* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* អាកាសយានដ្ឋានអន្តរជាតិ Mandalay របស់មីយ៉ាន់ម៉ា ត្រូវបានបិទដំណើរការ ក្រោយរងការវាយប្រហារដោយដ្រូន
* រយៈពេល៣៣ឆ្នាំ CMAC បានបោសសម្អាត និងដុតកម្ទេចសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់
* គ្រោះរញ្ជួយដី ៦.២រ៉ិចទ័រ វាយប្រហារនៅឥណ្ឌូណេស៉ី ប៉ុន្តែមិនបង្កឱ្យមានរលកយក្សស៊ូណាមិឡើយ
* ទិន្នន័យ Fresh AI កើនឡើងដល់ 1.6 Billions ក្លាយជាឃ្លាំងស្តុកទិន្នន័យដ៏ធំសម្បើមសម្រាប់ប្រជាជនកម្ពុជាងាយស្រួលក្នុងការស្វែងរកអ្វីផ្សេងៗ
* កម្ពុជា និងមីយ៉ាន់ម៉ា ចុះហត្ថលើខាលើឯកសារ៤ រួមមានការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក មីន អោង ឡាំង ជួបប្រជុំទ្វេភាគី
* ករណីជនជាតិឥណ្ឌូណេស៉ី ជាង ៤០០នាក់ ស្នាក់នៅព្រលានយន្តហោះពោធិ៍ចិនតុង, ស្ថានទូតឥណ្ឌូណេស៉ី ថា រដ្ឋាភិបាលខ្លួននៅតែប្តេជ្ញាចិត្តការពារពួកគេ
* លោក មីន អោងឡាំង ចង់ឃើញអ្នកវិនិយោគកម្ពុជា ទៅវិនិយោគនៅមីយ៉ាន់ម៉ាកាន់តែច្រើន
* ជំហរកម្ពុជា៖ ប្រទេសណារិះគន់មីយ៉ាន់ម៉ា ជារឿងរបស់គេ តែកម្ពុជាគោរពតាមគោលការណ៍អាស៊ាន មិនជ្រៀតជ្រែកកិច្ចការផ្ទៃ ក្នុងប្រទេសដទៃ
* កិច្ចព្រមព្រៀងចំនួន៤រវាងរដ្ឋាភិបាលកម្ពុជា និងមីយ៉ាន់ម៉ា នឹងត្រូវចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក មីន អោងឡាំង
* ប្រធានាធិបតីមីយ៉ាន់ម៉ា គាំទ្រជំហរគោលការណ៍កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

សម័យប្រជុំពេញអង្គលើកទី៥១ នៃ APF, អនុប្រធានទីមួយព្រឹទ្ធសភាកម្ពុជា បញ្ជាក់ជាថ្មីថា កម្ពុជានៅតែប្តេជ្ញាការពារបូរណភាពទឹកដីរបស់ខ្លួន និងបន្តលើកកម្ពស់ការសន្ទនាសម្រាប់ការដោះស្រាយវិវាទព្រំដែន

11-07-2026 16:18

(កាមេរូន)៖ លោក អ៊ុច បូររិទ្ធ អនុប្រធានទីមួយព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ប្រធានសភានិយាយភាសាបារាំងកម្ពុជា និងអនុប្រធានសភានិយាយភាសាបារាំង (APF) បានថ្លែងបញ្ជាក់ប្រាប់អង្គប្រជុំពេញអង្គលើកទី៥១ នៃសភានិយាយភាសាបារាំង ថា កម្ពុជានៅតែប្តេជ្ញាយ៉ាងមុតមាំក្នុងការការពារអធិបតេយ្យភាព ឯករាជ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន ព្រមជាមួយនិងបន្តលើកកម្ពស់ការសន្ទនា និងយន្តការសន្តិវិធីសម្រាប់ការដោះស្រាយវិវាទ ដ្បិតគ្មានព្រំដែនណាមួយអាចត្រូវបានផ្លាស់ប្តូរដោយកម្លាំង ការបង្ខិតបង្ខំ ឬការបង្កើតស្ថានភាពជាក់ស្តែងដោយឯកតោភាគីបានឡើយ។

លោក អ៊ុច បូររិទ្ធ បានបញ្ជាក់ដូចនេះនាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ នាឱកាសដែលលោកអញ្ជើញឡើងធ្វើសេចក្តីថ្លែងការណ៍នៅសម័យប្រជុំពេញអង្គលើកទី៥១ នៃសភានិយាយភាសាបារាំង (APF) នៅទីក្រុងយ៉ាអុនដេ ប្រទេសកាមេរូន លើប្រធានបទ៖ “ពហុភាគីនិយម និងអធិបតេយ្យភាពរដ្ឋ” ។

