* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

វិចារណកថា៖ មេរៀនដ៏អស្ចារ្យបំផុតដែលយើងអាចបង្រៀនកូនចៅរបស់យើង គឺការស្រឡាញ់ដើមឈើ

16-07-2026 14:12

(ភ្នំពេញ)៖ មានរឿងរ៉ាវជាច្រើនដែលយើងបង្រៀនកូនៗរបស់យើង។ យើងបង្រៀនពួកគេឱ្យចេះអាន និងចេះសរសេរ។ យើងបង្រៀនពួកគេនូវមុខវិជ្ជាគណិតវិទ្យា វិទ្យាសាស្ត្រ ប្រវត្តិសាស្ត្រ និងបច្ចេកវិទ្យា។

មេរៀនទាំងនេះរៀបចំពួកគេឱ្យចេះស្វែងរកមុខរបរចិញ្ចឹមជីវិត។ ប៉ុន្តែ នៅមានមេរៀនមួយទៀត ដែលប្រហែលជាមេរៀនដ៏សំខាន់បំផុតជាងអ្វីៗទាំងអស់ ដែលជួយរៀបចំពួកគេឱ្យចេះរស់នៅ។ នោះគឺមេរៀននៃការស្រឡាញ់ដើមឈើ។

ដើមឈើមួយដើម មានតម្លៃលើសពីសាច់ឈើ ស្លឹក និងមែកធាង។ ដើមឈើទាំងនោះ គឺជាជីវិតពិតៗ។ដើមឈើទាំងនោះដកដង្ហើម ទើបយើងអាចមានខ្យល់ដកដង្ហើមដែរ។ ដើមឈើទាំងនោះឈរយ៉ាងស្ងៀមស្ងាត់កាត់ជំនំរំភើយនិងព្យុះភ្លៀង ដើម្បីឱ្យមនុស្សជំនាន់ក្រោយអាចជ្រកក្រោមម្លប់ដ៏ត្រជាក់។ ដើមឈើទាំងនោះមិនដែលទាមទារអ្វីសោះ ប៉ុន្តែផ្តល់ឱ្យយើងនូវអ្វីៗគ្រប់យ៉ាង។

គោលនយោបាយបរិស្ថានដ៏អស្ចារ្យបំផុត មិនមែនចាប់ផ្តើមចេញពីច្បាប់ទម្លាប់នោះឡើយ។ វាចាប់ផ្តើមចេញពីសេចក្តីស្រឡាញ់។ នៅពេលដែលកុមារម្នាក់ស្រឡាញ់ដើមឈើ កុមារនោះនឹងមិនកាប់បំផ្លាញព្រៃឈើដោយគ្មានហេតុផលនោះទេ។

នៅពេលដែលកុមារម្នាក់កោតសរសើរចំពោះសម្រស់ធម្មជាតិ កុមារនោះនឹងមិនបំផ្លិចបំផ្លាញវាដោយចេតនានោះឡើយ។ សេចក្តីស្រឡាញ់ គឺជាទម្រង់នៃការការពារដ៏រឹងមាំបំផុត ដែលមិនទាមទារការបង្ខិតបង្ខំ ព្រោះនេះជាអ្វីដែលដុះចេញពីក្នុងចិត្ត។ ហេតុដូចនេះហើយ ទើបការអប់រំបរិស្ថានត្រូវតែចាប់ផ្តើមចេញពីបេះដូង មុននឹងឈានទៅដល់ខួរក្បាល។

សូមស្រមៃមើលសិស្សតូចម្នាក់ កំពុងដាក់កូនឈើតូចមួយទៅក្នុងដីដោយថ្នមៗ។ សម្រាប់មនុស្សចាស់ នេះហាក់ដូចជាសកម្មភាពធម្មតាមួយ ប៉ុន្តែសម្រាប់កុមារម្នាក់នោះ អ្វីដែលអស្ចារ្យបំផុតបានកើតឡើងហើយ។ ជាលើកដំបូង ប្អូនៗដឹងថាជីវិតមួយអាចត្រូវបានបង្កើតឡើង ថែរក្សា និងការពារបានដោយដៃផ្ទាល់របស់ពួកគេ។

ទឹកនីមួយៗដំណក់ដែលស្រោចលើកូនឈើនោះ ក្លាយជាមេរៀននៃការទទួលខុសត្រូវ។ ស្លឹកថ្មីនីមួយៗ ក្លាយជាមេរៀននៃក្តីសង្ឃឹម។ មែកធាងនីមួយៗដែលលូតលាស់ ក្លាយជាមេរៀននៃភាពអត់ធ្មត់ ហើយឆ្នាំនីមួយៗដែលដើមឈើនោះរស់រានមានជីវិត ក្លាយជាការរំលឹកថា អ្វីៗដ៏អស្ចារ្យមិនមែនកសាងឡើងត្រឹមតែមួយថ្ងៃនោះទេ ប៉ុន្តែវាទាមទារការថែទាំជាប្រចាំ។

