លោក ឃឹង សារ៉ាត់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំថ្មពូន ចុះជួបសំណេះសំណាលជាមួយយុវជនបក្សក្នុងឃុំថ្មពូនចំនួន ២៧៤នាក់ និងណែនាំឱ្យរក្សាធ្លុងសាមគ្គីភាព ដើម្បីយកឈ្នះក្នុងការបោះឆ្នោត នាពេលខាងមុខ

11-07-2026 17:44

(ព្រៃវែង)៖ លោក ឃឹង សារ៉ាត់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំថ្មពូន ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង នៅព្រឹកថ្ងៃសៅរ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញពីធីសំណេះសំណាលជាមួយយុវជនគណបក្សប្រជាជនកម្ពុជា មកពីតាមបណ្តាភូមិទាំង១១ ក្នុងឃុំថ្មពូន សរុបចំនួន២៧៤នាក់ (ស្រី១៣៨នាក់)។

ក្នុងឱកាសនោះលោកប្រធាន បានពាំនាំនូវក្តីនឹករលឹក និងការសាកសួរសុខទុក្ខពីសំណាក់ នាយឧត្តមសេនីយ៍ ស ថេត អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តព្រៃវែង និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកកញ្ជ្រៀច និងកំចាយមារ ខេត្តព្រៃវែង ចំពោះបងប្អូនយុវជនបក្ស និងសមាជិក សមាជិកាបក្សទាំងអស់។

លោក ឃឹង សារ៉ាត់ បានថ្លែងនូវការវាយតម្លៃខ្ពស់ និងសូមសរសើរចំពោះក្រុមការងារ ដែលបានការរៀបចំផែនសម្រាប់យុវជនគណបក្ស មានរចនាសម្ព័ន្ធ និងតួនាទីភារកិច្ច សម្រាប់ការអនុវត្តឱ្យមានប្រសិទ្ធភាព ធ្វើឱ្យយុវជនគណបក្សរបស់យើង ចូលរួមធ្វើសកម្មភាព បង្ហាញពីភាពខ្លាំងរបស់យុវជន និងធ្វើឱ្យគណបក្សដទៃទៀត មិនអាចអូសទាញ ឬបំផុសបំបាក់ សំឡុត ស្មារតីបានទេ។

លោកបន្តថា បច្ចុប្បន្ននេះទោះជាបញ្ហាព្រំដែនកម្ពុជា-ថៃ មានការបិទព្រំដែនគ្រប់ច្រក ក្នុងបញ្ហានេះបានបង្ហាញថាប្រជាពលរដ្ឋកម្ពុជាមានការស្មាមគ្គី ពហិកា មិនប្រើប្រាស់របស់សៀម ជាដាច់ខាត និងងាកមកប្រើប្រាស់នូវផលិតផលខ្មែរវិញ រួមទាំងជំរុញនូវការបង្កើតការផលិតរបស់ក្នុងស្រុកកាន់តែសំបូរ ដូចនេះយុវជនគណបក្សប្រជាជន ត្រូវដឹង គោលជំហររបស់គណបក្សប្រជាជន ពីសភាការណ៍ទូទៅ ជុំវិញបញ្ហាព្រំដែនពេលថ្មីៗ និងរបស់រដ្ឋាភិបាល ក្នុងការដោះស្រាយ ។

លោកជំរុញឱ្យយុវជនត្រូវចូលរួមផ្សព្វផ្សាយនូវការគាំទ្រជាមួយរដ្ឋាភិបាល ដល់សមាជិក សមាជិកាបន្តក្នុងនាមជា យុវជនគណបក្ស ព្រោះយុវជនគណបក្សប្រជាជនកម្ពុជា គឺការធ្វើជាកម្លាំងសសរទ្រូង ដើម្បីការពារសន្តិភាព ការអភិវឌ្ឍប្រទេសជាតិ និងផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រជាជន។ កម្លាំងយុវជនមានភារកិច្ចចម្បងក្នុងការជួយគាំទ្ររាជ រដ្ឋាភិបាល តាមរយៈការអនុវត្តគោលនយោបាយបក្ស និងការចុះសួរសុខទុក្ខ ដោះស្រាយការលំបាកដល់មូលដ្ឋានផ្ទាល់។

