ប្រកាសទទួលស្គាល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក សាខាមជ្ឈមណ្ឌលជាតិផ្តល់ឈាម

13-07-2026 16:37

(ភ្នំពេញ)៖ សម្ព័ន្ធគ្រូពេទ្យស.ស.យ.ក បានរៀបចំកម្មវិធីប្រកាសទទួលស្គាល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក សាខាមជ្ឈមណ្ឌលជាតិផ្តល់ឈាមចំនួន៥៧រូប។ ពិធីនេះប្រព្រឹត្តក្រោមអធិបតីភាព លោកបណ្ឌិត ហេង សុខគង់ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលស.ស.យ.ក និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក និងលោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងជាប្រធានកិត្តិយសសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក សាខាមជ្ឈមណ្ឌលជាតិផ្តល់ឈាម នារសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦។

ជាកិច្ចស្វាគមន៍លោកវេជ្ជបណ្ឌិត សុខ ប៉ូ បានអបអរសាទរចំពោះកម្មវិធីដ៏មានសារសំខាន់នេះ ដែលជាការចូលរួមចំណែកកាន់តែស្អិតរមួត និងខ្លាំងក្លាថែមទៀត រវាងមជ្ឈមណ្ឌលជាតិផ្តល់ឈាម ជាមួយសម្ព័ន្ធគ្រូពេទ្យសសយក នៅក្នុងបេសកកម្មដ៏ថ្លៃថ្លា ក្នុងការបម្រើសុខុមាលភាពជូនប្រជាជន និងប្រទេសកម្ពុជា ដែលកន្លងមកមជ្ឈមណ្ឌលជាតិផ្តល់ឈាម តែងបានធ្វើកិច្ចសហការជាច្រើនជាមួយ ក្រុមគ្រួសារសសយក ទាំងថ្នាក់កណ្តាល និងថ្នាក់ខេត្ត ជាពិសេសជាមួយសម្ព័ន្ធគ្រូពេទ្យសសយកផ្ទាល់តែម្តងក្នុងយុទ្ធនាការឈាមខ្មែរដើម្បីខ្មែរ និងសកម្មភាពចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅតាមតំបន់ឆ្ងាយពីសេវាសុខាភិបាល ក៏ដូចជាគ្រួសារកងទ័ព និងជនភៀសសឹកជាដើម។

ជាមួយគ្នានេះ លោកស្រីវេជ្ជបណ្ឌិតឯកទេស ហេង សុខចំរើន អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងជាប្រធានសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក សាខាមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានប្តេជ្ញាចិត្តខ្ពស់ក្នុងការគោរពលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក និងខិតខំប្រឹងប្រែង ដើម្បីបម្រើបុព្វហេតុជារួមរបស់សសយក ក៏ដូចជាប្រជាជន និងសង្គមកម្ពុជា។

ថ្លែងក្នុងឱកាសដ៏វិសេសវិសាលនេះ លោកបណ្ឌិត ហេង សុខគង់ បានថ្លែងអំណរគុណ និងអបអរសាទរដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក សាខាមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលបានប្រកាសទទួលស្គាល់ក្នុងថ្ងៃនេះ។

លោកក៏បានលើកឡើងពីប្រវត្តិនៃការកកើតសហភាពសហព័ន្ធយុវជនកម្ពុជា ដែលមានកំណើតនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ដែលពេលនោះមានឈ្មោះថា សមាគមយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជា និងដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានទី១ និងបន្តប្តូរឈ្មោះមកជាសមាគមយុវជនកម្ពុជា និងក្រោយមកនៅថ្ងៃទី២-៣ វិច្ឆិកា ឆ្នាំ២០១២ បានប្តូរឈ្មោះមកជា សហភាពសហព័ន្ធយុវជនកម្ពុជា ហើយលោក ហ៊ុន ម៉ានី ត្រូវបានអង្គសន្និបាតបោះឆ្នោតជូនជាប្រធានតាំងពីពេលនោះមក។