ក្នុងការបង្រៀនកុមារឱ្យស្រឡាញ់ដើមឈើ យើងមិនមែនគ្រាន់តែបណ្តុះព្រៃឈើនោះទេ។ យើងកំពុងបណ្តុះសីលធម៌ និងគុណតម្លៃរបស់ពួកគេ។

ដើមឈើបង្រៀនពីភាពបន្ទាបខ្លួន។ ដើមឈើដែលខ្ពស់ជាងគេ តែងចាប់ផ្តើមចេញពីគ្រាប់ពូជដ៏តូចបំផុត។ ដើមឈបង្រៀនពីសេចក្តីសប្បុរស។ ពួកគេផ្តល់ម្លប់ សូម្បីតែចំពោះអ្នកដែលមិនដែលដាំពួកគេក៏ដោយ។ ដើមឈបង្រៀនពីភាពធន់។

ពួកគេឱនលំទោនតាមកម្លាំងខ្យល់ ប៉ុន្តែនៅតែបន្តលូតលាស់ទៅរកពន្លឺព្រះអាទិត្យ។ ដើមឈបង្រៀនពីសាមគ្គីភាព។ នៅក្រោមព្រៃឈើនីមួយៗ មានបណ្តាញឫសឈើប្រទាក់ក្រឡាគ្នា ដែលឫសនីមួយៗជួយទ្រទ្រង់ឫសដទៃទៀត ដែលនេះរំលឹកយើងថា កម្លាំងកើតចេញពីការផ្សារភ្ជាប់គ្នា មិនមែនការរស់នៅដាច់ដោយឡែកនោះទេ។

ទាំងនេះជាមេរៀនដែលគ្មានសៀវភៅពុម្ពណអាចពន្យល់បានពេញលេញនោះឡើយ។ កុមារនៅថ្ងៃនេះ នឹងក្លាយជាអ្នកដឹកនាំ អ្នកវិទ្យាសាស្ត្រ គ្រូបង្រៀន កសិករ សហគ្រិន វិស្វករ និងអ្នករៀបចំគោលនយោបាយនៅថ្ងៃស្អែក។ ថ្ងៃណាមួយ ពួកគេនឹងធ្វើការសម្រេចចិត្តដែលកំណត់អនាគតរបស់ប្រទេសជាតិ។

ប្រសិនបើពួកគេធំដឹងក្តីឡើងជាមួយនឹងសេចក្តីស្រឡាញ់ចំពោះដើមឈើ នោះការសម្រេចចិត្តទាំងឡាយនឹងចូលរួមការពារព្រៃឈើ ទន្លេ សត្វព្រៃ ខ្យល់អាកាសបរិសុទ្ធ និងអាកាសធាតុដោយស្វ័យប្រវត្តិ។

អនាគតនៃបរិស្ថានរបស់យើង មិនមែនពឹងផ្អែកតែលើដើមឈើដែលយើងដាំនៅថ្ងៃនេះនោះទេ ប៉ុន្តែពឹងផ្អែកលើគុណតម្លៃដែលយើងបានបណ្តុះនៅក្នុងចិត្តកូនចៅរបស់យើង។

ការទទួលខុសត្រូវនេះ គឺជារបស់យើងទាំងអស់គ្នា។ មាតាបិតា អាចណែនាំកូនៗឱ្យស្គាល់សម្រស់ធម្មជាតិ តាមរយៈការរួមគ្នាដាំដើមឈជុំវិញផ្ទះ និងចំណាយពេលនៅខាងក្រៅជាមួយគ្នា។

គ្រូបង្រៀន អាចកែប្រែបរិវេណសាលារៀនឱ្យទៅជាថ្នាក់រៀនមានជីវិត ដែលដើមឈើនីមួយៗសុទ្ធតែនិទានរឿងរ៉ាវនៃជីវិត ភាពធន់ និងក្តីសង្ឃឹម។ សហគមន៍ អាចប្រារព្ធពិធីដាំដើមឈើ មិនមែនត្រឹមតែជាពិធីការណ៍នោះទេ ប៉ុន្តែជាការសន្យារួមគ្នាសម្រាប់មនុស្សជំនាន់ក្រោយ។ រាជរដ្ឋាភិបាល អាចបង្កើតឱកាសសម្រាប់កុមារគ្រប់រូបក្នុងការដាំ និងថែទាំដើមឈើ ដើម្បីឱ្យកិច្ចគាំពារបរិស្ថានក្លាយជាផ្នែកមួយនៃជីវភាពរស់នៅប្រចាំថ្ងៃ។

