* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

អំពីកសិកម្ម៖ យល់ដឹងពីបច្ចេកទេស ការដាំដុះ ការថែទាំ និងការប្រមូលផលដំណាំខ្នុរ

18-07-2026 14:34

(ភ្នំពេញ)៖ ដំណាំខ្នុរ គឺជារុក្ខជាតិមួយដែលកសិករភាគច្រើននិយមចូលចិត្តដាំ ព្រោះអាចដុះលូតលាស់បានលើដីស្ទើរគ្រប់ប្រភេទ។ វាមានប្រយោជន៍ច្រើនយ៉ាងដូចជា សាច់ និងគ្រាប់ផ្លែទុំធ្វើជាបង្អែម ផ្លែខ្ចីធ្វើជាបន្លែ ដើមធ្វើជាគ្រឿងសង្ហារឹម ជារបាំងខ្យល់ ជាម្លប់ និងស្លឹកជាជី។

ប្រភេទខ្នុរ ដែលអាចយកមកដាំបាននោះគឺ ពូជឆាប់ផ្លែ ធនជម្ងឺ និងសត្វចង្រៃ ផ្លែធំ ក្លែបមានសាច់ក្រាស់មានសាញតិច រសជាតិផ្អែម ក្លិនក្រអូប ផ្លែស្មើជ្រុងល្អ មានប្រភពច្បាស់លាស់ សាច់រក្សាទុកបានយូរ និងតម្រូវការសម្រាប់ទីផ្សារខ្ពស់។

យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានក្សេត្រសាស្ត្រ (GDA) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងឆ្នាំ២០២៥ កម្ពុជាមានផ្ទៃដីដាំដុះដំណាំខ្នុរចំនួន ៣,៧៧៨ហិកតា ក្នុងនោះផ្ទៃដីប្រមូលផលមានចំនួន ៣,២៩០ហិកតា និងទទួលបានបរិមាណផលសរុបចំនួន ៥៦,៤៦៧តោន។

ដំណាំខ្នុរត្រូវបានដាំដុះច្រើននៅក្នុងបណ្តាខេត្តមួយចំនួន ដូចជា ខេត្តកំពត តាកែវ កំពង់ស្ពឺ បាត់ដំបង ពោធិ៍សាត់ កំពង់ចាម ត្បូងឃ្មុំ កំពង់ធំ និងខេត្តមួយចំនួនទៀត។

ការដាំដុះខ្នុរទាមទារការថែទាំត្រឹមត្រូវ ជាពិសេសការគ្រប់គ្រងទឹក ព្រោះខ្នុរចូលចិត្តទឹក ប៉ុន្តែមិនធន់នឹងទឹកដក់ជាំឫសឡើយ។ ប្រសិនបើទឹកលិចលើសពី ៤ថ្ងៃ ដើមខ្នុរអាចនឹងងាប់បាន។ ការចេញផ្លែរបស់ខ្នុរជាទូទៅគឺចេញពីដើម ឬមែកធំៗ ហើយកម្រនឹងឃើញចេញផ្លែពីចុងមែកណាស់។ ការដាក់ជីក៏សំខាន់ផងដែរ ប៉ុន្តែគួរជៀសវាងការដាក់ជីគីមីច្រើនពេកនៅពេលដាំដំបូង ផ្ទុយទៅវិញគួរប្រើជីកំប៉ុស្ត ឬជីធម្មជាតិទ្រាប់បាតរណ្តៅ។

អំពីបច្ចេកទេសក្នុងការដាំដុះ ការថែទាំ និងការប្រមូលផលដំណាំខ្នុរ៖

*ការបណ្ដុះកូន
+ជ្រើសរើសទីតាំងថ្នាល ជាកត្តាមួយដ៏សំខាន់សម្រាប់ធ្វើឱ្យការដុះពន្លក ណៃកូនដំណាំបានគង់វង់ក្នុងបរិមាណខ្ពស់ និងមានសុខភាពល្អនោះដូចជា ជិតប្រភពទឹក ដីទួលមិនលិចទឹក មានពន្លឺព្រះអាទិត្យគ្រប់គ្រាន់ និងជាទីកន្លែងដែលមានសុវត្ថិភាព។

+ការរៀបចំថ្នាល៖ ត្រូវលើកដីថ្នាលឱ្យបានកម្ពស់ពីរតឹក ទទឹងមួយម៉ែត្រ និងបណ្ដោយអាស្រ័យទៅតាមប្រវែងជាក់ស្ដែងដែលចង់បាន កាប់ដីឱ្យម៉ត់ ហាយរយៈពេលពីរ ទៅបីសប្ដាហ៍ដើម្បីសម្លាប់ពពួកបាក់តេរី ឬសត្វល្អិតចង្រៃផ្សេងៗ និងជ្រោយដីរួចជ្រើសយកស្មៅចេញ។

