លោក អ៊ុច បូររិទ្ធ អញ្ជើញធ្វើសេចក្តីថ្លែងការណ៍ក្នុងសម័យប្រជុំពេញអង្គលើកទី៥១ នៃ APF នៅទីក្រុងយ៉ាអុនដេ ប្រទេសកាមេរូន

11-07-2026 13:29

(កាមេរូន)៖ លោក អ៊ុច បូររិទ្ធ អនុប្រធានទីមួយព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ប្រធានសភានិយាយភាសាបារាំងកម្ពុជា និងអនុប្រធានសភានិយាយភាសាបារាំង APF នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញឡើងធ្វើសេចក្តីថ្លែងការណ៍នៅសម័យប្រជុំពេញអង្គលើកទី៥១ នៃ APF នៅទីក្រុងយ៉ាអុនដេ ប្រទេសកាមេរូន លើប្រធានបទ៖ “ពហុភាគីនិយម និងអធិបតេយ្យភាពរដ្ឋ” ។

នៅក្នុងសេចក្តីថ្លែងការណ៍នោះលោក អ៊ុច បូររិទ្ធ បានបញ្ជាក់ថា ជាកិត្តិយសដ៏ឧត្តុង្គឧត្តមសម្រាប់លោក ដែលបានឡើងថ្លែងបទអន្តរាគមន៍នៅចំពោះមុខសភា ដែលជានិមិត្តរូបដ៏ល្អត្រកាលនៃសហគមន៍និយាយភាសារបារាំង៖ ពោលគឺសហគមន៍មួយដែលរួបរួមគ្នា មិនត្រឹមតែដោយសារការប្រើប្រាស់ភាសារួមគ្នាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដោយសារការប្តេជ្ញាចិត្តរួមគ្នាចំពោះកិច្ចសន្ទនា ការគោរពច្បាប់ និងសាមគ្គីភាពរវាងប្រជាជាតិទាំងឡាយផងដែរ។ ប្រធានបទដែលយើងជួបជុំពិភាក្សាគ្នានៅថ្ងៃនេះគឺ «ពហុភាគីនិយម និងអធិបតេយ្យភាពរបស់រដ្ឋ» ដែលជាប្រធានបទស្នូលនៃសណ្តាប់ធ្នាប់អន្តរជាតិ។

យុគសម័យរបស់យើងកំពុងឆ្លងកាត់ដំណាក់កាលនៃការប្រែប្រួលដ៏ស៊ីជម្រៅ ពោរពេញទៅដោយការកើនឡើងនៃភាពមិនចុះសម្រុងគ្នា ការប្រែប្រួលយ៉ាងឆាប់រហ័ស ភាពមិនប្រាកដប្រជាជាច្រើន និងហានិភ័យដែលកំពុងតែកើនឡើងជាលំដាប់។ មិនធ្លាប់មានពេលណាដែលបញ្ហាប្រឈមដូចជា ជម្លោះប្រដាប់អាវុធ ការប្រែប្រួលអាកាសធាតុ អសន្តិសុខស្បៀង ឧក្រិដ្ឋកម្មឆ្លងដែន និងការវិវឌ្ឍយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ទាមទារឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិយ៉ាងជិតស្និទ្ធដូចសព្វថ្ងៃនេះទេ។ ប៉ុន្តែអ្វីដែលគួរឱ្យព្រួយបារម្ភនោះ គឺគោលការណ៍ជាមូលដ្ឋាននៃអធិបតេយ្យភាព បូរណភាពទឹកដី និងការដោះស្រាយវិវាទដោយសន្តិវិធី កំពុងរងការធ្វើឱ្យរង្គោះរង្គើ និងរំលោភបំពានកាន់តែញឹកញាប់ថែមទៀត។

លោក អ៊ុច បូររិទ្ធ បានបន្ថែមទៀតថា ស្ថិតក្នុងបរិបទបែបនេះហើយ ដែលពហុភាគីនិយម ស្តែងឱ្យឃើញពីតម្លៃពិតប្រាកដរបស់ខ្លួន។ លើសពីក្របខ័ណ្ឌសាមញ្ញនៃការពិគ្រោះយោបល់ ពហុភាគីនិយមគឺជាការប្តេជ្ញាចិត្តរួម ដើម្បីធ្វើឱ្យ «ច្បាប់មានឧត្តមភាពលើការប្រើប្រាស់កម្លាំង» ធ្វើឱ្យ «កិច្ចសន្ទនាមានឧត្តមភាពលើការប្រឈមមុខដាក់គ្នា» និងធ្វើឱ្យ «វិធានរួមមានឧត្តមភាពលើ ច្បាប់របស់អ្នកខ្លាំង»

ការប្តេជ្ញាចិត្តរួមនេះ ត្រូវបានបង្ហាញឱ្យឃើញច្បាស់នៅក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលបានកំណត់យកអធិបតេយ្យភាព និងបូរណភាពទឹកដី ជាគ្រឹះនៃសន្តិភាព និងស្ថិរភាពអន្តរជាតិ។ ក៏ប៉ុន្តែគោលការណ៍ទាំងនេះអាចរក្សាបាននូវឥទ្ធិពលទាំងស្រុងរបស់ខ្លួនទៅបាន លុះត្រាតែត្រូវបានអនុវត្តប្រកបដោយសង្គតភាព ដោយសុទ្ធចិត្ត និងគ្មានការអនុវត្តស្តង់ដារពីរ។