ដោយឡែកសម្រាប់សម័្ពន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា (ស.គ.ស.ស.យ.ក.) ជាអង្គការមនុស្សធម៌ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាពលរដ្ឋកម្ពុជា ហើយត្រូវបានលេចចេញជារូបរាង្គឡើងនៅ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៤ និងបានចាប់ផ្តើមបេសកកម្មលើកទី១របស់ខ្លួន នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៤ នៅអនុវិទ្យាល័យបឹងខ្នារ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងដោយមានប្រជាពលរដ្ឋចូលរួមចំនួនប្រមាណ១,៥០០នាក់។

សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ត្រូវបានគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាល ស.ស.យ.ក. ឯកភាពជាផ្លូវការនូវរចនាសម័្ពន្ធរបស់ខ្លួន និងត្រូវបានលោកប្រធានចុះហត្ថលេខា នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៥ ព្រមទាំងបានធ្វើការប្រកាសយ៉ាងមហោឡាឫកនៅ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៥ ក្រោមអធិបតីភាពរបស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។

លោកបណ្ឌិតបានបន្ថែមថា ក្នុងរយៈពេល១២ឆ្នាំកន្លងមកនេះ សម្ព័ន្ធគ្រូពេទ្យសសយក បានពង្រីកខ្លួនពីត្រឹមមានសមាជិក៥០រូប មក១៥,៩៤៦ និងថ្ងៃនេះបានបន្ថែមចំនួន៥៧រូបបន្ថែមទៀត និងពីមានសេវាពិនិត្យព្យាបាលចំនួន៥ មកសេវាពិនិត្យ និងព្យាបាលរហូត១៨មុខ ដែលរួមមាន ១៖ ជំងឺទូទៅ, ២៖ ជំងឺកុមារ, ៣៖ ជំងឺមនុស្សចាស់, ៤៖ ជំងឺភ្នែក, ៥៖ ជំងឺត្រចៀក ច្រមុះ បំពង់ក, ៦៖ ជំងឺមាត់ធ្មេញ, ៧៖ បេះដូង និងសរសៃឈាម, ៨៖ រោគស្ត្រី និងពិនិត្យផ្ទៃពោះ, ៩៖ ជំងឺទឹកនោមផ្អែម និងក្រពេញអង់ដូគ្រីន, ១០៖ ពិនិត្យអេកូសាស្រ្ត, ១១៖ ពិនិត្យអេកូបេះដូង, ១២៖ ជំងឺផ្លូវចិត្ត, ១៣៖ ជំងឺសើស្បែក និងកាមរោគ, ១៤៖ វះកាត់តូច និងរោគសន្លាក់, ១៥៖ ពិនិត្យបឋម និងវាស់សំពាធឈាម, ១៦៖ មន្ទីរពិសោធន៍ចល័ត, ១៧៖ អប់រំសុខភាពសាធារណៈ, ១៨៖ ផ្នែកឱសថ និងបរិក្ខារពេទ្យ ក្រៅពីនេះក៏មានរចនាសម្ព័ន្ធតាមមន្ទីរពេទ្យថ្នាក់ជាតិ និងមន្ទីរពេទ្យបង្អែកខេត្ត និងតាមបណ្តាសាកលវិទ្យាល័យនានាផងដែរ។

ក្នុងនោះដែរ សម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក. បានចុះពិនិត្យ ព្យាបាល និងផ្តល់ការវះកាត់ បានចំនួន ៦២១លើក នៅទូទាំង២៥ រាជធានី-ខេត្ត និង១៧មណ្ឌលកុមារកំព្រា ដែលក្នុងនោះមានព្រះសង្ឃ ប្រជាពលរដ្ឋ និងកុមារបានមកទទួលសេវាសរុបចំនួន ៩១២,៦៥៨ អង្គ/នាក់ បានវះកាត់ជូនប្រជាពលរដ្ឋខ្វះលទ្ធភាពចំនួន ៥,៩៧៦ករណី បានបន្តក់វីតាមីន ការពារជំងឺគ្រុនស្វិតដៃជើង និងជំងឺងងឹតមាន់បានចំនួន ៥,០២៨ករណី បានចែកថ្នាំដុសធ្មេញ ច្រាស់ដុសធ្មេញ និងអប់រំកុមារពីការថែរក្សាមាត់-ធ្មេញបានចំនួន ៧,៣២៦នាក់ បានចែកវ៉ែនតាជូនលោកតា លោកយាយបានសរុបចំនួន៨,៦៥៩វ៉ែនតា។

