ដាក់ជើងជាន់ដីចិនភ្លាម គ្មានទុកពេលឱ្យសល់ចោលឡើយ! សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបថ្នាក់ដឹកនាំ​ក្រុមហ៊ុន​យក្សរបស់ចិនចំនួន៩

15-07-2026 19:58

(ចិន)៖ រាប់ចាប់ពីពេលដាក់ជើងជាន់ដីចិន រហូតដល់កប់យប់​ថ្ងៃ​ទី១៥ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេច​មហា​បវរធិបតី ហ៊ុន ម៉ា​ណែត បានជួបជាមួយ​ក្រុមហ៊ុនយក្សរបស់ចិន ចំនួន៩ជាបន្ត​បន្ទាប់​​។ ក្នុងជំនួបជាមួយក្រុមហ៊ុនទាំងនេះ សម្តេចមហាបវរធិបតី ជជែកផ្តោតជា​ពិសេស​​លើក​ទឹកចិត្តឱ្យពួកគេចូលមកវិនិយោគ និង​បើកការរក​ស៊ី​នៅ​កម្ពុជា។

ការកៀរគរអ្នកវិនិយោគបរទេសចូលមកកម្ពុជា គឺជារបៀបវារៈដ៏​សំខាន់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាប់តាំងពី​ពេល​ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី។ រាល់ពេលបំពេញការងារក្រៅ​ប្រទេសទោះបីមមាញឹកនឹងកម្មវិធីផ្សេងៗយ៉ាងណាក្តី តែសម្តេច​មិនដែលរំលងកម្មវិធីជួបជាមួយអ្នកវិនិយោគនោះឡើយ។

ក្រុមហ៊ុនខ្នាតយក្សទាំង៩ដែលសម្តេចមហាបវរធិបតី បានជួបជា​បន្ត​​បន្ទាប់​ក្រោយដាក់ជើងជាន់ដីចិន រហូតដល់កប់យប់​នោះ​រួម​មាន៖

១៖ ក្រុមហ៊ុន CHINALCO ជាក្រុមហ៊ុនផលិតអាលុយ​មីញ៉ូម​ដ៏ធំ​មួយរបស់ប្រទេសចិន និងឈានមុខគេលើពិភពលោក ដែលធ្វើប្រតិ​បត្តិការ​គ្របដណ្តប់លើខ្សែច្រវាក់ផលិតកម្មលោហៈ រាប់ចាប់តាំង​ពី​ការ​រុករក ធ្វើអាជីវកម្មរ៉ែ និងការកែច្នៃផលិតផលសម្រេច រហូតដល់​សេវាកម្មវិស្វកម្ម និងបច្ចេកទេស។

២៖ ក្រុមហ៊ុន China Railway Construction Corporation (CRCC)។ ក្រុមហ៊ុន CRCC គឺជាក្រុមហ៊ុនសំណង់ និងវិស្វកម្ម ដ៏​ធំបំផុតមួយរបស់ប្រទេសចិន និងនៅលើពិភពលោក។ ធ្វើប្រតិបត្តិ​ការ​អាជីវកម្ម គ្របដណ្តប់លើវិស័យហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើន ដូចជា សាងសង់ផ្លូវរថភ្លើងល្បឿនលឿន, ផ្លូវល្បឿនលឿន, ស្ពាន, ផ្លូវក្រោមដី, ប្រព័ន្ធរថភ្លើងក្រោមដី និងកំពង់ផែ។ ក្រុមហ៊ុន ក៏ផ្តល់​សេវាកម្ម​ប្រឹក្សា​យោបល់ និងរចនាប្លង់បច្ចេកវិទ្យាកម្រិតខ្ពស់ រួមទាំង​ការផលិតគ្រឿងចក្រធុនធ្ងន់សម្រាប់សាងសង់ ដូចជាម៉ាស៊ីនខួងផ្លូវ​ក្រោម​ដីខ្នាតយក្ស និងបរិក្ខារផ្លូវរថភ្លើង។

៣៖ ក្រុមហ៊ុន China Energy International។ ក្រុមហ៊ុន China Energy International គឺជាក្រុមហ៊ុនខ្នាតយក្សឈាន​មុខគេមួយរបស់ប្រទេសចិនលើវិស័យវិស្វកម្ម, ថាមពល និងការ​កសាងហេដ្ឋារចនាសម្ព័ន្ធ។ ប្រតិបត្តិការអាជីវកម្មរួមមាន វិស័យ​ថាមពលកកើតឡើងវិញ និងថាមពលបៃតង, វារីអគ្គិសនី និងថាម​ពលដើរដោយធ្យូងថ្ម និងការកសាងហេដ្ឋារចនាសម្ព័ន្ធទូទៅដូចជា ផ្លូវថ្នល់ ស្ពាន ប្រព័ន្ធធារាសាស្ត្រ និងរោងចក្រចម្រោះទឹក​ស្អាត​ផងដែរ។

៤៖ ក្រុមហ៊ុន China Machinery Engineering Corporation Group (CMEC)។ ក្រុមហ៊ុន CMEC គឺជាក្រុម​ហ៊ុន​សំណង់ វិស្វកម្ម និងពាណិជ្ជកម្មអន្តរជាតិដ៏ធំមួយរបស់​ប្រទេស​ចិន ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៧៨។ ក្រុម​ហ៊ុននេះ គឺជាបុត្រសម្ព័ន្ធដ៏សំខាន់មួយរបស់សម្ព័ន្ធក្រុមហ៊ុន Sinomach (China National Machinery Industry Corporation) ដែលជាស្ថាប័នគ្រប់គ្រងឧស្សាហកម្ម​គ្រឿងចក្រ​ឈានមុខគេរបស់ប្រទេសចិន។