បទពិសោធន៍ និងមេរៀនដែលដកស្រង់ចេញពីព្រឹត្តិការណ៍នាពេលថ្មីៗនេះ នៅតាមបណ្តោយព្រំដែនភាគខាងលិចរបស់កម្ពុជា បាននិងកំពុងផ្តល់នូវឧទាហរណ៍ជាក់ស្តែងមួយដ៏គួរឱ្យសោកស្តាយបំផុត។ នៅពេលដែលកិច្ចព្រមព្រៀងអន្តរជាតិទាំងឡាយ កំពុងត្រូវបានធ្វើឱ្យបាត់បង់តម្លៃ និងភាពជឿជាក់ជាឯកតោភាគីដោយខ្វះឆន្ទៈស្មោះត្រង់, នៅពេលដែលសេចក្តីសម្រេចទាំងឡាយរបស់តុលាការយុត្តិធម៌អន្តរជាតិ ត្រូវបានក្លាយជាកម្មវត្ថុនៃការចោទសួរពីសុពលភាព ឬត្រូវបានមើលរំលង, ឬមួយក៏នៅពេលដែលព្រំដែនដែលកំណត់ដោយច្បាប់អន្តរជាតិត្រូវបានរំលោភបំពាន ឬបំផ្លាញ តាមរយៈការបង្កើតស្ថានភាពជាក់ស្តែងដោយឯកតោភាគី, នោះសំណួរដ៏សំខាន់មួយត្រូវបានចោទសួរឡើងថា តើតម្លៃនៃសេចក្តីថ្លែងការណ៍ដែលអះអាងអំពីឆន្ទៈក្នុងការកសាងទំនុកចិត្តទៅវិញទៅមក ពីការគោរពច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ក៏ដូចជាការស្វែងរកដំណោះស្រាយដោយសន្តិវិធី និងយូរអង្វែង នៅឯណាទៅ?

លោក អ៊ុច បូររិទ្ធ បានបញ្ជាក់ទៀតថា ការពិតបានបង្ហាញយ៉ាងច្បាស់រួចទៅហើយ យើងអាចយល់បានដោយងាយថាទង្វើបែបនេះ បង្ហាញឱ្យឃើញពីគម្លាតដ៏ធំធេងរវាងការប្តេជ្ញាចិត្តដែលបានប្រកាសជាសាធារណៈ និងការអនុវត្តជាក់ស្តែង មិនត្រឹមតែរំលោភលើអធិបតេយ្យភាព ឬផលប្រយោជន៍ស្របច្បាប់របស់រដ្ឋមួយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យភាពជឿជាក់លើសណ្តាប់ធ្នាប់ច្បាប់អន្តរជាតិរងការរង្គោះរង្គើ ដែលយើងទាំងអស់គ្នាមានកាតព្វកិច្ចរួមក្នុងការការពារ និងថែរក្សាឱ្យបានគង់វង្ស។

អធិបតេយ្យភាពមិនអាចត្រូវបានយកមកធ្វើជាលេស ដើម្បីមិនគោរពវិធានរួម ឬគេចវេះពីការប្តេជ្ញាចិត្តដែលបានទទួលយកដោយសេរីនោះឡើយ។ ផ្ទុយទៅវិញអធិបតេយ្យភាពតែងតែភ្ជាប់មកជាមួយនូវការទទួលខុសត្រូវក្នុងការគោរពច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងកាតព្វកិច្ចដែលមានចែងក្នុងសន្ធិសញ្ញាអន្តរជាតិ។ គឺច្បាស់ណាស់ដែលថា ដោយសារតែរដ្ឋទាំងឡាយមានអធិបតេយ្យភាព ទើបពួកគេជ្រើសរើសដោយសេរីក្នុងការសហការ ការចុះកិច្ចព្រមព្រៀង និងការដោះស្រាយវិវាទរបស់តាមរយៈមធ្យោបាយសន្តិវិធីនានា ដែលមានចែងក្នុងច្បាប់អន្តរជាតិ ជាជាងការប្រើប្រាស់ការគំរាមកំហែង ការបង្ខិតបង្ខំ ឬការប្រើប្រាស់កម្លាំង។

អនុប្រធានទីមួយព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ដែរថា សម្រាប់កម្ពុជាដែលជាប្រទេសមួយមានប្រវត្តិសាស្ត្រពោរពេញដោយសោកនាដកម្ម និងការតស៊ូដើម្បីការពារអត្ថិភាពរបស់ជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដី គឺជាគោលការណ៍មូលដ្ឋានដែលមិនអាចយកមកចរចា ឬធ្វើសម្បទានបានជាដាច់ខាត។ អធិបតេយ្យភាព និងបូរណភាពទឹកដី គឺជាស្នូលនៃអត្តសញ្ញាណជាតិ ឯករាជ្យភាព និងសេចក្តីថ្លៃថ្នូររបស់ប្រជាជនកម្ពុជា។ ដោយប្រកាន់ខ្ជាប់យ៉ាងខ្ជាប់ខ្ជួននូវច្បាប់អន្តរជាតិ កម្ពុជានៅតែប្តេជ្ញាយ៉ាងមុតមាំក្នុងការការពារអធិបតេយ្យភាព ឯករាជ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន ព្រមជាមួយនិងបន្តលើកកម្ពស់ការសន្ទនា និងយន្តការសន្តិវិធីសម្រាប់ការដោះស្រាយវិវាទ។ ដ្បិតគ្មានព្រំដែនណាមួយអាចត្រូវបានផ្លាស់ប្តូរដោយកម្លាំង ការបង្ខិតបង្ខំ ឬការបង្កើតស្ថានភាពជាក់ស្តែងដោយឯកតោភាគីបានឡើយ៕