រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា អញ្ជើញប្រគេនទៀនព្រះវស្សានិងទេយ្យទាន ដល់ព្រះសង្ឃចំនួន៩ វត្ត​ និងសំណេះសំណាលជាមួយនិវត្តជន ក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ

18-07-2026 14:40

(ត្បូងឃ្មុំ)៖ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ លោក ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ​និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ បានអញ្ជើញប្រគេនទៀនព្រះវស្សាដល់វត្តចំនួន៩វត្ត ​និងជួបសំណេះសំណាលជាមួយនិវត្តជន​ ប្រារព្ធធ្វើនៅវត្តសុវណ្ណមុន្នីជោតិ ហៅវត្តស្វាយតាមែក ស្ថិតនៅភូមិជ្រៃភ្លុក ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដោយមានការនិមន្តនិងអញ្ជើញចូលរួមពីសំណាក់ព្រះសង្ឃ ថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា ​ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកតំបែរ និងអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់​ ព្រមទាំងលោកយាយ លោកតា ​យ៉ាងច្រើនកុះករ​។

ក្នុងឱកាសនោះ លោក ចាយ បូរិន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ និងក្ដីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែល​ជានិច្ចជាកាលតែងតែគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ ​អតីតយុទ្ធជន និងនិវត្តជន នៅទូទាំងប្រទេស។​

លោកបានមានប្រសាសន៍ថា បុណ្យចូលព្រះវស្សា គឺជាបុណ្យមួយដែលមានសារសំខាន់ណាស់ខាងផ្នែក ព្រះពុទ្ធសាសនា ដែលព្រះដ៏មានព្រះភាគទ្រង់ត្រាស់បញ្ញត្តិក្នុងព្រះវិន័យឱ្យភិក្ខុទាំងឡាយគង់ចាំព្រះវស្សារយៈពេល៣ខែ”។ នៅក្នុងអំឡុងពេលចូលព្រះវស្សា ទាំងព្រះសង្ឃ (អ្នកបួស) និងឃរាវាស (គ្រហស្ថ ឬពុទ្ធបរិស័ទ) សុទ្ធតែមានភារកិច្ចរៀងៗខ្លួន ដែលត្រូវបំពេញ ដើម្បីទ្រទ្រង់ព្រះពុទ្ធសាសនា និងអភិវឌ្ឍផ្លូវចិត្ត។សម្រាប់ព្រះសង្ឃ ជាពេលវេលាបានសម្ងំអប់រំចិត្ត និងមានឱកាសពេញលេញក្នុងការសិក្សាទាំងគន្ធធុរៈ វិបស្សនាធុរៈ ពិភាក្សាធម៌វិន័យ ជម្រះនូវកិលេសតាមរយៈការចម្រើនសមថកម្មដ្ឋាន និងវិបស្សនាកម្មដ្ឋាន និងសម្តែងធម៌ទេសនាទូន្មានពុទ្ធបរិស័ទដែលអញ្ជើញមកវត្ត ឱ្យស្គាល់បាបបុណ្យ គុណទោស។

ចំណែកឃរាវាស ជាឱកាសមាសក្នុងការសន្សំមហាកុសល ព្រោះបានធ្វើតួនាទីជាពុទ្ធសាសនូបត្ថម្ភ (ទាយក) ក្នុងការផ្គត់ផ្គង់ចង្ហាន់ ទេយ្យទាន និងគ្រឿងសក្ការបូជាផ្សេងៗ ដើម្បីឱ្យព្រះសង្ឃគង់ចាំព្រះវស្សា មានភាពសប្បាយក្នុងការប្រព្រឹត្តកិច្ចវត្តប្រតិបត្តិផ្សេងៗ។ ដូច្នេះ ការនាំទៀនវស្សាមកប្រគេនដល់ព្រះភិក្ខុសង្ឃនៅតាមបណ្តាវត្តនាថ្ងៃនេះ មិនត្រឹមតែជាការអភិរក្ស ថែរក្សាប្រពៃណីព្រះពុទ្ធសាសនាឱ្យគង់វង្ស ស្ថិតស្ថេរជានិច្ចនិរន្តរ៍ប៉ុណ្ណោះទេ ប៉ុន្តែជាការចូលរួមគាំទ្រដល់ជីវភាពរស់នៅ ការសិក្សា ការប្រតិបត្តិរបស់ព្រះសង្ឃផងដែរ។

ជាងនេះទៀត លោករដ្ឋមន្ត្រី បានសំណូមពរដល់ព្រះគ្រូចៅអធិការគ្រប់វត្តនៅក្នុងរដូវចូលព្រះវស្សានេះ បន្តយកព្រះទ័យទុកដាក់ខ្ពស់ ពង្រឹងសាលាពុទ្ធិកសិក្សាគ្រប់កម្រិតទាំងស្មារតី និងធនធាន ធ្វើយ៉ាងណាឱ្យ ពុទ្ធិកសិក្សាគ្រប់កម្រិតឈានឆ្ពោះទៅរកវឌ្ឍនភាពទាំងបរិមាណ និងគុណភាព ហើយត្រូវសហការដោះស្រាយរាល់បញ្ហា និងអធិករណ៍ផ្សេងៗ ដែលកើតមាននៅតាមវត្តអារាមនីមួយៗទៅតាមយន្តការធម៌វិន័យ និងច្បាប់រដ្ឋ ដើម្បីធ្វើឱ្យវត្តអារាមក្លាយទៅជាបូជនីយដ្ឋាន ជាបុញ្ញខេត្ត ស្របតាម អភិក្រម​ ស៣ គឺ ១.វត្តស្អាត ២.វត្តស្វាង ៣.វត្តស្ងប់ របស់ក្រសួងធម្មការនិងសាសនា និងសក្ដិសមជាទីសក្ការបូជារបស់ព្រះសង្ឃ និងពុទ្ធបិរស័ទគ្រប់មជ្ឈដ្ឋាន។

