* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

មន្ត្រីអំពាវនាវដល់ម្ចាស់ដីទាំងអស់ នៅក្នុងភូមិចំនួន១៤ ឃុំសសរស្ដម្ភ ស្រុកពួក សូមមកពិនិត្យឈ្មោះឱ្យបានត្រឹមត្រូវលើម្ចាស់កម្មសិទ្ធិ

13-07-2026 16:32

(សៀមរាប)៖ លោក ស៊ុន សុជាតិ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តសៀមរាប បានអំពាវនាវដល់ម្ចាស់ដីទាំងអស់ នៅក្នុងភូមិចំនួន១៤ ឃុំសសរស្ដម្ភ ស្រុកពួក សូមមកពិនិត្យឈ្មោះឱ្យបានត្រឹមត្រូវលើម្ចាស់កម្មសិទ្ធិ ឆ្នាំកំណើត ប្រភេទទ្រព្យ ឈ្មោះឪពុក-ម្តាយ ទំហំដី និងព័ត៌មានពាក់ព័ន្ធផ្សេងៗ។

ការថ្លែងយ៉ាងដូច្នេះរបសលោក ស៊ុន សុជាតិ នៅក្នុងពិធីបិទ​ផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦នេះ ដោយមានក្បាលដីចំនួន១៥ ៤២៨ក្បាលដី ស្ថិតក្នុងភូមិចំនួន១៤ រួមមាន៖ ភូមិ​ស្វាយ, សសរស្ដម្ភ, គោកកណ្ដោល, គោករុន, គោកចាស់, ពង្រថ្មី, គោកព្នៅ, គោកព្រៃ, ខ្ជាយ, គោកត្នោត, ដំណាក់ស្លាញ, ប៉ាក់ប៉ាន់, ចាន់តាសាយ និងភូមិពង្រចាស់ នៃឃុំសសរស្ដម្ភ ស្រុកពួក ខេត្តសៀមរាប។

លោកបានបន្តថា ចំពោះផែនទីក្បាលដីវិញ សូមពិនិត្យទីតាំង ព្រំប្រទល់ រូបរាងក្បាលដី និងព័ត៌មានសំខាន់ៗផ្សេងទៀត ដើម្បីធានាថា ទិន្នន័យមានភាពត្រឹមត្រូវ។ ប្រសិនបើប្រជាពលរដ្ឋ ឬអ្នកពាក់ព័ន្ធពិនិត្យឃើញថា មានកំហុសឆ្គង ឬមានការជំទាស់តវ៉ាលើចំណុចណាមួយ សូមទាក់ទងក្រុមការងារប្រចាំការជាបន្ទាន់ ដើម្បីដាក់ពាក្យសុំកែតម្រូវ ឬដាក់ពាក្យបណ្តឹងតាមនីតិវិធីដែលបានកំណត់។

លោក ស៊ីន ចាន់ថុល អភិបាលស្រុកពួក បានលើកឡើងថា គោលបំណងសំខាន់នៃការផ្សព្វផ្សាយជាសាធារណៈនូវដំណើរការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះ គឺដើម្បីជៀសវាងជម្លោះដីធ្លី និងជំរុញឱ្យការគ្រប់គ្រងដីធ្លីប្រព្រឹត្តទៅដោយមានតម្លាភាព និងប្រសិទ្ធភាព។ ជាពិសេស ការដាក់ពាក្យស្នើសុំកែតម្រូវចំណុចខុសឆ្គង ចំពោះឯកសារនៃការវិនិច្ឆ័យនាពេលនេះ។

លោកបញ្ជាក់ថា ការចុះបញ្ជីដីធ្លីនេះ ត្រូវចុះបញ្ជីទាំងដីឯកជន ទាំងដីរដ្ឋ ដោយអនុវត្តតាមនីតិវិធី និងបច្ចេកវិទ្យាទំនើប មានតម្លាភាព និងការទទួលខុសត្រូវ ដូចបណ្ដាប្រទេសជឿនលឿនលើពិភពលោកកំពុងអនុវត្ត ដែលជាប្រការសមស្របបំផុតកំណត់នៅក្នុងគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយភាពក្រីក្រ ទំនាស់ដីធ្លីនៅក្នុងសង្គម និងការអភិវឌ្ឍប្រទេសជាតិ។

សូមជម្រាបថា ការបិទផ្សាយឯកសារនៃការវិនិច្ឆ័យនេះ មានរយៈពេលត្រឹមតែ ១៥ថ្ងៃ ដៅយគិតចាប់ពីថ្ងៃទី១៣ ខែកក្កដា រហូតដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦នេះទៅ នៅក្នុងបរិវេណវត្តសុថម្ភារាម ហៅវត្តសសរស្ដម្ភ។ ប្រសិនបើប្រជាពលរដ្ឋមានចម្ងល់ ឬមន្ទិលណាមួយលើបញ្ហា​នេះ​ មន្ត្រីជំនាញដែលនៅប្រចាំការនឹងរង់ចាំធ្វើការដោះស្រាយ ពន្យល់បកស្រាយរាល់មន្ទិលសង្ស័យ ក៏ដូចជាទទួលពាក្យបណ្ដឹង ឬតវ៉ា ដើម្បីធ្វើការសម្រុះសម្រួលតាមការព្រមព្រៀងដោយគណៈកម្មការរដ្ឋបាល៕