្ឌូណេស៉ី ប៉ុន្តែមិនបង្កឱ្យមានរលកយក្សស៊ូណាមិឡើយ
* ទិន្នន័យ Fresh AI កើនឡើងដល់ 1.6 Billions ក្លាយជាឃ្លាំងស្តុកទិន្នន័យដ៏ធំសម្បើមសម្រាប់ប្រជាជនកម្ពុជាងាយស្រួលក្នុងការស្វែងរកអ្វីផ្សេងៗ
* កម្ពុជា និងមីយ៉ាន់ម៉ា ចុះហត្ថលើខាលើឯកសារ៤ រួមមានការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក មីន អោង ឡាំង ជួបប្រជុំទ្វេភាគី
* ករណីជនជាតិឥណ្ឌូណេស៉ី ជាង ៤០០នាក់ ស្នាក់នៅព្រលានយន្តហោះពោធិ៍ចិនតុង, ស្ថានទូតឥណ្ឌូណេស៉ី ថា រដ្ឋាភិបាលខ្លួននៅតែប្តេជ្ញាចិត្តការពារពួកគេ
* លោក មីន អោងឡាំង ចង់ឃើញអ្នកវិនិយោគកម្ពុជា ទៅវិនិយោគនៅមីយ៉ាន់ម៉ាកាន់តែច្រើន
* ជំហរកម្ពុជា៖ ប្រទេសណារិះគន់មីយ៉ាន់ម៉ា ជារឿងរបស់គេ តែកម្ពុជាគោរពតាមគោលការណ៍អាស៊ាន មិនជ្រៀតជ្រែកកិច្ចការផ្ទៃ ក្នុងប្រទេសដទៃ
* កិច្ចព្រមព្រៀងចំនួន៤រវាងរដ្ឋាភិបាលកម្ពុជា និងមីយ៉ាន់ម៉ា នឹងត្រូវចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក មីន អោងឡាំង
* ប្រធានាធិបតីមីយ៉ាន់ម៉ា គាំទ្រជំហរគោលការណ៍កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អាស៊ាន និងឥណ្ឌាប្តេជ្ញាចិត្តរួម ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រក្នុងតំបន់ និងបង្កើតឱកាសកាន់តែច្រើនសម្រាប់ស្ត្រី និងក្មេងស្រី ក្នុងការក្លាយជាអ្នកដឹកនាំក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (Video inside)

11-07-2026 10:05

(ភ្នំពេញ)៖ សន្និសីទអ្នកវិទ្យាសាស្ត្រស្ត្រី អាស៊ាន-ឥណ្ឌា លើកទី២ បានបិទបញ្ចប់ដោយជោគជ័យនៅរាជធានីភ្នំពេញ ដោយបង្ហាញការប្តេជ្ញាចិត្តរួមរបស់អាស៊ាន និងឥណ្ឌា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្ត្រីក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

សន្និសីទ ដែលប្រារព្ធឡើងក្រោមប្រធានបទ «ការកសាងសហគមន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ប្រកបដោយបរិយាបន្ន» បានប្រមូលផ្តុំប្រតិភូចំនួន ១៣៥ រូប ក្នុងនោះមានស្ត្រីជាអ្នកវិទ្យាសាស្ត្រ និងអ្នកស្រាវជ្រាវចំនួន ៩០រូប មកពីប្រទេសឥណ្ឌា និងបណ្តាប្រទេសសមាជិកអាស៊ាន ដោយផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ ការលើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងវិស័យ STEM និងពន្លឿនការប្រែក្លាយលទ្ធផលស្រាវជ្រាវទៅជាដំណោះស្រាយដែលអាចអនុវត្តបានជាក់ស្តែង។

ថ្លែងក្នុងពិធីបិទសន្និសីទនេះ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសង្កត់ធ្ងន់ថា ការវិនិយោគលើស្ត្រីមានសារសំខាន់ណាស់សម្រាប់កសាងអនាគតដែលកាន់តែមានភាពធន់ និងនវានុវត្តន៍។

