* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អាជ្ញាធរជាតិអប្សរា​ កំពុងជួសជុលរចនាសម្ព័ន្ធច្រាំងកសិន្ធុខាងលិចប្រាសាទអង្គរវត្ត ផ្នែកខាងក្នុងខាងជើងស្ពានហាលប្រវែង២០ម៉ែត្រ

13-07-2026 16:03

(សៀមរាប)៖ នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលរចនាសម្ព័ន្ធច្រាំងកសិន្ធុខាងលិចប្រាសាទអង្គរវត្ត ផ្នែកខាងក្នុងខាងជើងស្ពានហាលប្រវែង២០ម៉ែត្រ ដែលកន្លងមកទីតាំងនេះ មានការដួលរលំ ដោយសារធម្មជាតិ និងអាយុកាលនៃថ្ម។

លោក អន សុភាព បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ការងារជួសជុលច្រាំងកសិន្ធុនេះ ធ្វើឡើងបន្ទាប់ពីថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាបានចុះពិនិត្យ និងឃើញពីការដួលរលំ ក៏ដូចជាដើម្បីលើកតម្លៃនៃកសិន្ធុនេះឡើងវិញ ដ្បិតថាវាមានភាពទាក់ទាញមួយផ្នែកសម្រាប់ភ្ញៀវទេសចរ ដែលនិយមឈរថតផ្តិតយករូបភាពប្រាសាទអង្គរវត្តពីច្រាំងកសិន្ធុខាងក្រៅមក។
ទីតាំងនេះ ធ្លាប់បានជួសជុលរួចម្តងហើយនៅអំឡុងឆ្នាំ ១៩៨៦ ដល់១៩៩៣ ដោយស្ថាប័នស្រាវជ្រាវបុរាណវិទ្យានៃប្រទេសឥណ្ឌា( Archaeological Survey of India) ដែលមានប្រវែងពីស្ពានហាលសរុប ១៤០ម៉ែត្រ។ ប៉ុន្តែដោយសារប្រព័ន្ធបង្ហូរទឹកបានរងនូវការខូចខាតដែលមិនអាចដោះទឹកភ្លៀងបានទាន់ពេលវេលា បណ្តាលឱ្យមានការហូរច្រោះដី ចេញពីផ្នែកខាងក្រោមរចនាសម្ព័ន្ធច្រាំងកសិន្ធុ និងធ្វើឱ្យដួលរលំ នៅផ្នែកខាងចុង ប្រហែល៨ម៉ែត្រ។

អាជ្ញាធរជាតិអប្សរា បានលើកគម្រោងជួសជុលបន្តពីកន្លែងដែលដួលចំនួន២០ម៉ែត្រ ដែលការជួសជុលនេះ គោរពទៅតាមបច្ចេកទេស និងបទពិសោធន៍ដែលធ្លាប់បានអនុវត្ត ក្នុងគម្រោង ជួសជុលច្រាំងកសិន្ធុប៉ែកខាងក្រៅរួចហើយ។ ការជួសជុលគោរពទៅតាមបច្ចេកទេសបុរាណ ដោយរើថ្ម រៀបចំគ្រឹះ បុកបង្ហាប់ដីឥដ្ឋ រៀបថ្មបាយក្រៀម និងថ្មភក់ពីលើ។

ដោយសារកត្តាអាយុកាលធ្វើឱ្យថ្មបាយក្រៀមនៅផ្នែកខាងក្រោមរងការខូចខាត និងបាត់រូបរាង ស្ទើរទាំងស្រុង ដែលតម្រូវឱ្យក្រុមការងារប្រើថ្មថ្មីជំនួសច្រើន រីឯថ្មភក់នៅសេសសល់ច្រើន។
លោក អន សុភាព បានបញ្ជាក់ថា រចនាសម្ព័ន្ធច្រាំងកសិន្ធុខាងជើង ប៉ែកខាងក្នុងនេះ មានរូបរាងដូច ទៅនឹងខាងក្រៅដែរ គ្រាន់តែនៅផ្នែកខាងក្នុងមានជណ្តើរពីថ្មបាយក្រៀមតែ៦កាំ និងថ្មភក់៤កាំ ខុសពីខាងក្រៅ ដែលមានថ្មបាយក្រៀម៧កាំ និងថ្មភក់៣កាំវិញ។

លោក អន សុភាព មានសុទិដ្ឋិនិយមថា ច្រាំងកសិន្ធុខាងលើនឹងមានរូបរាងស្រស់ស្អាតឡើងវិញ ដើម្បីលើកសោភ័ណភាពប្រាសាទអង្គរវត្ត ដែលជាប្រាសាទដ៏ស្កឹមស្កៃ កាន់តែទាក់ទាញបន្ថែមទៀត៕