+ការបណ្ដុះកូនខ្នុរ៖ ត្រូវកប់គ្រាប់ខ្នុរដែលបានជ្រើសរើសរួចក្រោយពេលហូបសាច់ពីពីរ ទៅបីថ្ងៃ ដាក់ពង្រាយលើរងដែលបានរៀបចំជាស្រេច គឺចម្ងាយប្រហែលពីរតឹកពីគ្រាប់មួយទៅគ្រាប់មួយ។ បន្ទាប់មកលុបដីម៉ត់ពីលើគ្រាប់ឱ្យបានជិតល្អ ក្របកំណាត់ចំបើងចិញ្ច្រាំខ្លីៗ ស្រោចទឹកឱ្យសើមជាប្រចាំ។

+ការផ្សាំក្នុងថង់៖ រយៈពេលប្រហែលមួយខែក្រោយបន្ទាប់ពីបណ្ដុះក្នុងថ្នាលមក យើងអាចគាស់យកកូនខ្នុរទៅផ្សាំក្នុងថង់បាន ប៉ុន្តែចង់ត្រូវច្រកដោយជីកំប៉ុស្តិ៍មួយភាគ អង្គាមមួយភាគ និងដីខ្សាច់មួយភាគមុនជាស្រេច ហើយស្រោចទឹកភ្លាមដើម្បីឱ្យឫសចាប់ជាប់ដីថ្មីក្នុងថង់។

*ការដាំដុះ
+ការជ្រើសរើសទីកន្លែងដាំដុះ៖ ត្រូវដាំខ្នុរនៅកន្លែងណាដែលមានសុវត្ថិភាព ដីខ្ពស់ដែលមិនលិចទឹក តែមានសំណើមល្មម និងដីមានជីវជាតិល្អ ឆ្ងាយពីដើមឈើធំៗដែលមានស្រាប់យ៉ាងហោចណាស់ ១០ម៉ែត្រ មានប្រភពទឹកនៅជិតងាយស្រួលក្នុងការស្រោចស្រពនៅពេលជួបប្រទះភាពរាំងស្ងួត។

+របៀបជីករណ្ដៅ៖ រណ្ដៅដាំដែលទំហំសមល្មម គឺមានជម្រៅមួយម៉ែត្រ បណ្ដោយមួយម៉ែត្រ និងទទឹងមួយម៉ែត្រ គម្លាតពីរណ្ដៅមួយទៅរណ្ដៅមួយយ៉ាងហោចណាស់ ៨ម៉ែត្រ ហើយត្រូវធ្វើយ៉ាងណាកំណត់ជួរឱ្យបានប៉ះនឹងពន្លឺព្រះអាទិត្យស្មើៗគ្នា។

+ការដាក់ជីក្នុងរណ្ដៅ៖ ក្រោយពេលជីករណ្ដៅរួច មុនពេលដាំត្រូវប្រមូលសំរាមដែលបានពីរុក្ខាជាតិ ផេះលាមកសត្វ ឬជីកំប៉ុស្តិ៍ដាក់ក្នុងរណ្ដៅឱ្យបានច្រើនជាការប្រសើរព្រោះវាជាជីធម្មជាតិ ដែលផ្ទុកទៅដោយសារធាតុចិញ្ចឹមច្រើនយ៉ាង។

+ការដាំកូនខ្នុរ៖ ត្រូវពិនិត្យ និងអនុវត្តឱ្យបានម៉ត់ចត់ដូចជា កូនខ្នុរត្រូវមានអាយុយ៉ាងតិចពីរខែ ត្រូវជៀរចង់ថ្នមៗដោយកាំបិតមុតការពារកុំឱ្យបែកដី ដាំនៅពេលល្ងាចដើម្បីឱ្យវាទទួលសំណើមពេលយប់ និងស្រោចទឹកដើម្បីឱ្យឫសឆាប់ជាប់និងដីថ្មី។

*ការថែទាំ
+ការដាក់ជីបំប៉ន៖ ជីបំប៉នត្រូវដាក់ពីរដងក្នុងមួយឆ្នាំនៅរៀងរាល់ដើម និងចុងរដូវវស្សា ជីករណ្ដៅព័ទ្ធជុំវិញគល់ខ្នុរ ដោយគិតចម្ងាយពីគល់ទៅចុងមែកដែលបែកចេញទៅខាងវែងជាងគេជុំវិញដើម ជម្រៅកន្លះម៉ែត្រ ទំហំពី ២ទៅ៤តឹក ដាក់ជីធម្មជាតិ និងជីគីមីសមាសដែលមានធាតុ អ៊ិន ប៉េ កា។