បន្ថែមពីនេះ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំថ្មពូន បានណែនាំឱ្យយុវជនទាំងអស់ ត្រូវគិតគូរអនុវត្តន៍ការងារមួយចំនួនរួមមាន៖

១. ជាយុវជនគណបក្សត្រូវការពារសន្តិភាព និងអធិបតេយ្យភាពចូលរួមកម្លាំងសាមគ្គីជាតិ ដើម្បីការពារបូរណភាពទឹកដី និងផ្សព្វផ្សាយពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល។បំផុសស្មារតីជាតិនិយម ការស្រឡាញ់ជាតិ និងលើកទឹកចិត្តឱ្យប្រើប្រាស់ផលិតផលក្នុងស្រុក តាមមូលដ្ឋានរាងៗខ្លួន។

២. បន្តការងារចុះមូលដ្ឋានខ្លួន ផ្ទាល់តាមខ្នងផ្ទះដើម្បីក្តាប់សភាពការណ៍ សួរសុខទុក្ខ នឹងតម្រូវការរបស់ប្រជាពលរដ្ឋ អនុវត្តយន្តការគាំពារសង្គម ដូចជាការចុះសួរសុខទុក្ខអ្នកជំងឺ ការចូលរួមរំលែកទុក្ខ និងផ្ដល់អំណោយឧបត្ថម្ភដល់គ្រួសារខ្វះខាត ផ្សព្វផ្សាយកម្មវិធីនយោបាយរបស់បក្ស និងច្បាប់របស់រដ្ឋដល់ប្រជាជនឱ្យបានទូលំទូលាយ ។

៣. ផ្សព្វផ្សាយនូវឧបាយកល ក្រុមប្រឆាំងនៅក្រៅប្រទេសចំនួន ដែលផ្សាយនូវព័ត៌មានប្រឌិត មួលបង្កាច់ ចង់ផ្ដួលរលំរដ្ឋាភិបាលស្របច្បាប់។

៤. ពង្រឹងសមត្ថភាព និងការអប់រំចូលរួមលើកកម្ពស់គុណធម៌ សីលធម៌ និងវិន័យក្នុងស្រទាប់យុវជន និងកុមារ លើកទឹកចិត្ត និងគាំទ្រដល់ការសិក្សារៀនសូត្ររបស់សិស្សានុសិស្ស ដើម្បីពង្រឹងធនធានមនុស្សសម្រាប់ អនាគតជាយុវជនគណបក្សដ៏ល្អ ។

៥. ពង្រឹងផ្ទៃក្នុង និងការគាំទ្របក្សកៀរគរ និងបំផុសស្មារតីយុវជនឱ្យបន្តគាំទ្រ និងបោះឆ្នោតជូនគណបក្ស រក្សាធ្លុងសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងប្រតិបត្តិឱ្យបានត្រឹមត្រូវតាមលក្ខន្តិកៈរបស់គណបក្ស ។

៦. សូមពិនិត្យឈ្មោះ និងចុះឈ្មោះឱ្យគ្រប់ៗគ្នា ក្នុងការទទួលបានជ័យជំនះរបស់គណបក្សប្រជាជនកម្ពុជាយើង។

ក្នុងឱកាសនោះ លោក ឃឹង សារ៉ាត់ បាននាំយកថវិការបស់នាយឧត្តមសេនីយ៍ ស ថេត អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តព្រៃវែង និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកកញ្ជ្រៀច និងកំចាយមារ ខេត្តព្រៃវែង ឧបត្ថម្ភដល់យុវជនបក្សដែលបានចូលរួម និងឧបត្ថម្ភស្បៀងបម្រុងមួយចំនួនផងដែរ៕