* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

រដ្ឋមន្រ្តី ហេង សួរ ចែករំលែក «យុទ្ធសាស្រ្តជំរុញទីផ្សារការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍ការងារខ្មែរនៅក្រៅប្រទេស» ជូនដល់មន្រ្តីការទូតជាន់ខ្ពស់

16-07-2026 15:19

(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញធ្វើជាវាគ្មិនបង្ហាញពី «យុទ្ធសាស្រ្តជំរុញទីផ្សារការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍ការងារខ្មែរនៅក្រៅប្រទេស» នៅក្នុងវគ្គពង្រឹងសមត្ថភាពមន្រ្តីការទូតជាន់ខ្ពស់នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ នៅវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ ដើម្បីរួមចំណែកលើកកម្ពស់ចំណេះដឹងថ្មីៗបន្ថែមទាក់ទងនឹងវិស័យការងារ មុនពេលចេញទៅបំពេញបេសកកម្មការទូតនៅតាមស្ថានបេសកកម្មកម្ពុជានៅក្រៅប្រទេស។

នាឱកាសនោះ លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ពីការធ្វើទេសន្តរប្រវេសន៍ការងារ ដែលជាបាតុភូតប្រពៃណីដ៏យូរលង់ និងកំពុងបន្តកើតមានកាន់តែច្រើន ជាពិសេសនៅក្នុងយុគសម័យនៃសកលភាវូបនីយកម្ម និងសមាហរណកម្មសេដ្ឋកិច្ចតំបន់ និងពិភពលោក។ ការធ្វើទេសន្តរប្រវេសន៍ការងារជាកម្លាំងចលករ និងជាយុទ្ធសាស្ត្រដ៏សំខាន់មួយដែលបានរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ធានាបានកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងការអភិវឌ្ឍធនធានមនុស្សប្រកបដោយប្រសិទ្ធភាព និងផលិតភាពកាន់តែខ្ពស់។ លើសពីនេះ ទេសន្តរប្រវេសន៍ការងារ ក៏ជាការធ្វើពាណិជ្ជកម្មផ្នែកសេវាកម្ម ដែលជាផ្នែកមួយនៃការទូតសេដ្ឋកិច្ច ដែលប្រទេសនានាប្រើប្រាស់ដើម្បីពង្រីកទីផ្សារការងារ អភិវឌ្ឍធនធានមនុស្ស លើកកម្ពស់ការផ្លាស់ប្តូរជំនាញ និងបង្កើនផលប្រយោជន៍សេដ្ឋកិច្ចជាតិ។ ការជំរុញទេសន្តរប្រវេសន៍ការងារអាស្រ័យលើកិច្ចសហប្រតិបត្តិការអន្តរជាតិ តាមរយៈទំនាក់ទំនងការទូតសេដ្ឋកិច្ច និងក្របខ័ណ្ឌច្បាប់អន្តរជាតិពាក់ព័ន្ធនានា ដូចជា អនុសញ្ញាក្រុងវីយែន ក្របខ័ណ្ឌអង្គការ WTO និងស្តង់ដាអង្គការ ILO។

លោកបានលើកឡើងពីតួនាទីដ៏សំខាន់របស់ជនទេសន្តរប្រវេសន៍ការងារក្នុងការរួមចំណែកដ៏សំខាន់ដល់កំណើនសេដ្ឋកិច្ច តាមរយៈប្រាក់បញ្ញើដ៏ច្រើនចូលមកក្នុងប្រទេស។ លោកក៏បានបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ចំពោះជនទេសន្តរប្រវេសន៍ខ្មែរនៅក្រៅប្រទេស តាមរយៈការពង្រឹងការអនុវត្តលិខិតបទដ្ឋានគតិយុត្ត និងយន្តការគ្រប់គ្រងការជ្រើសរើស បណ្តុះបណ្តាលនិងបញ្ជូនជនទេសន្តរប្រវេសន៍ទៅធ្វើការនៅក្រៅប្រទេស។ កម្ពុជាក៏មានមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការការពារសិទ្ធិ និងផលប្រយោជន៍បងប្អូនជនទេសន្តរប្រវេសន៍ រួមមាន ច្បាប់ អនុក្រឹត្យ ប្រកាស គោលនយោបាយជាតិ លិខិតូបករណ៍អន្តរជាតិ អនុស្សរណៈនៃការយោគយល់គ្នា កិច្ចព្រមព្រៀងជាមួយអង្គការអន្តរជាតិ ដៃគូ ម្ចាស់ម៉ាក និងប្រទេសទទួលជាដើម។ ការធ្វើទេសន្តរប្រវេសន៍ការងារទៅក្រៅប្រទេស គឺជាឱកាសការងារ និងជាជម្រើសបន្ថែមលើឱកាសការងារ និងជម្រើសការងារដែលមាននៅក្នុងប្រទេស។

លោករដ្ឋមន្រ្តីបានបញ្ជាក់ថា ការបញ្ជូនជនទេស្តរប្រវេសន៍ការងារខ្មែរទៅធ្វើការនៅបរទេសតាមរយៈយន្តការស្របច្បាប់មិនត្រឹមតែជួយបង្កើតឱកាសការងារ បង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការផ្ទេរជំនាញបច្ចេកទេស បទពិសោធការងារ និងចំណេះដឹងថ្មីៗ ហើយត្រឡប់មកចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជាវិញតាមរយៈការបង្កើតមុខរបរដោយខ្លួនឯងពីប្រាក់សន្សំទុក។

ប​ន្ថែមពីនេះ លោករដ្ឋមន្រ្តីបានលើកទឹកចិត្តមន្រ្តីជាន់ខ្ពស់ទាំងអស់ដែលបានទៅបំពេញបេសកកម្មការទូត បន្តយកចិត្តទុកដាក់ផ្តល់កិច្ចគាំពារដល់ជនទេសន្តរប្រវេសន៍ ការងារខ្មែរ និងបង្កើនកិច្ចសហការជិតស្និទ្ធជាមួយបណ្តាប្រទេសដែលមានលក្ខខណ្ឌការងារល្អ និងប្រាក់ឈ្នួលខ្ពស់ ដើម្បីបើកឱកាសការងារជូនដល់ប្រជាពលរដ្ឋកម្ពុជា ក្នុងការមានជម្រើសការងារបន្ថែមទៀត៕