* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* ស៉្វ៉ីសដែលជាប្រទេសសុខសាន្តបំផុតមួយលើពិភពលោក ក៏គេចមិនផុតពីការផ្ទុះបាតុកម្ម ដែលកំពុងរាលដាលពេញទ្វីបអឺរ៉ុប
* ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចតំបន់ច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ
* រដ្ឋាភិបាលនាយករដ្ឋមន្រ្តីថៃ អានុទីន នឹងត្រូវប្រឈមការបោះឆ្នោតដកសេចក្តីទុកចិត្ត នៅខែធ្នូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ និងគ្រូ គិតគូរពីការប្រើទូរស័ព្ទនៅក្នុងសាលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន សហការជាមួយសមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន រៀបចំពិធីសំណេះសំណាល និងតម្រង់ទិសជូនដល់និស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលចិនចំនួន១៥០នាក់ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

18-07-2026 14:45

(ភ្នំពេញ)៖ សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC) សហការជាមួយសមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន (CCYA) បានរៀបចំកម្មវិធីសំណេះសំណាល និងផ្តល់ការណែនាំតម្រង់ទិសយ៉ាងអធិកអធមមួយ ជូនដល់និស្សិតជ័យលាភី អាហារូបករណ៍រដ្ឋាភិបាលចិន ប្រចាំឆ្នាំសិក្សា ២០២៦-២០២៧ សរុបចំនួន ១៥០នាក់ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥នេះ។

ពិធីនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងរឹតចំណងសាមគ្គីភាព និងត្រៀមលក្ខណៈសម្បត្តិគ្រប់បែបយ៉ាង ជូនដល់និស្សិតមុនពេលចាកចេញពីមាតុភូមិទៅបន្តការសិក្សានៅប្រទេសចិន។

ពិធីសំណេះសំណាលនេះរៀបចំឡើងក្រោមការចូលរួមពីលោក អ៊ុំ វុទ្ធទី ជំនួយការសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិត ព្រមទាំងជាប្រធានសមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន។

ព្រឹត្តិការណ៍នេះក៏បានទទួលការផ្តល់កិត្តិយសយ៉ាងខ្ពង់ខ្ពស់ ពីថ្នាក់ដឹកនាំជាន់ខ្ពស់ និងទីប្រឹក្សាសមាគមជាច្រើនរូបរួមមាន៖ លោក ញិល សូវៀត ជំនួយការសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអនុប្រធានក្រុមប្រឹក្សាភិបាលសមាគម, លោកស្រី ម៉ម ពេជរស្មី ជំនួយការសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាទីប្រឹក្សាជាន់ខ្ពស់សមាគមនិស្សិត, លោក ស៊ូ សិទ្ធិគុណ អនុប្រធានក្រុមប្រឹក្សាភិបាលសមាគម និងជាអតីតប្រធានសមាគមនិស្សិត អាណត្តិទី៧ និងអាណត្តិទី៨ ព្រមទាំងថ្នាក់ដឹកនាំសមាគមនិស្សិតផ្សេងទៀត។

លោក អ៊ុំ វុទ្ធទី បានថ្លែងកោតសសើរ និងអបអរសាទរយ៉ាងស្មោះស្ម័គ្រចំពោះប្អូនៗនិស្សិតជ័យលាភីទាំង ១៥០នាក់ ដែលបានខិតខំប្រឹងប្រែងរហូតទទួលបានឱកាសមាស ក្នុងការទៅក្រេបជញ្ជក់ចំណេះដឹងនៅបរទេស។ ជាមួយគ្នានោះ លោកក៏បានផ្តល់នូវអនុសាសន៍ណែនាំ និងផ្តាំផ្ញើជាគន្លឹះសំខាន់ៗដែលជាទុនសម្រាប់ជីវិតជានិស្សិតនៅក្រៅប្រទេស ឲ្យនិស្សិតទាំងអស់ត្រូវខិតខំសិក្សារៀនសូត្រឱ្យបានពូកែ ក្រេបជញ្ជក់យកទាំងចំណេះដឹង បទពិសោធន៍ ព្រមទាំងបច្ចេកវិទ្យាទំនើបៗ ដើម្បីនាំយកមកវិញនូវសមត្ថភាពពិតប្រាកដ ក្នុងការចូលរួមចំណែកកសាង និងអភិវឌ្ឍមាតុភូមិកម្ពុជានៅថ្ងៃអនាគត។

