អ្នកតំណាងរាស្ដ្រមណ្ឌលភ្នំពេញ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង ចុះសំណេះសំណាលសួរសុខទុក្ខជាមួយសមាជិក សមាជិកាបក្ស នៅសង្កាត់ទឹកថ្លា
12-07-2026 07:39
(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង សមាជិកគណៈកម្មាធិការកណ្តាល អ្នកតំណាងរាស្ដ្រមណ្ឌលរាជធានីភ្នំពេញ និងជាអនុប្រធានក្រុមការងារចុះជួយខណ្ឌសែនសុខ នៅរសៀលថ្ងៃសៅរ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខប្រធាន អនុប្រធានសាខាបក្សភូមិ និងជំនួយការ នៅក្នុងបរិវេណទីស្នាក់ការគណបក្សសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្នុងកិច្ចសំណេះសំណាលនេះក៏បានអមដំណើរដោយលោក ឈី ហុង សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌសែនសុខ និងជារដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកសាស្ត្រាចារ្យ ងី ម៉េង ប្រធានក្រុមការងារចុះជួយសង្កាត់ទឹកថ្លា និងក្រុមការងារចុះជួយភូមិទាំង៧ផងដែរ។
នាឱកាសនោះលោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង ក៏ដូចសមាជិក សមាជិកាបក្ស បានសម្ដែងនូវអារម្មណ៍សប្បាយរីករាយ និងក្ដីនឹករលឹក រួមទាំងបង្ហាញពីសកម្មភាពការងារដែលបានអនុវត្ដកន្លងមក និងកិច្ចការងារដែលត្រូវបន្ដ ក្នុងការបម្រើសេវាសាធារណៈជូនប្រជាជន។ជាងនេះទៅទៀតលោកសាស្ដ្រាចារ្យបានជំរុញដល់សមាជិកបក្ស ត្រូវពង្រីកសមត្ថភាព និងពង្រឹងសា្មរតី ក្នុងការបម្រើ និងឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋយើងឱ្យទាន់ពេលវេលា ហើយត្រូវផ្ដល់នូវសុខសុវត្ថិភាព ជាពិសេសសុខុមាលភាពជូនប្រជាជន។
ជាមួយគ្នានេះសមាជិក សមាជិកាបក្សក៏បង្ហាញការប្ដេជ្ញាចិត្ដ សហការរួមគ្នា និងបន្ដខិតខំប្រឹងប្រែងពង្រឹង និងពង្រីកសមត្ថភាពការងារឱ្យកាន់តែប្រសើរបន្ថែមទៀត ដើម្បីបម្រើនូវសេវាសាធារណៈជូនប្រជាជននៅក្នុងមូលដ្ឋានប្រកបដោយភាពកក់ក្ដៅ និងទំនុកចិត្ដខ្ពស់។
ឆ្លៀតក្នុងឱកាសនោះដែរលោកសាស្ដ្រាចារ្យក៏បានថ្លែងអំណរគុណដល់សមាជិក សមាជិកបក្សទាំងអស់ ដែលតែងតែខិតខំប្រឹងប្រែងបំពេញភារកិច្ចដោយការទទួលខុសត្រូវខ្ពស់។ មុននឹងបញ្ចប់កិច្ចសំណេះសំណាលអ្នកតំណាងរាស្ដ្រមណ្ឌលភ្នំពេញ ក៏បានផ្ដល់ផ្ដល់អនុសាសន៍ណែនាំបន្ថែមទៀត ដើម្បីឱ្យការអនុវត្ដន៍ការងារទៅថ្ងៃមុខកាន់តែទទួលបានផ្លែផ្កាជាទីគាប់ចិត្ដ៕












