* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ក្រសួងឧស្សាហកម្មកម្ពុជា គាំទ្រព្រឹត្តិការណ៍ «មហាសន្និបាតអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា និងពិព័រណ៍ឧស្សាហកម្ម ឆ្នាំ២០២៦» ដែលនឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែកក្កដាខាងមុខ

13-07-2026 20:55

(ភ្នំពេញ)៖ ក្រោមការគាំទ្រពី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា, ព្រឹត្តិការណ៍ «មហាសន្និបាតអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា និងពិព័រណ៍ឧស្សាហកម្ម ឆ្នាំ២០២៦» ដែលរៀបចំដោយ សមាគមលើកកម្ពស់សេដ្ឋកិច្ចឧស្សាហកម្មកម្ពុជា នឹងប្រារព្ធឡើងចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និសីទកោះពេជ្រ រាជធានីភ្នំពេញ។

ព្រឹត្តិការណ៍នេះ គឺជាពិព័រណ៍ឧស្សាហកម្មអន្តរជាតិលំដាប់ជាតិលើកដំបូង ដែលរៀបចំរួមគ្នារវាងកម្ពុជា និងចិន ដោយផ្តោតសំខាន់លើការលើកកម្ពស់ឧស្សាហកម្ម កិច្ចសហប្រតិបត្តិការផ្នែកផលិតកម្ម ការរៀបចំខ្សែសង្វាក់ផ្គត់ផ្គង់ និងការតភ្ជាប់វិនិយោគទ្វេភាគី។

ព្រឹត្តិការណ៍នេះមានសារៈសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មឧស្សាហកម្មកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ព្រមទាំងជួយជំរុញដំណើរការឧស្សាហូបនីយកម្មរបស់កម្ពុជា។

លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា និងថ្នាក់ដឹកនាំស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា នឹងអញ្ជើញចូលរួមក្នុងពិធីបើក និងថ្លែងសុន្ទរកថាសំខាន់ៗ ព្រមទាំងចុះទស្សនកិច្ចតាមស្តង់ពិព័រណ៍ ដើម្បីស្វែងយល់ពីសមិទ្ធផលឧស្សាហកម្មរបស់ក្រុមហ៊ុនចូលរួម។

ថ្នាក់ដឹកនាំរដ្ឋនៃប្រទេសទាំងពីរ នឹងផ្តល់ការណែនាំ និងទស្សនៈសំខាន់ៗពាក់ព័ន្ធនឹងទិសដៅអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា គោលនយោបាយលើកទឹកចិត្តវិនិយោគបរទេស កិច្ចសហប្រតិបត្តិការផ្នែកផលិតកម្មកម្ពុជា-ចិន និងការធានាគាំទ្រដល់ការវិនិយោគ ដើម្បីបង្កើតមូលដ្ឋានរឹងមាំសម្រាប់កិច្ចសហប្រតិបត្តិការរវាងសហគ្រាសនៃប្រទេសទាំងពីរ។

ព្រឹត្តិការណ៍នេះនឹងប្រមូលផ្តុំគណៈប្រតិភូសហគ្រាសឧស្សាហកម្មចិនដែលមានគុណភាពជាង ២០០ ក្រុមហ៊ុន មកចូលរួមតាំងពិព័រណ៍ និងសិក្សាឱកាសវិនិយោគនៅកម្ពុជា។

ក្រុមហ៊ុនទាំងនេះគ្របដណ្តប់លើវិស័យផលិតកម្មកម្រិតខ្ពស់ ថាមពលថ្មី សម្ភារៈសំណង់ទំនើប ឧបករណ៍ឧស្សាហកម្ម និងប្រព័ន្ធផ្គត់ផ្គង់គ្រប់ជ្រុងជ្រោយ ដោយនាំយកបច្ចេកវិទ្យាទំនើប ឧបករណ៍មានគុណភាព និងគម្រោងវិនិយោគដែលមានសក្តានុពលមកកម្ពុជា។

គោលបំណងសំខាន់ គឺដើម្បីបំពេញចន្លោះខ្វះខាតក្នុងខ្សែសង្វាក់ឧស្សាហកម្មរបស់កម្ពុជា នាំចូលសមត្ថភាពផលិតកម្មទំនើបរបស់ចិន និងប្រព័ន្ធគ្រប់គ្រងដែលមានបទពិសោធន៍ ដើម្បីជួយលើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ចពិតប្រាកដ និងជំរុញការផ្លាស់ប្តូរទៅកាន់ឧស្សាហកម្មមានតម្លៃបន្ថែមខ្ពស់។

កម្មវិធីក្នុងសន្និសីទមានភាពសម្បូរបែប និងមានតម្លៃសម្រាប់ឧស្សាហកម្ម ដោយរួមមាន វេទិកាកំពូលរដ្ឋ-ឯកជន ការចុះហត្ថលេខាលើគម្រោងសហប្រតិបត្តិការ ការចរចាផ្គូផ្គងអាជីវកម្ម និងការតភ្ជាប់ឧស្សាហកម្ម។ នៅក្នុងទីតាំងពិព័រណ៍ ក៏មានការបង្ហាញសមិទ្ធផលបច្ចេកវិទ្យាឧស្សាហកម្ម និងការបង្ហាញឧបករណ៍ឆ្លាតវៃ ដើម្បីបង្ហាញពីសមិទ្ធផលថ្មីៗនៃកិច្ចសហប្រតិបត្តិការឧស្សាហកម្មកម្ពុជា-ចិន។

ពិព័រណ៍នេះបើកទូលាយដោយឥតគិតថ្លៃ (Free Entry) សម្រាប់មន្ត្រីរដ្ឋាភិបាល អង្គភាពពាណិជ្ជកម្ម សហគ្រិន ឧស្សាហកម្ម និងស្ថាប័នវិនិយោគអន្តរជាតិទាំងអស់។ យើងខ្ញុំសូមគោរពអញ្ជើញភាគីពាក់ព័ន្ធទាំងអស់ចូលរួម ដើម្បីភ្ជាប់ធនធានឧស្សាហកម្មកម្ពុជា-ចិន ស្វែងរកឱកាសគោលនយោបាយ និងរួមគ្នាជំរុញកិច្ចសហប្រតិបត្តិការវិនិយោគឆ្លងដែន និងការអភិវឌ្ឍពាណិជ្ជកម្មឧស្សាហកម្មកម្ពុជា-ចិនប្រកបដោយគុណភាពខ្ពស់៕