ជាងនេះទៀត ត្រូវបន្តយន្តតាមដានត្រួតពិនិត្យ ទប់ស្កាត់រាល់សកម្មភាពប្រព្រឹត្តខុសធម៌វិន័យនិងច្បាប់រដ្ឋរបស់ព្រះភិក្ខុ សាមណេរ ដូចជា ការប្រើប្រាស់ បណ្តាញសង្គមក្នុងផ្លូវអវិជ្ជមាន ការយកវត្តអារាមធ្វើជាកន្លែងឆបោក ការលេងល្បែងស៊ីសងគ្រប់ប្រភេទ និងហ្គេមអនឡាញជាដើម ដើម្បីចូលរួមអនុវត្តគោលនយោបាយ និងវិធានការរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយម របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដើម្បីលុបបំបាត់ និងបោសសម្អាត Online Scams។ ព្រោះសកម្មភាពទាំងនេះ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់គុណតម្លៃ ព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ និងសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយល្អសង្គម។

ឆ្លៀតក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះបងប្អូននិវត្តជន (មន្ត្រីរាជការ បុគ្គលិក ឬកម្មករដែលបានចូលនិវត្តន៍)ទាំងអស់ ដែលបានលះបង់កម្លាំងកាយ ចិត្ត ពេលវេលា និងប្រាជ្ញាស្មារតី ក្នុងការបម្រើជាតិមាតុភូមិ និងសង្គមជាតិនាពេលកន្លងមក។ ដើម្បីគាំទ្រ និងតបស្នងចំពោះគុណបំណាច់របស់និវត្តជន រាជរដ្ឋាភិបាល កម្ពុជាបាននឹងកំពុងបន្តអនុវត្តគោលនយោបាយគាំពារសង្គមសំខាន់ៗ មានដូចជា ការដំឡើង និងបើកប្រាក់សោធននិវត្តន៍បានលឿនទាន់ពេលវេលា ២ដងក្នុងមួយខែតាមប្រព័ន្ធធនាគារ ការកែសម្រួលដំឡើងកម្រិតប្រាក់សោធនអប្បបរមាជាបន្តបន្ទាប់ ដើម្បីជួយសម្រាលបន្ទុកជីវភាពទៅតាមស្ថានភាពសេដ្ឋកិច្ច ទទួលបានកាតមូលនិធិសមធម៌សុខភាព ឬប័ណ្ណ ប.ស.ស ដែលអនុញ្ញាតឱ្យទៅពិនិត្យ និងព្យាបាលជំងឺនៅតាមមន្ទីរពេទ្យរដ្ឋ និងមន្ទីរពេទ្យដៃគូដោយមិនមានការបង់ប្រាក់ ហើយមិនត្រឹមតែមន្ត្រីរាជការប៉ុណ្ណោះទេ សូម្បីតែកម្មករនិយោជិតក្នុងវិស័យឯកជន ក៏ត្រូវបានដាក់ឱ្យអនុវត្តកាតព្វកិច្ចហូរចូលក្នុងប្រព័ន្ធសោធននិវត្តន៍ ប.ស.ស.ផងដែរ ដើម្បីធានាថាពួកគាត់មានចំណូលថេរនៅពេលចាស់ជរា។

ជាងនេះទៀត ជារៀងរាល់ឆ្នាំ កម្ពុជាតែងប្រារព្ធ«ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ» ដើម្បីរំលឹកគុណ និងលើកកម្ពស់តម្លៃរបស់ចាស់ព្រឹទ្ធាចារ្យ និងនិវត្តជន ព្រមទាំងមានការបង្កើតសមាគមមនុស្សចាស់នៅតាមភូមិ-ឃុំ ដើម្បីជួយគ្នាចែករំលែកបទពិសោធន៍ជីវិត។

​មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានប្រគេនទេយ្យទានដល់វត្តនីមួយៗ ក្នុងមួយវត្តៗ ទទួលបាន៖ ទៀន១គូរ ,សាដក១, អង្ករ១០០គ.ក , មី ២កេះធំ, ទឹកត្រី៤យួរ, ទឹកស៊ីអ៊ីវ ២យួរ , ទឹកបរិសុទ្ធ២កេះ បច្ច័យមួយចំនួន ជូនតាជី យាយជី២០០នាក់ ម្នាក់ៗ ទទួលបានក្រមា ១ ថវិកាមួយចំនួន ជូនដល់និវត្តជន និងក្រុមប្រឹក្សាស្រុក ឃុំ ១៩នាក់ ម្នាក់ៗទទួលបាន អង្ករ ៥០គ.ក,មី ២កេះ,ទឹកសុទ្ធ២កេះ,ទឹកស៊ីអ៊ីវ២យួរ,ទឹកត្រី ២យួរ,ប៊ីចេង១កេះតូច,ប្រអប់ឃីត១កញ្ចប់ និងថវិកាមួយចំនួន ព្រមទាំងបានប្រគេនពរ និងជូនពរ ដល់ព្រះសង្ឃគ្រប់ព្រះអង្គ ថ្នាក់ដឹកនាំ និវត្តជន លោកតា លោកយាយ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋ សូមប្រកបដោយពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីប្រែក្លាយជាបការៈដទៃឡើយ៕