លើសពីនេះ បានសហការ និងផ្លាស់ប្តូរបទពិសោធន៍ជាមួយក្រុមគ្រូពេទ្យមកពីប្រទេសអូស្រ្តាលីចំនួន៥លើក ក្រុមគ្រូពេទ្យកូរ៉េចំនួន ១១លើក អង្គការ Starkey Hearing Foundation របស់សហរដ្ឋអាមេរិកចំនួន ៤លើក ក្រុមគ្រូពេទ្យអន្តរជាតិ International Medical Relief ចំនួន ៣០លើក អង្គការ Khmer Eye International បានចំនួន ១លើក វះកាត់ជូនកុមារមានសារពាង្គកាយ និងអវយវៈមិនប្រក្រតីដូចជាឆែបមាត់ ឆែបក្រអូម ម្រាមជើងជាប់គ្នា ម្រាមលើស អវ:យវ:ភេទខុសប្រក្រតី ដោយសហការជាមួយអង្គការ Next Step មន្ទីរពេទ្យកុមារជាតិ មន្ទីរពេទ្យព្រះអង្គឌួង និងមន្ទីរពេទ្យបង្អែកខេត្តក្រចេះចំនួន ៤លើក ជាមួយមន្ទីរពេទ្យមិត្តភាព កម្ពុជា-ជប៉ុន ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ចំនួន១លើក ជាមួយមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគីរីចំនួន១លើក ជាមួយមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនចំនួន១លើក ជាមួយមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យចំនួន១លើក ជាមួយមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ ចំនួន១លើក និង នៅមន្ទីរពេទ្យខេត្តកំពង់ស្ពឺ ចំនួន១លើក ដែលមួយលើកៗមានរយៈពេល៣ថ្ងៃ បានចុះផ្តល់វ៉ាក់សាំងបង្កាជំងឺរលាកថ្លើមប្រភេទបេ ដល់កុមារកំព្រាដែលស្ថិតនៅទីតាំងស្ថានីយ៍វិទ្យុ ABC និងផ្ទះបាយកុមារ បានសរុបចំនួន ១,០០៧ដូស។

ជាពិសេសនៅក្នុងដំណាក់កាលនៃការរីករាតត្បាតជំងឺកូវីដ១៩ សម្ព័ន្ធគ្រូពេទ្យស.ស.យ.ក. មានចំនួន២២៥ក្រុម ស្មើនឹងចំនួនសរុប២,២៥៩នាក់ ក្រោមកិច្ចសហការជាមួយ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានី-ខេត្ត និង អាជ្ញាធររាជធានី-ខេត្ត ក្រោមយុទ្ធសាស្រ្តផ្ការីកដែលជាយុទ្ធសាស្រ្តប្រកប ដោយគតិបណ្ឌិតរបស់ សម្តេចតេជោ អតីតនាយករដ្ឋមន្រ្តី បានចុះចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋនៅបណ្តា រាជធានី-ខេត្ត ក្រសួងស្ថាប័ន សាកលវិទ្យាល័យ សាលារៀន ទីផ្សារ វត្តអារ៉ាម ទីប្រជុំជន រោងចក្រ និងតាមខ្នងផ្ទះ ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ បានសរុបចំនួន ២ ០៩៦ ៧១៩ ដូស។