លោករដ្ឋមន្ត្រីបានលើកឡើងថា«ស្ត្រីគឺជាគ្រូដំបូង និងជាអ្នកណែនាំដ៏មានឥទ្ធិពលបំផុតសម្រាប់កូនៗ។ ដូច្នេះ ការផ្តល់ភាពអង់អាចដល់ស្ត្រីនឹងនាំមកនូវអត្ថប្រយោជន៍យូរអង្វែងសម្រាប់ក្រុមគ្រួសារ និងសង្គមជាតិ។ ហើយនៅពេលដែលសង្គមទទួលបានសក្តានុពលរបស់ស្ត្រីក្នុងវិស័យ STEM និងវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ យើងមិនត្រឹមតែពង្រឹងបុគ្គលប៉ុណ្ណោះទេ ប៉ុន្តែយើងកំពុងតែឲផ្ដល់ដំណោះស្រាយចំពោះបញ្ហាប្រឈមធំៗដែលមនុស្សជាតិកំពុងជួបប្រទះ»

សន្និសីទរយៈពេល៣ថ្ងៃនេះមានវគ្គពិភាក្សាតាមប្រធានបទចំនួន ១០ និងវគ្គបង្ហាញគំនិតនវានុវត្តន៍ ដែលអ្នកវិទ្យាសាស្ត្រស្ត្រីចំនួន ៥៥រូប បានប្រកួតប្រជែងដោយបង្ហាញដំណោះស្រាយវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក្នុងវិស័យសន្តិសុខស្បៀង ថាមពលប្រកបដោយចីរភាព ការអប់រំប្រកបដោយសមធម៌ និងបច្ចេកវិទ្យាកំពុងរីកចម្រើន។
អ្នកវិទ្យាសាស្ត្រស្រ្តីអាស៊ាន និងឥណ្ឌាទាំងនេះក៏បានធ្វើទស្សនកិច្ចនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីស្វែងរកឱកាសពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកស្រាវជ្រាវ និងភាពជាដៃគូរវាងស្ថាប័នផងដែរ។

លោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានកោតសរសើរចំពោះការរៀបចំសន្និសីទថាឆ្លុះបញ្ចាំងពីការរីកចម្រើននៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាស៊ាន និងឥណ្ឌា។

លោកឯកអគ្គរដ្ឋទូតបានលើកឡើងថា«សន្និសីទអ្នកវិទ្យាសាស្ត្រស្ត្រីអាស៊ាន-ឥណ្ឌា គឺជាឧទាហរណ៍ដ៏លេចធ្លោមួយ ដែលបង្ហាញពីការពង្រីកទាំងវិសាលភាព និងជម្រៅនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាស៊ាន និងឥណ្ឌា។ យើងក៏ត្រៀមលក្ខណៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្តលើការកសាងសមត្ថភាព នវានុវត្តន៍ និងកម្មវិធីផ្លាស់ប្តូរនិស្សិត និងអ្នកស្រាវជ្រាវផងដែរ»។

លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ានបានលើកឡើងថាសន្និសីទនេះពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ព្រមទាំងបើកឱកាសថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាឌីជីថល បញ្ញាសិប្បនិម្មិត ជីវបច្ចេកវិទ្យា និងការអភិវឌ្ឍប្រកបដោយចីរភាព។

លោកបានបន្ថែមថា «នេះមិនត្រឹមតែជាវេទិកាសម្រាប់កិច្ចសន្ទនាប៉ុណ្ណោះទេ ប៉ុន្តែក៏បង្កើតការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយរវាងអ្នកស្រាវជ្រាវ នវានុវត្តន៍ករ សហគ្រិន និងយុវជនរបស់យើង ព្រមទាំងបើកឱកាសថ្មីៗសម្រាប់កំណើនប្រកបដោយបរិយាបន្ន ចីរភាព និងវិបុលភាពរួមសម្រាប់ទាំងអាស៊ាន និងឥណ្ឌា»

អង្គសន្និសីទនេះបានបិទបញ្ចប់ជាមួយការប្តេជ្ញាចិត្តរួម ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រក្នុងតំបន់ ពង្រឹងបណ្តាញវិជ្ជាជីវៈ និងបង្កើតឱកាសកាន់តែច្រើនសម្រាប់ស្ត្រី និងក្មេងស្រី ក្នុងការក្លាយជាអ្នកដឹកនាំក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅទូទាំងតំបន់៕