+ការស្រោចទឹក៖ ធ្វើឡើងដើម្បីបង្កលក្ខណៈងាយស្រួលដល់រោមជញ្ជក់របស់ឫស ងាយស្រួលស្រូបយកសារធាតុចិញ្ចឹម ស្រោចទឹកបំប៉នឱ្យបានទៀងទាត់នៅពេលកូនខ្នុរនៅតូចស្រោចទឹកពេលណាដែលយើងសង្កេតឃើញថា ដំណាំខ្នុរខ្វះជាតិទឹក នៅពេលវាពេញវ័យស្រោចទឹកបំប៉នឱ្យបានច្រើនជាប្រចាំនៅមុន និងក្នុងពេលដំណាំខ្នុរចេញផ្កា។​

+ការតែងមែក៖ ត្រូវធ្វើឡើងរៀងរាល់បួនឆ្នាំម្ដង ក្រោយពេលប្រមូលផលរួច ហើយមែកដែលត្រូវកាត់ចោលនោះមានដូចជា មែកចាស់មិនផ្ដល់ផ្លែ មែកចុងសំយុងចុះ មែកដុះចាក់ទៅក្នុង មែកមានជម្ងឺ និងមែកមានដុះរុក្ខជាតិបញ្ញើរក្អែក។ ការធ្វ់របៀបនេះ ជួយឱ្យដើមមានសុខភាពល្អ ទទួលបានពន្លឺគ្រប់គ្រាន់ និងស្រូបយកខ្យល់់បានល្អ។

+ការការពារជម្ងឺ និងសត្វចង្រៃ៖ មានវិធីច្រើនយ៉ាងដូចជា ត្រូវដាក់កំបោរស សាច់ជូរខៀវ និងស្ពាន់ធ័រជុំវិញគល់ ការពារសត្វកន្ដៀរ ប្រើថ្នាំកសិកម្មនៅពេលសត្វល្អិតបំផ្លាញផ្កា ឬក្ដិប។ មែកដែលមានជម្ងឺត្រូវកាប់រួចយកទៅកប់ ឬដុតចោល ឬប្រើប្រាស់ភ្នក់ភ្លើងបណ្ដេញសត្វល្អិត។

*ការប្រមូលផល៖ ដើម្បីរក្សាគុណភាពផ្លែ និងមានតម្លៃខ្ពស់នៅលើទីផ្សារគឺនៅពេលផ្លែទុំ មានក្លិនក្រអូប ងាយស្រួលក្នុងការលើកដាក់សម្រាប់ដឹកយកទៅទីឆ្ងាយ និងលក់ដូរមិនត្រូវឱ្យទុំពេកនោះទេ ព្រោះវាអាចត្រូវបំផ្លាញ់ពីសត្វល្អិត និងងាយរលួយ។ ត្រូវចាត់សន្ដង់ដោយកាំបិតមុត រួចច្រកចូលការុងដាក់ថ្នមៗ ជៀសវាងការជ្រុះមកប៉ះដីផ្ទាល់ធ្វើឱ្យផ្លែគ្រាំ​ឬបែក។

*ការបន្តពូជ មានច្រើនវិធីសម្រាប់ធ្វើការបន្តពូជខ្នុរ ប៉ុន្តែមាន២វិធី ដែលសមស្រមសម្រាប់កសិករ គឺការបន្តពូជដោយគ្រាប់ និងការបន្តពូជដោយសាកមែក។

* អត្ថប្រយោជន៍នៃផ្លែខ្នុរ

ផ្លែខ្នុរ ជាប្រភពដ៏ល្អនៃវីតាមីន និងសារធាតុរ៉ែ។ វាផ្តល់អត្ថប្រយោជន៍ចម្បងៗរួមមាន ការពារកោសិកាពីការបំផ្លាញ បង្កើនប្រព័ន្ធភាពស៊ាំ សម្រួលដល់ប្រព័ន្ធរំលាយអាហារ ជួយពង្រឹងសុខភាពឆ្អឹង និងជួយគ្រប់គ្រងសម្ពាធឈាមឱ្យមានលំនឹង។

-សម្បូរវីតាមីនសេ និងអា (Vitamin C & A)៖ ជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងប្រឆាំងនឹងការរលាក

-សម្រួលប្រព័ន្ធរំលាយអាហារ៖ ជាតិកាកសរសៃ (Fiber) ជួយការពារការទល់លាមក និងធ្វើឱ្យពោះវៀនដំណើរការបានល្អ

-ថាមពលធម្មជាតិ៖ ផ្ទុកជាតិស្ករធម្មជាតិ (Sucrose & Fructose) ដែលជួយបំពេញថាមពលរាងកាយបានយ៉ាងរហ័ស

-សុខភាពឆ្អឹង៖ ផ្ទុកជាតិកាល់ស្យូម ដែលជួយឱ្យឆ្អឹងរឹងមាំ និងកាត់បន្ថយហានិភ័យនៃជំងឺពុកឆ្អឹង៕