* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ជំនួបជាមួយសម្តេចតេជោ, ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជា អះអាងជាថ្មីថា ក្នុងឋានៈហ្វីលីពីនជាប្រធានអាស៊ាន នឹងខិតខំប្រឹងប្រែងក្នុងការជួយជំរុញការដោះស្រាយជម្លោះព្រំដែនរវាងកម្ពុជា និងថៃ (Video inside)

16-07-2026 11:58

(ភ្នំពេញ)៖ លោកស្រី ហ្លេរីដា អាន ខេមៀល ភី ម៉ាយូ (Flerida Ann Camille P. Mayo) ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជា បានថ្លែងជម្រាបជូនសម្តេចតេជោ ហ៊ុន សែន ថា ក្នុងឋានៈហ្វីលីពីនជាប្រធានអាស៊ាន និងខិតខំប្រឹងប្រែងក្នុងការជួយជំរុញនូវការដោះស្រាយជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ឱ្យប្រព្រឹត្តទៅដោយលទ្ធផលផ្លែផ្កា។

លោកស្រី ហ្លេរីដា បានបញ្ជាក់ដូចនេះ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២៦នេះ នាឱកាសដែលសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អនុញ្ញាតឱ្យលោកស្រី និងសហការី ចូលជួបសម្ដែងការគួរសម និងជម្រាបលា ក្នុងឱកាសលោកស្រីបញ្ចប់បេសកកម្មការទូតនៅកម្ពុជា ដោយជំនួបធ្វើឡើងនៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាកម្ពុជា។

បើតាមការបញ្ជាក់ឱ្យដឹងពី លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះសម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងរវាងកម្ពុជា និងហ្វីលីពីន នៅក្នុងពេលដែលលោកស្រីធ្វើជាឯកអគ្គរដ្ឋទូតរបស់ហ្វីលីពីនប្រចាំនៅកម្ពុជា។ សម្ដេចតេជោបានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលកាន់តែស៊ីជម្រៅ។

នៅក្នុងឱកាសនោះលោកស្រី ហ្លេរីដា បានសម្តែងនូវការអរគុណជាអនេកជូនចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានអនុញ្ញាតឱ្យលោកស្រី និងសហការីចូលជួប និងជម្រាបលា និងបានបញ្ជាក់ថា ក្នុងអាណត្តិរបស់លោកស្រី នៅកម្ពុជាកន្លងមកនេះបានបង្ហាញយ៉ាងច្បាស់នូវទំនាក់ទំនងរវាងកម្ពុជា និងហ្វីលីពីន កាន់តែរីកចម្រើន ហើយជាពិសេស គឺតាមរយៈការផ្លាស់ប្ដូរនៃដំណើរទស្សនកិច្ចថ្នាក់កំពូល រវាងមេដឹកនាំប្រទេសទាំងពីរ, ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីហ្វីលីពីន មកកាន់កម្ពុជា និងដំណើរទស្សនកិច្ចរបស់សម្ដេចមហាបវរធិបតី ហ៊ុន ណែត នាយករដ្ឋមន្ត្រីកម្ពុជា ទៅកាន់ប្រទេសហ្វីលីពីន និងកម្រិតនៃការផ្លាស់ប្ដូរទំនាក់ទំនងផ្នែកទស្សនកិច្ចនេះ បានកើតឡើងជាញឹកញាប់ដែលបានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសទាំងពីរមានភាពរឹងមាំនៅក្នុងទំនាក់ទំនងជាមួយគ្នា។

បន្ថែមពីលើនេះ លោកស្រី ហ្លេរីដា ក៏បានលើកឡើងទាក់ទិនទៅនឹងទំនាក់ទំនងនៅក្នុងសេដ្ឋកិច្ចពាណិជ្ជកម្ម និងការវិនិយោគ ដែលកម្ពុជា និងហ្វីលីពីន កំពុងតែបោះជំហានទៅមុខជាមួយគ្នា ក្នុងការពង្រីកនូវពាណិជ្ជកម្ម ទន្ទឹមនឹងការបង្កើននូវការពង្រីកនូវទំនាក់ទំនងប្រជាជន និងប្រជាជនរវាងប្រទេសទាំងពីរកាន់តែមានភាពសកម្ម។ លោកស្រី បានលើកឡើងថា ហ្វីលីពីនចាប់អារម្មណ៍ទៅលើផលិតផលកសិកម្មរបស់កម្ពុជា ហើយសង្ឃឹមថា ទំហំនៃការនាំចេញពាណិជ្ជកម្មរវាងប្រទេសទាំង២ នឹងកាន់តែកើនឡើងជាបន្តបន្ទាប់ទៅទៀត។

