* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

បណ្ឌិត សម តារា៖ កូនៗត្រូវចាំថា កំហុសដ៏ធំបំផុតមួយរបស់កូន គឺការមើលឃើញមនុស្សចាស់ ជាអ្នករង់ចាំការជួយឧបត្ថម្ភតែប៉ុណ្ណោះ

11-07-2026 17:08

(ភ្នំពេញ)៖ លោកបណ្ឌិត សម តារា តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង បានលើកឡើងនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួននៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ ថា កូនត្រូវចាំថា កំហុសដ៏ធំបំផុតមួយរបស់កូន គឺការមើលឃើញមនុស្សចាស់ថា ជាអ្នករង់ចាំការជួយឧបត្ថម្ភតែប៉ុណ្ណោះ។ ខុសស្រឡះ ពួកគាត់ពិតជាបានហូបអំបិលច្រើនជាងកូន ពួកគាត់គឺជាបណ្ណាល័យរស់ដែលពោពេញដោយបទពិសោធន៍។ ពួកគាត់បានឆ្លងកាត់ការផ្លាស់ប្តូរនយោបាយ សេដ្ឋកិច្ច សង្គម និងបច្ចេកវិទ្យាជាច្រើន ដែលមនុស្សជំនាន់កូនមិនបានដឹង។

លោកបណ្ឌិតបានបន្តថា «កាតព្វកិច្ចដែលយើងជំពាក់ខ្លួនឯងមនុស្សគ្រប់រូបមានចំណុចរួមមួយដែលមិនអាចជៀសវាងបាន គឺប្រសិនបើយើងមានសំណាងរស់នៅបានអាយុវែង យើងទាំងអស់គ្នានឹងឈានចូលវ័យចាស់ជរា។ ពេញមួយជីវិតរបស់យើង យើងចំណាយពេលសម្រាប់ការសិក្សា ការងារ ជីវិតអាពាហ៍ពិពាហ៍ ការចិញ្ចឹមជីវិត ការបីបាច់ថែរក្សាបណ្តុះកូនៗដើម្បីអនាគតរបស់ពួកគេ ប៉ុន្តែមានមនុស្សភាគច្រើនមិនសូវបានគិតគូររៀបចំ សម្រាប់ដំណាក់កាលចុងក្រោយនៃជីវិតរបស់ខ្លួនឯងឡើយ។ ជាលទ្ធផល ពេលវ័យចាស់ចូលមកដល់ ភាគច្រើន យើងមិនទាន់បានត្រៀមខ្លួនរួចរាល់ទេ មិនមែនដោយសារមិនដឹងថាវានឹងមកដល់នោះទេ ប៉ុន្តែដោយសារយើងភ្លេចខ្លួនមិនបានគិតពីខ្លួនឯង ឬម្យ៉ាង អាចគិតថាវាមិនអីទេ វានៅឆ្ងាយនៅឡើយ»។

លោកបណ្ឌិតបានបន្ថែមថា មានការត្រៀមខ្លួនសម្រាប់វ័យចាស់ មិនមែនជាគំនិតអវិជ្ជមាន ឬការភ័យខ្លាចចំពោះអនាគតនោះទេ។ ផ្ទុយទៅវិញ វាជាប្រាជ្ញានៃការយកចិត្តទុកដាក់ ការទទួលខុសត្រូវ និងការគោរពចំពោះខ្លួនឯង និងមនុស្សជាទីស្រឡាញ់ដែលនៅជុំវិញខ្លួនយើង។ គុណភាពនៃជីវិតក្នុងវ័យចាស់ អាស្រ័យយ៉ាងខ្លាំងលើការសម្រេចចិត្ត ដោយមានការរៀបចំខ្លួនរបស់យើងតាំងពីវ័យក្មេង។ចំណាស់វ័យមិនមែនជាជំងឺទេ វាជាដំណាក់កាលធម្មជាតិនៃជីវិត។

