* រដ្ឋសភាកម្ពុជា ចេញញត្តិថ្កោលទោសដាច់អហង្ការចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែលបង្កើតរដ្ឋសភាខុសច្បាប់នៅទីក្រុងប៉ារីស និងប្រកាសផ្តន្ទាទោសតួអង្គពាក់ព័ន្ធ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយគ្រូបង្គោល និងនាយកសាលាកំពុងអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ
* រុស្ស៉ី និងអ៊ុយក្រែន ចាប់ផ្តើមអនុវត្តបទឈប់បាញ់ក្នុងក្រុង Oleshky ដើម្បីឱ្យមានប្រតិបត្តិការមនុស្សធម៌
* មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរគុណសប្បុរសជនឥស្លាម ចំពោះការបរិច្ចាគទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា
* លោក ត្រាំ ថាការបោះឆ្នោតប្រេស៊ីលមើលទៅដូចជាត្រូវបានលួចបន្លំ ខណៈបក្សរបស់លោក Bolsonaro ទទួលស្គាល់ជ័យជម្នះរបស់លោក Lula
* បោះឆ្នោតពាក់កណ្ដាលអាណត្តិ៖ លោក ត្រាំ សន្យាផ្ដល់រង្វាន់ ១លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅរកការកាត់ទោសជនលួចបន្លំសន្លឹកឆ្នោត
* ជនដែលសមត្ថកិច្ចកម្ពុជាខ្នះខ្នែងតាមចាប់ខ្លួនយ៉ាងសកម្មបំផុត ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីគេចខ្លួនអស់រយៈពេល ៥ឆ្នាំ
* គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ សរុបទុនប្រមាណ២២២លានដុល្លារ
* ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់
* ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម
* កងទ័ពថៃ បង្ហាញវិធានការឆ្លើយតប លើការបាញ់ផ្លោងរបស់មីយ៉ាន់ម៉ា ចូលទៅក្នុងប្រទេសថៃ
* បណ្ឌិត សុខ ទូច៖ សម្តេចតេជោ ហ៊ុន សែន ជាវីរជនបង្កើតឱ្យមានចំណងមិត្តភាពរវាងកម្ពុជា-កូរ៉េខាងត្បូងឡើងវិញ ដែលបើកទំព័រថ្មីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី
* អារ៉ាប៊ីសាអូឌីត ស្ទាក់ចាប់មីស៉ីលសំដៅមកអាកាសយានដ្ឋានទីក្រុងរីយ៉ាដ ក្រោយទើបបើកដំណើរការឡើងវិញ
* ខួបមួយឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, រដ្ឋមន្ត្រីការបរទេសអាមេរិក បញ្ជាក់ថា អាមេរិក បន្តធ្វើការជាមួយកម្ពុជា-ថៃ ដើម្បីគាំទ្រការអនុវត្តកិច្ចព្រមព្រៀង និងជួយធ្វើឱ្យការសន្យាស្វែងរកសន្តិភាពយូរអង្វែងក្លាយជាការពិត
* ខួប១ឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, សម្តេចមហាបវរធិបតី បញ្ជាក់ថា កម្ពុជានៅតែប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋមន្ត្រី ហួត ហាក់ បើកភ្លើងខៀវឲ្យព្រឹត្តិការណ៍ Overland លើកទី៣ ដើម្បីលើកស្ទួយទេសចរណ៍កីឡាយានយន្តកម្ពុជា

14-07-2026 14:24

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ បានអនុញ្ញាតក្រុមការងារ CPG Overland ដឹកនាំលោក ហួរ ច័ន្ទវឌ្ឍនៈ ដែលជាប្រធានក្រុមការងារ Caravan Trip និងសហការី ចូលជួបសម្តែងការគួរសម ពិភាក្សាការងារ និងរាយការណ៍ជូនអំពីគម្រោងរៀបចំព្រឹត្តិការណ៍ Overland លើកទី៣ ដែលគ្រោងនឹងប្រព្រឹត្តទៅនាពេលខាងមុខ។