នៅពេលដែលកិច្ចខិតខំប្រឹងប្រែងទាំងនេះរួមបញ្ចូលគ្នា ការដាំដើមឈនឹងមានតម្លៃលើសពីសកម្មភាពបរិស្ថានធម្មតា គឺវានឹងក្លាយជាវប្បធម៌ជាតិ។មនុស្សជំនាន់យើង អាចដាំដើមឈើបានរាប់លានដើម ប៉ុន្តែ ប្រសិនបើយើងអាចបំផុសគំនិតកុមាររាប់លាននាក់ឱ្យស្រឡាញ់ដើមឈើ កុមារទាំងនោះនឹងជួយការពារដើមឈើរាប់ពាន់លានដើមពេញមួយជីវិតរបស់ពួកគេ។

នេះគឺជាអាថ៌កំបាំងដ៏ពិតប្រាកដនៃការអភិរក្សប្រកបដោយចីរភាព។ ពិភពលោកសព្វថ្ងៃកំពុងប្រឈមមុខនឹងការកើនឡើងកម្តៅ ការប្រែប្រួលអាកាសធាតុ ការបាត់បង់ព្រៃឈើ និងការថយចុះនៃជីវៈចម្រុះ។ បញ្ហាប្រឈមទាំងនេះមិនអាចដោះស្រាយបានដោយបច្ចេកវិទ្យាតែមួយមុខនោះទេ។ វាទាមទារឱ្យមានមនុស្សជំនាន់ថ្មី ដែលមើលឃើញធម្មជាតិមិនមែនជាធនធានសម្រាប់តែការប្រើប្រាស់នោះទេ ប៉ុន្តែជាគ្រួសារមួយដែលត្រូវចូលរួមការពារ។

ឫសគល់ដ៏រឹងមាំបំផុតនៃព្រៃឈើ មិនមែនស្ថិតនៅក្រោមដីនោះឡើយប៉ុន្តែស្ថិតនៅក្នុងបេះដូងរបស់កុមារ ដែលនឹងត្រូវទទួលមរតកធម្មជាតិនេះនៅថ្ងៃណាមួយ។ ដូចនេះ សូមឱ្យសាលារៀនគ្រប់កន្លែង ក្លាយជាសួនច្បារនៃការរៀនសូត្រ។ សូមឱ្យថ្នាក់រៀនគ្រប់បន្ទប់ មានបង្អួចដែលអាចមើលឃើញធម្មជាតិខាងក្រៅ។

សូមឱ្យសិស្សគ្រប់រូប ដាំដើមឈើយ៉ាងហោចណាស់ឱ្យបានមួយដើមហើយសូមឱ្យដើមឈនីមួយៗ រំលឹកកុមារគ្រប់រូបថា ពួកគេមិនមែនរស់នៅដាច់ដោយឡែកពីធម្មជាតិនោះទេ គឺពួកគេជាចំណែកមួយនៃធម្មជាតិ។

ថ្ងៃណាមួយ យូរឆ្នាំក្រោយមកនៅពេលដែលយើងចាកចេញទៅ កុមារទាំងនោះនឹងដើរលេងក្រោមម្លប់ដើមឈើដែលពួកគេបានដាំកាលពីនៅក្មេង។ ពួកគេនឹងប្រាប់កូនៗរបស់ពួកគេថា «ម៉ាក់/ប៉ា បានដាំដើមឈនេះ កាលពីនៅជាសិស្សរៀន»។

ដើមឈើនោះ នឹងឈររឹងមាំជានិម្មិតរូបមានជីវិត នៃការរំលឹកពីក្តីសង្ឃឹម ការទទួលខុសត្រូវ និងសេចក្តីស្រឡាញ់ ពីព្រោះចុងក្រោយបង្អស់ មរតកដ៏អស្ចារ្យបំផុតដែលយើងអាចបន្សល់ទុកឱ្យមនុស្សជំនាន់ក្រោយ មិនមែនជាទ្រព្យសម្បត្តិ ឬវិមានធំស្កឹមស្កៃនោះទេ នោះគឺភពផែនដីដែលកាន់តែបៃតង បរិស្ថានដែលកាន់តែស្អាត និងបេះដូងដែលចេះស្រឡាញ់ដើមឈើគ្រប់ៗគ្នា។

នៅពេលដែលយើងបង្រៀនកុមារម្នាក់ឱ្យស្រឡាញ់ដើមឈើ យើងមិនមែនគ្រាន់តែដាំគ្រាប់ពូជទៅក្នុងដីនោះទេ ប៉ុន្តែ យើងកំពុងដាំគ្រាប់ពូជនៃក្តីសង្ឃឹមសម្រាប់មនុស្សជាតិទាំងមូល៕