ពលរដ្ឋភៀសសឹកកំពុងស្នាក់នៅភូមិរង់ចាំ ទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល, ខណៈពលរដ្ឋជាង ៣០០០គ្រួសារបានចូលទៅរស់នៅ (Video inside)
13-07-2026 11:58
(បន្ទាយមានជ័យ)៖ រាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរមូលដ្ឋាន បាននិងកំពុងបន្តយកចិត្តទុកដាក់ខ្ពស់ និងផ្តល់នូវការគាំទ្រយ៉ាងពេញទំហឹងចំពោះប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅបណ្តោះអាសន្នក្នុង «ភូមិរង់ចាំ» ក្នុងខេត្តបន្ទាយមានជ័យ ដើម្បីធានាថា ពួកគាត់អាចរស់នៅដោយសេចក្តីថ្លៃថ្នូរ រង់ចាំដំណោះស្រាយប្រកបដោយយុត្តិធម៌។
ភូមិរង់ចាំទាំងនេះ ត្រូវបានបង្កើតឡើងជាទីជម្រកបណ្តោះអាសន្នសម្រាប់ពលរដ្ឋដែលរងផលប៉ះពាល់ដោយទង្វើឈ្លានពានរបស់យោធាថៃដោយខុសច្បាប់ ក្រោយបទឈប់បាញ់។ ក្រសួងមហាផ្ទៃបានចេញសេចក្តីសម្រេចបង្កើតភូមិរង់ចាំចំនួន៦ រួមមាន ភូមិរង់ចាំ១ ដល់ភូមិរង់ចាំ៦ ដោយបំបែកចេញពីភូមិស្លក្រាម នៃឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ការបង្កើតភូមិថ្មីទាំងនេះ ធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា បានប្រសិទ្ធនាមឲ្យមណ្ឌលទាំងនេះថាជា «ភូមិរង់ចាំ»។
ប្រជាពលរដ្ឋភៀសសឹកមកពីតំបន់បឹងត្រកួន ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលត្រូវបានយោធាថៃហ៊ុំព័ទ្ធដីលំនៅឋានមិនឱ្យចូលទៅរស់នៅ ក៏កំពុងបន្តរស់នៅក្នុងជម្រកបណ្តោះអាសន្នក្នុងភូមិរង់ចាំ។ ពួកគាត់បានសម្តែងការអរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ដែលបានរៀបចំជម្រកបណ្តោះអាសន្នជូនពួកគាត់ និងបានបង្ហាញជំនឿជឿជាក់យ៉ាងមុតមាំចំពោះរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ និងរំពឹងថារដ្ឋាភិបាលអាចទាមទារទឹកដី និងផ្ទះសម្បែងរបស់ពួកគាត់មកវិញ។
ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ឆ្លុះបញ្ចាំងពីគោលនយោបាយមនុស្សធម៌ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការការពារផលប្រយោជន៍ និងផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសអ្នកដែលរងគ្រោះដោយសារវិបត្តិផ្សេងៗ។ រាជរដ្ឋាភិបាលបន្តខិតខំប្រឹងប្រែងស្វែងរកដំណោះស្រាយប្រកបដោយយុត្តិធម៌ និងនិរន្តរភាព ដើម្បីឱ្យពលរដ្ឋភៀសសឹកទាំងអស់អាចវិលត្រឡប់ទៅកាន់ជីវភាពប្រក្រតីរបស់ខ្លួនវិញ។
បើតាមលោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ ក្នុងឱកាសផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ដែលបានចុះពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋភៀសសឹកនៅ «ភូមិរង់ចាំ» កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ បានបញ្ជាក់ថា៖ «រាជរដ្ឋាភិបាលជួយសកម្មភាពរស់នៅរបស់ជនភៀសសឹកតាមរយៈការឧបត្ថម្ភពាង ទឹក ភ្លើងអគ្គិសនី អំពូលភ្លើង ក្នុង ១គ្រួសារទទួលថវិកា ១០ម៉ឺនរៀល សមាជិកគ្រួសារម្នាក់ៗ ២ ៨០០០រៀល ក្នុងកម្មវិធីទី១ និងកម្មវិធីទី២ ជំនួយពិសេសហ្នឹង គឺឧបត្ថម្ភពីលើនូវថវិកា ២០ម៉ឺនរៀលទៀត រយៈពេល១២ខែ»។
លោក ឃ្លោក នួយ បានបញ្ជាក់ថា ទន្ទឹមនេះអាជ្ញាធរក៏បានរៀបចំឱ្យពលរដ្ឋភៀសសឹកដោយអំពើឈ្លានពានរបស់ថៃមកលើកម្ពុជា ចាប់ឆ្នោតជ្រើសរើសផ្ទះជាបន្តបន្ទាប់ទៀតផងដែរ ធ្វើដោយតម្លាភាព និងសមធម៌ក្នុងការបែងចែកលំនៅដ្ឋានជូនពលរដ្ឋភៀសសឹកមួយគ្រួសារៗទទួលបានផ្ទះមួយខ្នង មានទំហំ ៥ម៉ែត្រ គុណនឹង ៧ម៉ែត្រ ស្ថិតលើក្បាលដីទំហំ ២០ម៉ែត្រ គុណនឹង ៣០ម៉ែត្រ នៅក្នុង «ភូមិរង់ចាំ»។ ភូមិនេះមាន ៦ភូមិ ចាប់ពីភូមិរង់ចាំទី១ ដល់ភូមិរង់ចាំទី៦ សម្រាប់ទទួលប្រជាពលរដ្ឋភៀសសឹកមកពីតំបន់បឹងត្រកួន ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ព្រមទាំងប្រជាពលរដ្ឋមកពីភូមិព្រៃចាន់ ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងមួយផ្នែកនៃភូមិបឹងសុក្រម។
លោកអភិបាលរងខេត្ត បានឱ្យដឹងបន្ថែមថា ក្នុងភូមិរង់ចាំនេះអាជ្ញាធរក៏បានរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងសេវាសាធារណៈ រួមមាន សាលារៀនចាប់ពីមត្តេយ្យសិក្សា ដល់វិទ្យាល័យ មណ្ឌលសុខភាព ទីស្នាក់ការសន្តិសុខ និងផ្សារ ដើម្បីបំពេញតម្រូវការរស់នៅ និងប្រកបអាជីវកម្មរបស់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា បច្ចុប្បន្ន «ភូមិរង់ចាំ» មានផ្ទះស្នាក់នៅបណ្តោះអាសន្នចំនួន ៣.៣១៣ខ្នង សម្រាប់ប្រជាពលរដ្ឋ ៣.៣១៣គ្រួសារ ស្មើនឹងប្រមាណ ១២.៩៨០នាក់។ ក្នុងនោះផ្ទះដែលបានសាងសង់រួចរាល់ និងត្រៀមប្រគល់ជូនប្រជាពលរដ្ឋមានចំនួន ២.៨០៥ខ្នង ខណៈផ្ទះដែលនៅសល់កំពុងបន្តសាងសង់ ហើយគ្រោងបញ្ចប់ទាំងស្រុងក្នុងអំឡុងខែកក្កដា ឆ្នាំ២០២៦។
សម្រាប់គ្រួសារដែលមិនទាន់ទទួលបានផ្ទះ កំពុងស្នាក់នៅជាមួយសាច់ញាតិ ឬមិត្តភក្តិជាបណ្តោះអាសន្ន។ ទន្ទឹមនេះរាជរដ្ឋាភិបាលកម្ពុជា កំពុងបន្តសាងសង់ជម្រកស្នាក់នៅបណ្តោះអាសន្ន ដើម្បីជួយដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋភៀសសឹកនៅខេត្តបន្ទាយមានជ័យ ដែលមិនទាន់អាចវិលត្រលប់ទៅលំនៅដ្ឋានដើមវិញបាន ខណៈរាជរដ្ឋាភិបាលកំពុងបន្តដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីជាមួយភាគីថៃ៕














