នាឱកាសនោះសម្ដេចតេជោ ហ៊ុន សែន បានសម្តែងនូវការពេញចិត្តចំពោះការលើកឡើងរបស់លោកស្រីឯកអគ្គរដ្ឋទូត ជុំវិញទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសសម្តេចបានថ្លែងអរគុណលោកស្រីឯកអគ្គរដ្ឋទូត ដែលបានខិតខំពង្រឹងនូវទំនាក់ទំនងទ្វេភាគី កម្ពុជា និងហ្វីលីពីនឱ្យកាន់តែរឹងមាំ។

សម្តេចតេជោ ក៏បានបង្ហាញការពេញចិត្តនូវការលើកឡើងរបស់លោកស្រីឯកអគ្គរដ្ឋទូត នៅក្នុងការពង្រីកនូវសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ជាមួយនឹងទំនាក់ទនងល្អនៅក្នុងផ្នែកនយោបាយរវាងប្រទេសទាំង២ ដោយសម្ដេចចាត់ទុកថា ពាណិជ្ជកម្មសេដ្ឋកិច្ចនេះជាស្នូលនៃទំនាក់ទំនងរវាងកម្ពុជា និងហ្វីលីពីន។ សម្ដេចតេជោ សង្ឃឹមថា ផលិតផលកសិកម្ម ឬការនាំចេញរបស់កម្ពុជា ជាពិសេសគឺអង្ករ នឹងនាំទៅកាន់ហ្វីលីពីន កាន់តែមានការកើនឡើង។

ជាមួយគ្នានោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានជំរុញបន្ថែមទៀត ឲ្យមានការពង្រីកនូវជើងហោះហើរ រវាងប្រទេសទាំងពីរឲ្យកាន់តែកើនឡើងច្រើន ក្នុងទិសដៅដើម្បីឲ្យប្រជាជន និងប្រជាជន រវាងប្រទេសទាំងពីរកាន់តែមានភាពសកម្ម ក្នុងការពង្រីកនូវចំណងមិត្តភាពប្រជាជន និងប្រជាជន ជាពិសេសគឺតាមរយៈការទស្សនានៅប្រទេសគ្នាទៅវិញទៅមក ដោយប្រជាជនកម្ពុជា ទៅទស្សនាប្រទេសហ្វីលីពីន ហើយប្រជាជនហ្វីលីពីន មកទស្សនាកម្ពុជា។

ត្រង់ចំណុចនេះលោកស្រី ហ្លេរីដា បានជម្រាបសម្ដេចតេជោ ហ៊ុន សែន ថាប្រទេសកម្ពុជា គឺជាគោលដៅដ៏ចាប់អារម្មណ៍មួយសម្រាប់ប្រជាជនហ្វីលីពីន មកទស្សនា នៅក្នុងប្រទេសកម្ពុជា។

នៅក្នុងជំនួបនោះសម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងពីបញ្ហាព្រំដែន រវាងកម្ពុជា និងថៃ ដើម្បីពន្យល់ទៅកាន់លោកស្រីអគ្គរដ្ឋទូតផងដែរ ដោយសម្ដេចបានបញ្ជាក់នូវជំហរជាថ្មីថា កម្ពុជាគឺប្រកាន់យកនូវការដោះស្រាយបញ្ហាព្រំដែន ជាមួយនឹងថៃ ដោយសន្តិវិធី ឈរលើច្បាប់អន្តរជាតិ និងផ្អែកទៅលើយន្តការដែលមានស្រាប់ ដែលភាគីទាំងពីរ បានព្រមព្រៀងគ្នានាពេលកន្លងមក។

នាឱកាសនោះដែរ លោកស្រី ហ្លេរីដា ឯកអគ្គរដ្ឋទូត ក៏បានបញ្ជាក់នៅចំពោះមុខសម្ដេចតេជោ ហ៊ុន សែន ថា ក្នុងឋានៈហ្វីលីពីនជាប្រធានអាស៊ាន និងខិតខំប្រឹងប្រែងក្នុងការជួយជំរុញនូវការដោះស្រាយជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ឲ្យប្រព្រឹត្តទៅដោយលទ្ធផលផ្លែផ្ការក្នុងឋានៈ ហ្វីលីពីន ជាប្រធានអាស៊ានផងដែរ៕