ក្នុងឱកាសនោះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានសម្តែងការគាំទ្រចំពោះគម្រោងរៀបចំព្រឹត្តិការណ៍នេះ ដោយចាត់ទុកថា ជាសកម្មភាពដ៏មានសក្តានុពលក្នុងការជំរុញទេសចរណ៍កីឡាយានយន្ត និងទេសចរណ៍ផ្សងព្រេង ព្រមទាំងរួមចំណែកធ្វើពិពិធកម្មផលិតផលទេសចរណ៍កម្ពុជាឱ្យកាន់តែសម្បូរបែប និងទាក់ទាញ។

ព្រឹត្តិការណ៍នេះ នឹងរួមចំណែកផ្សព្វផ្សាយគោលដៅទេសចរណ៍ថ្មីៗ តំបន់ធម្មជាតិ និងសហគមន៍ទេសចរណ៍ទៅកាន់សាធារណជនឱ្យបានកាន់តែទូលំទូលាយ ព្រមទាំងបង្កើតចរន្តភ្ញៀវទេសចរក្នុងស្រុក ជំរុញការប្រើប្រាស់សេវាកម្មស្នាក់នៅ ម្ហូបអាហារ ការដឹកជញ្ជូន និងសេវាកម្មទេសចរណ៍ផ្សេងៗ ដែលនឹងជួយបង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

ជាមួយគ្នានេះ រដ្ឋមន្ត្រី ហួត ហាក់ បានលើកទឹកចិត្តឱ្យក្រុមការងារយកចិត្តទុកដាក់រៀបចំព្រឹត្តិការណ៍ប្រកបដោយគុណភាព សុវត្ថិភាព និងការទទួលខុសត្រូវខ្ពស់ ដោយផ្តោតសំខាន់លើការការពារបរិស្ថាន ការគោរពវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់របស់សហគមន៍មូលដ្ឋាន ព្រមទាំងពង្រឹងកិច្ចសហការជាមួយអាជ្ញាធរ មន្ទីរទេសចរណ៍ វិស័យឯកជន និងសហគមន៍ពាក់ព័ន្ធ។

គួរបញ្ជាក់ថា ក្រុម CPG Overland (Car Club) ធ្លាប់បានរៀបចំព្រឹត្តិការណ៍ឦសាន Overland លើកទី១ និងលើកទី២ នៅខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ព្រឹត្តិការណ៍ប្រណាំងរថយន្ត Off-Road អន្តរជាតិ នៅខេត្តព្រះសីហនុ ព្រមទាំងពិព័រណ៍រថយន្ត Off-Road Show 2026 កាលពីពេលថ្មីៗនេះ នៅខេត្តកណ្ដាល។

ព្រឹត្តិការណ៍ Overland លើកទី៣ ត្រូវបានរំពឹងថា នឹងក្លាយជាផលិតផលទេសចរណ៍ដ៏ទាក់ទាញមួយទៀតសម្រាប់យុវជន អ្នកស្រឡាញ់ធម្មជាតិ និងអ្នកចូលចិត្តដំណើរផ្សងព្រេង ព្រមទាំងរួមចំណែកលើកកម្ពស់កិត្តិនាម និងបង្ហាញពីភាពសម្បូរបែបនៃសក្តានុពលទេសចរណ៍កម្ពុជា។

ជាទីបញ្ចប់ លោករដ្ឋមន្ត្រី បានគាំទ្រ និងលើកទឹកចិត្តដល់ក្រុមការងារ CPG Overland ក្នុងការបន្តអភិវឌ្ឍព្រឹត្តិការណ៍ Overland ឱ្យកាន់តែមានគុណភាព ស្តង់ដារ និងទំហំធំជាងមុន ដើម្បីឈានទៅក្លាយជាព្រឹត្តិការណ៍ទេសចរណ៍កីឡាយានយន្តថ្នាក់តំបន់នាពេលអនាគត៕