វិស័យអាជីវកម្មស្នូលរបស់ក្រុមហ៊ុន គឺការម៉ៅការវិស្វកម្ម និងសំណង់, នាំចេញ-នាំចូលគ្រឿងចក្រ ឧបករណ៍ឧស្សាហកម្ម គ្រឿងយន្តធុនធ្ងន់ បរិក្ខារវេជ្ជសាស្ត្រ សម្ភារសំណង់ និង សេវាកម្មដឹកជញ្ជូនអន្តរជាតិសម្រាប់គម្រោងធំៗ។

៥៖ ក្រុមហ៊ុន Haier Group។ ក្រុមហ៊ុន Haier Group គឺជា​សា​ជីវកម្មផលិតឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ និងគ្រឿងអេឡិចត្រូនិក​ពហុជាតិដ៏ធំបំផុតមួយរបស់ពិភពលោក ដែលមានទីស្នាក់​ការ​កណ្តាល​នៅទីក្រុង Qingdao ប្រទេសចិន។ ទម្រង់អាជីវ​កម្ម​របស់ Haier Group មានដូចជាការផលិតគ្រឿងបរិក្ខារ​ប្រើប្រាស់​ក្នុងផ្ទះឆ្លាតវៃ (Smart Home Business), ប្រព័ន្ធ Ecosystem IoT (Internet of Things) និងSmart Energy & Industrial Internet។

៦៖ ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone។ ក្រុមហ៊ុន Shan​dong (Cambodia) Economic and Technological Development Zone គឺជាក្រុមហ៊ុនវិនិយោគ​កសិ-ឧស្សា​ហ​កម្មដ៏ធំមួយរបស់ប្រទេសចិន។ បច្ចុប្បន្នក្រុមហ៊ុនកំពុង​មានសកម្ម​ភាពវិនិយោគនៅកម្ពុជា ដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០១២មក លើវិស័យកសិកម្ម ដោយផ្ដោតលើដំណាំដំឡូងមី និងស្វាយចន្ទី ហើយក្រុមហ៊ុនមានគម្រោងពង្រីកការវិនិយោគលើដំណាំដំឡូងមី និងគ្រាប់ស្វាយចន្ទី និងដំឡើងរោងចក្រកែច្នៃគ្រាប់ស្វាយ​ចន្ទីនៅ​កម្ពុជា​បន្ថែមទៀត។

សកម្មភាពវិនិយោគនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតការងារដោយផ្ទាល់ និងដោយប្រយោលសម្រាប់ប្រជាជន និង​រួមចំណែកលើកកម្ពស់វិស័យកសិ-ឧស្សាហកម្មកម្ពុជា។

៧៖ ក្រុមហ៊ុន Yuanda Group។

៨៖ ក្រុមហ៊ុន Fujian Jinlu Daily Chemical Co., Ltd.។ ក្រុម​ហ៊ុន Fujian Jinlu Daily Chemical Co., Ltd. គឺជាក្រុម​ហ៊ុនផលិតសម្ភារអនាម័យ និងវាយនភណ្ឌ ដ៏ធំមួយដែលមានមូល​ដ្ឋាននៅក្នុងខេត្តហ្វូជៀន ប្រទេសចិន។ ក្រុមហ៊ុននេះមានឯកទេស​ខ្ពស់ក្នុងការស្រាវជ្រាវ អភិវឌ្ឍន៍ និងផលិតវត្ថុធាតុដើម​សម្រាប់​ផលិត​ផលសុខាភិបាល និងអនាម័យ តាមរយៈបច្ចេកវិទ្យាទំនើប។

៩៖ ក្រុមហ៊ុន Beijing Star AI Co,. Ltd។ ក្រុមហ៊ុន Beijing Star AI Co,. Ltd គឺជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខមួយ​របស់​ប្រទេសចិន ដែលផ្តោតលើការស្រាវជ្រាវ និងអភិវឌ្ឍន៍បញ្ញា​សិប្ប​និម្មិត (Artificial Intelligence/AI)។ ក្រុមហ៊ុននេះ​ ផ្តោតសំខាន់​លើការបង្កើតដំណោះស្រាយ AI សម្រាប់វិស័យពាណិជ្ជកម្ម និង​ឧស្សាហកម្ម តាមរយៈការអភិវឌ្ឍកម្មវិធីឆ្លាតវៃ (AI Chatbots) និង​ប្រព័ន្ធជំនួយការឌីជីថលសម្រាប់ស្ថាប័ន ឬអាជីវកម្ម, បច្ចេក​វិទ្យា​សម្គាល់រូបភាព និងទិន្នន័យ ដែលយកទៅប្រើ​ប្រាស់ក្នុង​ប្រព័ន្ធ​គ្រប់គ្រងឆ្លាតវៃ (Smart City/Smart Office), និងការធ្វើ​បរិ​វត្ត​កម្ម​ឌីជីថល ដោយដាក់បញ្ចូលប្រព័ន្ធ AI ទៅក្នុងកិច្ចការរដ្ឋបាល ការវិភាគទិន្នន័យ និងសេវាបំរើអតិថិជន៕