សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ប្រជាជនកម្ពុជានឹងកើនដល់ ២៤លាននាក់ក្នុងឆ្នាំ២០៥០, ទាមទារការវិនិយោគលើប្រជាជនវ័យក្មេង ពីឥឡូវនេះ (Video inside)
13-07-2026 09:47
(ភ្នំពេញ)៖ តាមរយៈសារលិខិតក្នុងឱកាសទិវា «ប្រជាជនពិភពលោកលើកទី៣៧» សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ប្រជាជនកម្ពុជានឹងកើនដល់ប្រហែល ២៤លាននាក់នៅឆ្នាំ២០៥០ ក្នុងនោះប្រជាជនវ័យក្រោម ១៥ឆ្នាំនឹងថយចុះដល់ ២១.៨% និងវ័យ ១៥-៣៤ឆ្នាំ នឹងថយចុះដល់ ២៨.២% ខណៈដែលប្រជាជនវ័យ ៣៥-៦៤ឆ្នាំនឹងកើនដល់ ៣៧.២% និងវ័យ៦៥ឆ្នាំឡើងនឹងកើនដល់ ១២.៧%។ ការប្រែប្រួលរចនាសម្ព័ន្ធអាយុនេះ បញ្ជាក់យ៉ាងច្បាស់ថាពេលវេលាដើម្បីវិនិយោគលើប្រជាជនវ័យក្មេងគឺឥឡូវនេះ។
សារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវា «ប្រជាជនពិភពលោកលើកទី៣៧» ១១ កក្កដា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការសម្រេចបានក្តីសង្ឃឹម និងសេចក្តីប្រាថ្នារបស់ប្រជាជនវ័យក្មេង សម្រាប់ពេលបច្ចុប្បន្ននិង អនាគត» ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦នេះ បានបញ្ជាក់ឱ្យដឹងថា យោងតាមរបាយការណ៍អង្កេតចន្លោះជំរឿនប្រជាជន នៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២៤ ប្រជាជនកម្ពុជាមានចំនួន ១៧.៣លាននាក់ ក្នុងនោះប្រជាជនវ័យក្រោម ១៥ឆ្នាំ មានចំនួន ២៦.៨% វ័យ ១៥-៣៤ឆ្នាំ មានចំនួន ៣៤.៦% វ័យ ៣៥-៦៤ឆ្នាំ មានចំនួន ៣២.១% និងវ័យ ៦៥ឆ្នាំឡើងមានចំនួន៦.៥%។
ទិន្នន័យនេះបង្ហាញយ៉ាងច្បាស់ថា បញ្ហាប្រជាជន គឺជាបញ្ហាគន្លឹះដែលពាក់ព័ន្ធផ្ទាល់នឹងគុណភាព ធនធានមនុស្ស កម្លាំងពលកម្ម ទីផ្សារការងារ ការផ្តល់សេវាសាធារណៈ សុខុមាលភាពគ្រួសារ និងសន្តិសុខ សង្គមនាពេលអនាគត។ ដូច្នេះការរៀបចំគោលនយោបាយប្រជាជន ត្រូវផ្អែកលើទិន្នន័យត្រឹមត្រូវ ទាន់ពេលវេលា និងប្រើប្រាស់បានក្នុងការសម្រេចចិត្ត ដើម្បីធានាថាការអភិវឌ្ឍរបស់កម្ពុជាមានលក្ខណៈគ្រប់ជ្រុងជ្រោយ ប្រកបដោយចីរភាព និងមិនទុកអ្នកណាម្នាក់ចោល។
សម្តេចសង្កត់ធ្ងន់ថា «ប្រសិនបើយើងខកខានមិនបានផ្តល់ឱកាស និងការគាំទ្រដល់ប្រជាជនវ័យក្មេងនាពេលបច្ចុប្បន្ន យើងនឹងប្រឈមនឹងបញ្ហានានានៅពេលខាងមុខ ដូចជាការមិនទទួលបាននូវភាគលាភប្រជាសាស្ត្រទីពីរ កង្វះកម្លាំងពលកម្មជំនាញ និងការកើនឡើងនៃបន្ទុកសេដ្ឋកិច្ច និងសង្គមដោយសារកំណើនប្រជាជនវ័យចាស់។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ដែរថា ការកើនឡើងនៃប្រជាជនវ័យចាស់ ជាបញ្ហាមិនអាចចៀសផុតទៅថ្ងៃមុខ ក៏ប៉ុន្តែយើងត្រូវបុរេសកម្មក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធសង្គម ទុកជាមុនសម្រាប់ប្រជាជនវ័យចាស់ ដើម្បីប្រែក្លាយភាពជាបន្ទុកនៃប្រជាជន វ័យចាស់ទៅជាភាគលាភប្រជាសាស្ត្រទីពីរ និងកាលានុវត្តភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចពណ៌ប្រាក់។
នៅពេលដែលប្រជាជនវ័យក្មេង បច្ចុប្បន្នទទួលបានឱកាសការងារ និងប្រាក់ចំណូលសមរម្យ ពួកគេមិនត្រឹមតែអាចលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ នៅពេលបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានលទ្ធភាពសន្សំ និងកសាងសុវត្ថិភាព ហិរញ្ញវត្ថុ សម្រាប់ធានាដល់ការរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ មានលទ្ធភាពគាំទ្រកូនចៅជំនាន់ក្រោយ និងវិនិយោគបន្ត នៅពេលដែលពួកគាត់ឈានចូលវ័យចាស់ផងដែរ៕







