* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ស្ថានទូតឥណ្ឌា និងសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជខេត្តបាត់ដំបងចុះ MoU លើគម្រោងផ្តល់ផលរហ័ស ដើម្បីលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់និស្សិតស្រី

15-07-2026 19:33

(ភ្នំពេញ)៖ ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា និងសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជខេត្តបាត់ដំបង នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីអនុវត្តគម្រោងផ្តល់ផលរហ័ស (Quick Impact Project - QIP) ក្រោមប្រធានបទ «ការលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់និស្សិតស្រី នៅសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង»។

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពលោក Vanlalvawna Bawitlungឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា និងព្រះយសបញ្ញា បណ្ឌិត វី សុវិជ្ជា ព្រះប្រធានសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមជាសាក្សីភាពពីសំណាក់តំណាងគណៈគ្រប់គ្រងសាកលវិទ្យាល័យ និងមន្ត្រីស្ថានទូតឥណ្ឌា។

គម្រោងផ្តល់ផលរហ័សនេះ នឹងផ្តោតលើការផ្តល់ជូននូវគ្រឿងសង្ហារិម និងបរិក្ខារបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (Information Technology - IT) ដែលចាំបាច់ សម្រាប់បំពាក់នៅក្នុងអគារស្នាក់នៅរបស់និស្សិតស្រី ដែលទើបនឹងសាងសង់រួចថ្មីរបស់សាកលវិទ្យាល័យ។ គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់និស្សិតស្រីប្រមាណ ១៤០ នាក់ ដែលភាគច្រើនមានជីវភាពខ្វះខាត និងមកពីតំបន់ជនបទដាច់ស្រយាល។ គោលបំណងចម្បងនៃគម្រោង គឺការបង្កើតបរិយាកាសរស់នៅប្រកបដោយសុវត្ថិភាព ផាសុកភាព និងអំណោយផលដល់ការសិក្សា ដើម្បីជួយឱ្យនិស្សិតអាចបន្តការសិក្សានៅកម្រិតឧត្តមសិក្សាបានប្រកបដោយប្រសិទ្ធភាព។

នៅក្នុងឱកាសនោះ លោកឯកអគ្គរដ្ឋទូត Vanlalvawna Bawitlungបានគូសបញ្ជាក់អំពីចំណងមិត្តភាព និងទំនាក់ទំនងខាងអារ្យធម៌ដ៏ស៊ីជម្រៅ និងយូរអង្វែងរវាងឥណ្ឌា និងកម្ពុជា ដែលចាក់ឫសយ៉ាងរឹងមាំនៅក្នុងប្រវត្តិសាស្ត្រនៃការផ្លាស់ប្តូរវប្បធម៌ និងសាសនា អស់រយៈពេលជាច្រើនសតវត្សរ៍ ជាពិសេសតាមរយៈមរតកព្រះពុទ្ធសាសនារួម។

លោកបានបន្ថែមថា ប្រទេសឥណ្ឌានៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការគាំទ្រដល់គ្រឹះស្ថានអប់រំដែលរួមចំណែកថែរក្សាតម្លៃរួមទាំងនេះ ព្រមទាំងផ្តល់នូវចំណេះដឹង និងជំនាញបច្ចេកទេសចាំបាច់ដល់យុវជនជំនាន់ក្រោយ ដើម្បីឱ្យពួកគេអាចរួមចំណែកក្នុងការអភិវឌ្ឍសហគមន៍ និងប្រទេសជាតិរបស់ខ្លួន។

គម្រោងថ្មីនេះ គឺជាការបន្តពង្រឹងភាពជាដៃគូដ៏យូរអង្វែងរវាងប្រទេសឥណ្ឌា និងពុទ្ធិកសាកលវិទ្យាល័យនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា។ តាមរយៈគម្រោងផ្តល់ផលរហ័ស (QIP) នាពេលកន្លងមក ប្រទេសឥណ្ឌាបានគាំទ្រដល់ការបង្កើតមជ្ឈមណ្ឌលព័ត៌មានវិទ្យា (IT Centres) នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ រាជធានីភ្នំពេញ និងសាខាខេត្តបាត់ដំបង ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី។ គំនិតផ្តួចផ្តើមទាំងនេះ សុទ្ធតែឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមរវាងឥណ្ឌា និងកម្ពុជា ក្នុងការពង្រឹងឱកាសផ្នែកអប់រំ ការកសាងសមត្ថភាពស្ថាប័ន និងការលើកកម្ពស់សក្តានុពលរបស់យុវជនកម្ពុជា។

កម្ពុជា នៅតែជាដៃគូអភិវឌ្ឍន៍ដ៏មានតម្លៃរបស់ប្រទេសឥណ្ឌា ក្រោម «គោលនយោបាយឆ្ពោះទៅទិសខាងកើត» (Act East Policy) និងក្នុងក្របខ័ណ្ឌ «សហប្រតិបត្តិការមេគង្គ-គង្គា» (Mekong–Ganga Cooperation)។ ជារៀងរាល់ឆ្នាំ ប្រទេសឥណ្ឌាបានអនុវត្តគម្រោងផ្តល់ផលរហ័សចំនួន ១០ គម្រោងនៅកម្ពុជា ដែលគ្របដណ្តប់លើវិស័យអាទិភាពនានា រួមមាន វិស័យអប់រំ សុខាភិបាល ការលើកកម្ពស់សិទ្ធិអំណាចស្ត្រី អនាម័យ កសិកម្ម និងការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ។ គិតមកទល់ពេលបច្ចុប្បន្ន មានគម្រោងផ្តល់ផលរហ័សសរុបចំនួន ៧៣ គម្រោងត្រូវបានអនុម័ត ក្នុងនោះ ៥៥ គម្រោងត្រូវបានបញ្ចប់ដោយជោគជ័យ ខណៈ ១៨ គម្រោងទៀតកំពុងស្ថិតក្នុងដំណាក់កាលអនុវត្ត។

គម្រោងទាំងអស់នេះ សុទ្ធតែស្របតាមកម្មវិធីនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។ គំនិតផ្តួចផ្តើមថ្មីៗទាំងនេះ បានបញ្ជាក់បន្ថែមពីភាពជាដៃគូអភិវឌ្ឍន៍ដ៏រឹងមាំ និងការរីកចម្រើនជាលំដាប់រវាងឥណ្ឌា និងកម្ពុជា ដោយផ្តោតលើការផ្តល់ផលជាវិជ្ជមាននៅកម្រិតមូលដ្ឋាន ការអភិវឌ្ឍធនធានមនុស្ស និងការកសាងជីវភាពរស់នៅប្រកបដោយចីរភាព៕