លោកបណ្ឌិតបានបញ្ជាក់ថា ទោះជាយ៉ាងណា ភាពចាស់ជរារបស់មនុស្សបង្កឱ្យមានការផ្លាស់ប្តូរជាច្រើនដែលជាបញ្ហា ហើយស្ទើរតែមនុស្សគ្រប់រូបត្រូវប្រឈម។ វ័យកាន់តែចាស់ កម្លាំងកាយនឹងថយចុះជាបន្តបន្ទាប់។ កិច្ចការដែលធ្លាប់ធ្វើបានដោយងាយស្រួល អាចក្លាយជាការលំបាក។ ភ្នែក និងត្រចៀកអាចចុះខ្សោយ ឆ្អឹងកាន់តែងាយបាក់ ហើយការស្ដារសុខភាពក្រោយជំងឺក៏ត្រូវការពេលវេលាយូរជាងពេលក្មេង។ ការផ្លាស់ប្តូរទាំងនេះ មិនមែនជាការបរាជ័យរបស់រាងកាយទេ ប៉ុន្តែជាផ្នែកមួយនៃដំណើរជីវិត។

ក្រៅពីការផ្លាស់ប្តូរផ្នែករាងកាយ វ័យចាស់ក៏នាំមកនូវការប្រែប្រួលផ្លូវចិត្ត និងអារម្មណ៍ផងដែរ។ មនុស្សចាស់ជាច្រើនតែងមានអារម្មណ៍ឯកោ បន្ទាប់ពីចូលនិវត្តន៍ កូនៗបែកទៅមានគ្រួសាររៀងៗខ្លួន ឬបាត់បង់មិត្តភក្តិ និងដៃគូជីវិត។ អ្នកខ្លះប្រឈមនឹងការចុះខ្សោយនៃការចងចាំ ខណៈអ្នកខ្លះទៀតមានអារម្មណ៍ថា សង្គមលែងឱ្យតម្លៃលើបទពិសោធន៍របស់ខ្លួន។ ការប្រឈមនឹងអារម្មណ៍ទាំងនេះ ពេលខ្លះធ្ងន់ធ្ងរមិនចាញ់ជំងឺរាងកាយឡើយ។

ភាគច្រើនលើសលប់តែងប្រឈមនឹងស្ថានភាពហិរញ្ញវត្ថុប្រែប្រួល ប្រាក់ចំណូលប្រចាំខែដែលធ្លាប់ទទួលបាន ធ្លាក់ចុះ ឬអាចបាត់បង់ទាំងស្រុង ខណៈការចំណាយលើសុខភាពកាន់តែកើនឡើង។ រាល់ការប្រឈមទាំងនេះ ប្រសិនបើគ្មានការរៀបចំទុកជាមុន មនុស្សវ័យចំណាស់ភាគច្រើននឹងត្រូវពឹងផ្អែកលើអ្នកដទៃ ដែលអាចបង្កើតសម្ពាធទាំងចំពោះខ្លួនឯង និងក្រុមគ្រួសារ។ ក្នុងស្ថានភាពបែបនេះ អ្វីដែលធ្លាក់ចុះលឿនបំផុតនោះមិនមែនកម្លាំង កាយនោះទេ នោះគឺអារម្មណ៍ដែលយល់ថា ខ្លួនលែងមានតម្លៃ ឬលែងមានតួនាទីនៅក្នុងគ្រួសារ និងសង្គម។ មនុស្សគ្រប់រូប មិនថាវ័យណាក៏ដោយ តែងប្រាថ្នាចង់បានការគោរព និងការឱ្យតម្លៃ។ មានការត្រៀមលក្ខណៈជាមុនសម្រាប់វ័យចំណាស់របស់ខ្លួនតាំងពីក្មេងគឺជារឿងល្អ។ មនុស្សជាច្រើនគិតថា វ័យចាស់ជារាជាបញ្ហាធម្មតារបស់មនុស្ស ដែលមិនគួរយកមកគិតច្រើនពេក។ ប៉ុន្តែដំណើរជីវិតមនុស្សគ្រប់រូប គឺជាជំហានមួយដែលនាំយើងខិតទៅរកវ័យនោះ វ័យនោះហើយដែលចងភ្ជាប់បញ្ហារបស់យើងទាំងអស់គ្នាទៅនិងសង្គមមនុស្សជុំវិញខ្លួនរបស់យើង។