ជាមួយគ្នានេះ សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជាចំនួន ១០១៧នាក់ បានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាលក្នុងការថែទាំ និងព្យាបាលជំងឺកូវីដ-១៩ នៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ចំនួន៣មណ្ឌលរួមមាន៖ ១៖ មណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល សែនសុខ១ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក. ចំនួន១៣៧នាក់ ក្នុងនោះ (ក្រុមដឹកនាំបច្ចេកទេស ៣នាក់ ក្រុមគ្រូពេទ្យព្យាបាល ១០៤នាក់ ក្រុមយកសំណាក ៣០នាក់) បានចូលរួមផ្តល់ការព្យាបាលជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ ដែលស្ថិតនៅមណ្ឌលព្យាបាលកម្រិតស្រាលសែនសុខ១ ចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ រហូតដល់ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ បានសរុបចំនួន ១១ ៩៧០ នាក់(ស្រ្តីចំនួន ៦ ៤៨០ នាក់), ២៖ មណ្ឌលព្យាបាលកម្រិតធ្ងន់ ព្រីមៀរសែនសុខសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក. ចំនួន ៤១២នាក់ ក្នុងនោះ (ក្រុមដឹកនាំបច្ចេកទេស ៥នាក់ ក្រុមការងារគ្រូបង្គោល ៩នាក់ ក្រុមគ្រូពេទ្យព្យាបាល និងយកសំណាក ៣៩៨នាក់) បានចូលរួមផ្តល់ការថែទាំ និងព្យាបាលជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ ដែលស្ថិតនៅមណ្ឌលព្យាបាលកម្រិតធ្ងន់ ព្រីមៀរសែនសុខ ចាប់ពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ បានចំនួនសរុប ១៦ ១២៩ នាក់ (ស្រ្តីចំនួន៨ ៣៩៧ នាក់) និង៣៖ មណ្ឌលព្យាបាលកម្រិតធ្ងន់ ពហុកីឡាដ្ឋានជាតិអូឡាំពិក សម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក. ចំនួន ៤៦៨នាក់ ក្នុងនោះ (ក្រុមដឹកនាំបច្ចេកទេស ៨នាក់ ក្រុមការងារគ្រូបង្គោល និងសម្របសម្រួល ១៤នាក់ ក្រុមគ្រូពេទ្យព្យាបាល ១២២នាក់ ក្រុមយកសំណាក និងក្រុមថែទាំ ៣២៤នាក់) បានចូលរួមផ្តល់ការថែទាំ និងព្យាបាលជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋដែលស្ថិតនៅមណ្ឌលព្យាបាល ជំងឺកូវីដ-១៩ កម្រិតធ្ងន់ពហុកីឡាដ្ឋានជាតិអូរឡាំពិក ចាប់ពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ រហូតដល់ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ បានសរុបចំនួន ២៦ ១៤៦ នាក់ (ស្រ្តីចំនួន ១៣ ៧៩៦ នាក់)។

លោកបណ្ឌិត បានបន្ថែមទៀតថា នៅក្នុងដំណាក់កាលដែលប្រទេសជាតិរងការរំលោភឈ្លានពានពីប្រទេសជិតខាង សម្ព័ន្ធគ្រូពេទ្យស.ស.យ.ក. ជាពិសេសក្រុមជំនាញផ្នែកវះកាត់ ថែទាំងរបួស បានចុះសហការជាប្រចាំជាមួយមន្ទីរពេទ្យនៅតាមបណ្តាខេត្តជួរមុខ និងបានចូលរួមពិនិត្យ និងព្យាបាលជំងឺជាបន្តបន្ទាប់ជូនជនភៀសសឹក និងគ្រួសារកងទ័ព បូករួមទាំងវិរកងទ័ពទាំង១៨រូប ដែលត្រូវពួកឈ្លានពានចាប់យកទៅផង។ ក្រៅពីនេះសម្ព័ន្ធគ្រូពេទ្យសសយកបានផ្តល់អាហារូបករណ៍ទាំងក្នុង និងក្រៅប្រទេសដល់សមាជិករបស់ខ្លួន ក៏ដូចជាបានចុះអនុស្សរណៈនៃការយោគយល់ជាច្រើន ជាមួយមន្ទីរពេទ្យ និងអង្គភាពសុខាភិបាលនៃបណ្តាប្រទេសជាមិត្តដូចជាចិន ជប៉ុន កូរ៉េ សឹង្ហបុរី និងអូស្ត្រាលីជាដើម៕