មន្ទីរសុខាភិបាលខេត្តរតនគិរី បើកយុទ្ធនាការទ្រង់ទ្រាយធំ ទប់ស្កាត់ និងបង្ការជំងឺគ្រុនឈាមតាមសហគមន៍

11-07-2026 16:34

(រតនគិរី)៖ លោកអនុបណ្ឌិត ជា សានិត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរតនគិរី បានដឹកនាំក្រុមការងារប្រយុទ្ធ និងបង្ការជំងឺគ្រុនឈាម ចុះធ្វើសកម្មភាពអប់រំ ផ្សព្វផ្សាយ និងអនុវត្តវិធានការបង្ការជំងឺគ្រុនឈាមយ៉ាងសកម្ម នៅតាមបណ្តាភូមិ ឃុំ ស្រុក ក្រុងនានាក្នុងខេត្ត។ យុទ្ធនាការនេះមានគោលបំណងសំខាន់ក្នុងការកម្ចាត់វត្ថុដក់ទឹក ដែលជាកន្លែងបង្កកំណើតកូនចៅមូសខ្លា។

ស្របពេលជាមួយគ្នានេះ ប្រទេសកម្ពុជាកំពុងទទួលឥទ្ធិពលនៃបាតុភូតកើនកម្តៅ (El Niño) ដែលអាចធ្វើឲ្យមានការកើនឡើងនូវចំនួនមូសខ្លា និងជំងឺគ្រុនឈាមនៅតំបន់អាស៊ីប៉ាស៊ីហ្វិក រួមទាំងព្រះរាជាណាចក្រកម្ពុជាផងដែរ។ ស្ថានភាពនេះទាមទារឲ្យមានការចូលរួមយ៉ាងសកម្មពីបុគ្គលម្នាក់ៗ គ្រួសារ និងសហគមន៍ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ។

ថ្លែងក្នុងពិធីជួបជុំក្រុមការងារជំនាញរបស់មន្ទីរសុខាភិបាល និងប្រធានការិយាល័យស្រុកប្រតិបត្តិក្រុង ស្រុក នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ លោកអនុបណ្ឌិត ជា សានិត បានជំរុញឲ្យក្រុមការងារទាំងអស់ដែលចុះផ្ទាល់ តាមមូលដ្ឋាន ណែនាំប្រជាពលរដ្ឋអំពីសារៈសំខាន់នៃការរក្សាអនាម័យបរិស្ថាន។

សកម្មភាពសំខាន់ដែលបានអនុវត្តរួមមាន ការលុបបំបាត់កន្លែងសត្វមូសខ្លាចូលចិត្តរស់នៅ និងកន្លែងដក់ទឹក ដូចជាសំបកកង់ឡាន ត្រឡោកដូង កែវ ចាន ជ័រស្នោ ក្រឡដែលបោះបង់ចោល ពាង អាង ធុងដាក់ទឹក ទឹកថូផ្កា ចានទ្រជើងតុ ទូ និងពែង ដែលបង្កើតជាប្រភពដក់ទឹក និងជម្រកសត្វមូសខ្លា។

អនុបណ្ឌិត ជា សានិត បានបញ្ជាក់ទៀតថា ក្រសួងសុខាភិបាលសូមក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ទាំងអស់ ចូលរួមចលនាកាត់បន្ថយ តាមដាន និងទប់ស្កាត់ការកកើតសត្វមូស ដោយប្រកាន់ខ្ជាប់នូវគោលជំហរស្របនឹងពាក្យស្លោក "ខ្ញុំ និងគ្រួសារខ្ញុំ ជាគ្រួសារគំរូ ព្រោះផ្ទះខ្ញុំ និងលំនៅដ្ឋានរបស់ខ្ញុំគ្មានដង្កូវទឹក" ព្រមទាំងអនុវត្តនូវវិធានការអន្តរាគមន៍ ប្រកបដោយភាពទទួលខុសត្រូវ និងស្មារតីខ្ពស់ ដើម្បីការពារសុខភាពផ្ទាល់ខ្លួន ក្រុមគ្រួសារ និងសហគមន៍។

ឆ្លៀតក្នុងឱកាសនេះ លោកអនុបណ្ឌិត ជា សានិត បានអំពាវនាវជាពិសេសដល់មាតាបិតា អាណាព្យាបាល និងប្រជាពលរដ្ឋទូទៅ ឲ្យយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពកុមារ និងសមាជិកគ្រួសារ។ ប្រសិនបើមានរោគសញ្ញា សង្ស័យថាមានជំងឺគ្រុនឈាម ដូចជាគ្រុនក្តៅខ្លាំង ឈឺក្បាល ឈឺខ្លួនប្រាណ ក្អួតចង្អោរ ឬមានស្នាមកន្ទួលក្រហមលើស្បែក ត្រូវប្រញាប់បញ្ជូនអ្នកជំងឺទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋដែលនៅជិតបំផុតឲ្យបានឆាប់រហ័ស។ ការស្វែងរកការពិនិត្យ និងព្យាបាលទាន់ពេលវេលា គឺជារឿងសំខាន់បំផុតដើម្បីជៀសវាងផលវិបាកធ្ងន់ធ្ងរ ឬគ្រោះថ្នាក់ដល់អាយុជីវិតដែលអាចកើតឡើងប្រសិនបើការព្យាបាលមានភាពយឺតយ៉ាវ។ យុទ្ធនាការនេះនឹងបន្តពង្រឹង ការងារបង្ការ និងអប់រំ ដើម្បីធានាបាននូវសុខភាពល្អរបស់ប្រជាពលរដ្ឋក្នុងខេត្តរតនគិរី៕