ដូច្នេះ មានការរៀបចំ ការគិតគូរតាំងពីវ័យក្មេង តាំងពីពេលដែលកំពុងមានសមត្ថភាព គឺជាការមិនធ្វើបាបជីវិតខ្លួនឯង មិនធ្វើបាបអ្នកដ៏ទៃ លើកតម្លៃខ្លួនឯង និងជួយលើកកំពស់សេចក្តីថ្លៃថ្នូរគ្រួសារ និងសង្គមជាតិ។
តម្លៃនៃគ្រួសារមួយ មិនត្រូវបានវាស់វែងត្រឹមតែពីរបៀបដែលខ្លួនចេះបណ្តុះបណ្តាលកូនៗប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវបានវាស់វែងតាមរយៈរបៀបដែលខ្លួនគោរព និងថែទាំមនុស្សចាស់ផងដែរ។

គ្រួសារគឺជាកន្លែងដំបូងនៃការថែទាំ និងការលើកកំពស់ផ្លូវចិត្ត។ មនុស្សចាស់មិនត្រូវការតែអាហារ ថ្នាំពេទ្យ ឬជំនួយហិរញ្ញវត្ថុប៉ុណ្ណោះទេ។ ពួកគាត់ក៏ត្រូវការពេលវេលា ការសន្ទនា ការយកចិត្តទុកដាក់ និងការចូលរួមក្នុងជីវិតគ្រួសារផងដែរ។ ដូច្នេះកូនៗគួរចងចាំថា អ្នកដែលធ្លាប់លះបង់កម្លាំងកាយ កម្លាំងចិត្ត ពេលវេលា និងឱកាសជាច្រើន ដើម្បីជ័យជំនះរបស់ពួកកូន ថ្ងៃមួយនឹងក្លាយជាអ្នកដែលត្រូវការការយកចិត្តទុកដាក់ និងការអត់ធ្មត់ពីកូនៗវិញ។ ការមើលថែឪពុកម្តាយ មិនមែនជាបន្ទុកទេ ប៉ុន្តែជាការសងគុណ ជាតម្លៃ ជាសេចក្តីថ្លៃថ្នូររបស់កូន និងជាការបង្ហាញពីសណ្តានមនុស្សធម៌ក្នុងនាមជាមនុស្ស។

ក្នុងពេលជាមួយគ្នានេះ លោកឪពុក អ្នកម្តាយវ័យចំណាស់ក៏គួរតែរៀបចំខ្លួនឱ្យមានសុខភាពល្អ សកម្ម និងឯករាជ្យតាមដែលអាចធ្វើទៅបាន។ ការយល់ពីគ្នាទៅវិញទៅមក គឺជាការពង្រឹងភាពសុខដុមរមនាក្នុងគ្រួសារ។ វ័យចាស់របស់មនុស្សមិនមែនជាទីបញ្ចប់នៃជីវិតនោះទេ គឺជាជំពូកថ្មីមួយនៃដំណើររស់នៅរបស់មនុស្ស។ ជំពូកនោះនឹងពោរពេញដោយសេចក្តីថ្លៃថ្នូរ ឯករាជ្យភាព និងសុភមង្គល ឬយ៉ាងណា គឺអាស្រ័យដោយសមត្ថភាពនៃការសម្រេចចិត្តរបស់យើងនៅពេលដែលយើងកំពុងមានកម្លាំង៕