លោក អ៊ុច បូររិទ្ធ បានបញ្ជាក់ថា បទពិសោធន៍ និងមេរៀនដែលដកស្រង់ចេញពីព្រឹត្តិការណ៍នាពេលថ្មីៗនេះ នៅតាមបណ្តោយព្រំដែនភាគខាងលិចរបស់កម្ពុជា បាននិងកំពុងផ្តល់នូវឧទាហរណ៍ជាក់ស្តែងមួយដ៏គួរឱ្យសោកស្តាយបំផុត។ នៅពេលដែលកិច្ចព្រមព្រៀងអន្តរជាតិទាំងឡាយ កំពុងត្រូវបានធ្វើឱ្យបាត់បង់តម្លៃ និងភាពជឿជាក់ជាឯកតោភាគីដោយខ្វះឆន្ទៈស្មោះត្រង់, នៅពេលដែលសេចក្តីសម្រេចទាំងឡាយរបស់តុលាការយុត្តិធម៌អន្តរជាតិ ត្រូវបានក្លាយជាកម្មវត្ថុនៃការចោទសួរពីសុពលភាព ឬត្រូវបានមើលរំលង, ឬមួយក៏នៅពេលដែលព្រំដែនដែលកំណត់ដោយច្បាប់អន្តរជាតិត្រូវបានរំលោភបំពាន ឬបំផ្លាញតាមរយៈការបង្កើតស្ថានភាពជាក់ស្តែងដោយឯកតោភាគី, នោះសំណួរដ៏សំខាន់មួយត្រូវបានចោទសួរឡើងថា តើតម្លៃនៃសេចក្តីថ្លែងការណ៍ដែលអះអាងអំពីឆន្ទៈក្នុងការកសាងទំនុកចិត្តទៅវិញទៅមក ពីការគោរពច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ក៏ដូចជាការស្វែងរកដំណោះស្រាយដោយសន្តិវិធី និងយូរអង្វែង នៅឯណាទៅ?

លោក អ៊ុច បូររិទ្ធ បានបញ្ជាក់ទៀតថា ការពិតបានបង្ហាញយ៉ាងច្បាស់រួចទៅហើយ យើងអាចយល់បានដោយងាយថាទង្វើបែបនេះ បង្ហាញឱ្យឃើញពីគម្លាតដ៏ធំធេងរវាងការប្តេជ្ញាចិត្តដែលបានប្រកាសជាសាធារណៈ និងការអនុវត្តជាក់ស្តែង មិនត្រឹមតែរំលោភលើអធិបតេយ្យភាព ឬផលប្រយោជន៍ស្របច្បាប់របស់រដ្ឋមួយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យភាពជឿជាក់លើសណ្តាប់ធ្នាប់ច្បាប់អន្តរជាតិរងការរង្គោះរង្គើ ដែលយើងទាំងអស់គ្នាមានកាតព្វកិច្ចរួមក្នុងការការពារ និងថែរក្សាឱ្យបានគង់វង្ស។

អធិបតេយ្យភាពមិនអាចត្រូវបានយកមកធ្វើជាលេស ដើម្បីមិនគោរពវិធានរួម ឬគេចវេះពីការប្តេជ្ញាចិត្តដែលបានទទួលយកដោយសេរីនោះឡើយ។ ផ្ទុយទៅវិញអធិបតេយ្យភាពតែងតែភ្ជាប់មកជាមួយនូវការទទួលខុសត្រូវក្នុងការគោរពច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងកាតព្វកិច្ចដែលមានចែងក្នុងសន្ធិសញ្ញាអន្តរជាតិ។ ច្បាស់ណាស់ដែលថា ដោយសារតែរដ្ឋទាំងឡាយមានអធិបតេយ្យភាព ទើបពួកគេជ្រើសរើសដោយសេរីក្នុងការសហការ ការចុះកិច្ចព្រមព្រៀង និងការដោះស្រាយវិវាទរបស់តាមរយៈមធ្យោបាយសន្តិវិធីនានា ដែលមានចែងក្នុងច្បាប់អន្តរជាតិ ជាជាងការប្រើប្រាស់ការគំរាមកំហែង ការបង្ខិតបង្ខំ ឬការប្រើប្រាស់កម្លាំង។

អនុប្រធានទីមួយព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ដែរថា សម្រាប់កម្ពុជាដែលជាប្រទេសមួយមានប្រវត្តិសាស្ត្រពោរពេញដោយសោកនាដកម្ម និងការតស៊ូដើម្បីការពារអត្ថិភាពរបស់ជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដី គឺជាគោលការណ៍មូលដ្ឋានដែលមិនអាចយកមកចរចា ឬធ្វើសម្បទានបានជាដាច់ខាត។ អធិបតេយ្យភាព និងបូរណភាពទឹកដី គឺជាស្នូលនៃអត្តសញ្ញាណជាតិ ឯករាជ្យភាព និងសេចក្តីថ្លៃថ្នូររបស់ប្រជាជនកម្ពុជា។

ដោយប្រកាន់ខ្ជាប់យ៉ាងខ្ជាប់ខ្ជួននូវច្បាប់អន្តរជាតិ កម្ពុជានៅតែប្តេជ្ញាយ៉ាងមុតមាំក្នុងការការពារអធិបតេយ្យភាព ឯករាជ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន ព្រមជាមួយនិងបន្តលើកកម្ពស់ការសន្ទនា និងយន្តការសន្តិវិធីសម្រាប់ការដោះស្រាយវិវាទ។ ដ្បិតគ្មានព្រំដែនណាមួយអាចត្រូវបានផ្លាស់ប្តូរដោយកម្លាំង ការបង្ខិតបង្ខំ ឬការបង្កើតស្ថានភាពជាក់ស្តែងដោយឯកតោភាគីបានឡើយ៕