ឧកញ៉ាស្រី ចាន់ថន បង្វែរការសង់រោងចក្រផលិតត្រីខពីខេត្តកោះកុង មកតំបន់អភិវឌ្ឍន៍ពិសេស 9NG ក្នុងទឹកដីស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលវិញ

14-07-2026 13:30

(ភ្នំពេញ)៖ ឧកញ៉ា ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុន 9NG បានសម្រេចបង្វែរការសាងសង់រោងចក្រផលិតត្រីខរបស់លោក ពីខេត្តកោះកុង មកកាន់មកតំបន់អភិវឌ្ឍន៍ពិសេស 9NG ក្នុងទឹកដីស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលវិញ។

ការសម្រេចចិត្តនេះ ត្រូវបានលោកអះអាងថា ដើម្បីជំរុញការអភិវឌ្ឍន៍ ក្នុងតំបន់អភិវឌ្ឍន៍ពិសេស 9NG ឱ្យក្លាយជាតំបន់សម្បូរបែបលើវិស័យចំណីអាហារ និងវិស័យសម្ភារៈប្រើប្រាស់ទូទៅ។

តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការលោកបញ្ជាក់ដូច្នេះថា៖ «ដើម្បីចូលរួមជំរុញក្នុងការអភិវឌ្ឍន៍ ក្នុងតំបន់អភិវឌ្ឍន៍ពិសេស9NG នាទឹកដីស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល រួមជាមួយហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់នោះ យើងបានសម្រេចប្ដូរទីតាំងសាងសង់រោងចក្រផលិតត្រីខ ខ្ញុំ មកកាន់ទឹកដី 9NG វិញ។

ដោយយើងត្រៀមបង្កើតតំបន់នេះ ឲ្យក្លាយជាតំបន់សេដ្ឋកិច្ចពិសេស ដោយផ្ដោតទៅលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ ជាពិសេសជំរុញឲ្យតំបន់នេះទៅជាតំបន់សម្បូរបែបលើវិស័យចំណីអាហារ និងវិស័យសម្ភារៈប្រើប្រាស់ទូទៅ។ ជាពិសេសរោងចក្រផលិតត្រីខ “ ខ្ញុំ “ឲ្យក្លាយទៅជារោងចក្រកម្រិតស្តង់ដារអន្ដរជាតិដែលគិតពីគុណភាពជាចម្បង។

បច្ចុប្បន្នរោងចក្រ ត្រីខ “ខ្ញុំ” បានសាងសង់រួច ៨០%ហើយ យើងនឹងបញ្ចាប់ការសាងសង់ក្នុងពេលខាងមុននេះ។ សង្ឃឹមថាបងប្អូននិងគាំទ្រគម្រោងអភិវឌ្ឍសេដ្ឋកិច្ចមួយនេះ រួមគ្នាគាំទ្រផលិតផលក្នុងស្រុក»