លោកបានបន្ថែមថា ជាមួយគ្នានេះ ត្រូវគោរពបទបញ្ជាផ្ទៃក្នុង ច្បាប់រដ្ឋ និងវិន័យរបស់សាលាឱ្យបានខ្ជាប់ខ្ជួនបំផុត ដើម្បីរក្សាកិត្តិយសខ្លួនឯង សេចក្តីថ្លៃថ្នូររបស់ជាតិ និងបង្ហាញពីអត្តសញ្ញាណដ៏ល្អប្រពៃរបស់ជនជាតិខ្មែរ។ អ្វីដែលកាន់តែសំខាន់នោះគឺ និស្សិតម្នាក់ៗត្រូវដើរតួជា «មគ្គុទ្ទេសក៍ទេសចរណ៍ និងជាទូតវប្បធម៌ដ៏រស់រវើករបស់កម្ពុជា» តាមរយៈការប្រើប្រាស់វេទិកានៅក្នុងសាលា ឬប្រព័ន្ធផ្សព្វផ្សាយនានា ដើម្បីជួយផ្សព្វផ្សាយអំពីអរិយធម៌ វប្បធម៌ខ្មែរ ភាពសុខសាន្ត និងតំបន់ទេសចរណ៍ដ៏សម្បូរបែប របស់ប្រទេសយើងទៅកាន់មិត្តភក្តិបរទេស និងប្រជាជនចិន។

លោកបានបនញ្ជាក់ថា បន្ថែមពីនេះនិស្សិតទាំងអស់គ្នា ត្រូវបន្តស្មារតីសាមគ្គីភាព ស្រឡាញ់រាប់អានអធ្យាស្រ័យគ្នាទៅវិញទៅ មករវាងសិស្សច្បងនិងសិស្សប្អូន ព្រមទាំងចូលរួមសហការជាមួយ សមាគមក្នុងការស្វែងរកឱកាសអាហារូបករណ៍ បន្ថែមទៀតនៅប្រទេសចិន ដើម្បីបន្តបណ្តុះបណ្តាល និងផ្តល់ឱកាសមាសនេះដល់និស្សិតខ្មែរផ្សេងៗទៀត បានទៅសិក្សារៀន សូត្រ និងសម្រេចក្តីសុបិនដូចគ្នាដែរ។

បន្ទាប់ពីវគ្គសំណេះសំណាល ក្រុមការងារជំនាញរបស់សមាគមបានបើកវគ្គណែនាំ និងតម្រង់ទិសយ៉ាងលម្អិត ដោយបានជួយសម្របសម្រួល ដល់និស្សិតទាំងអស់ក្នុងការរៀបចំឯកសារស្នើសុំទិដ្ឋាការ (VISA) ក៏ដូចជាការផ្តល់ដំបូន្មានអំពីការរស់នៅ ការធ្វើដំណើរ សីលធម៌ និងកិច្ចការចាំបាច់ចម្បងៗមួយចំនួនទៀត មុនពេលនិស្សិតត្រូវធ្វើដំណើរចាកចេញទៅកាន់ប្រទេសចិន នៅក្នុងខែកញ្ញាខាងមុខនេះ។

សូមជម្រាបថា ជារៀងរាល់ឆ្នាំ សមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន តែងតែដើរតួជាអ្នកអាណាព្យាបាលដ៏កក់ក្តៅ ដោយបានបង្កើតក្រុមការងារពិសេស ដើម្បីជួយសម្របសម្រួលលើការសុំទិដ្ឋាការ ការកក់សំបត្រយន្តហោះក្នុងតម្លៃសមរម្យ និងការរៀបចំកម្លាំងចាំទទួលស្វាគមន៍ប្អូនៗ និស្សិតថ្មីនៅតាមព្រលានយន្តហោះនាប្រទេសចិន ដែលនេះជាការជួយជ្រោមជ្រែងដ៏ធំធេង សម្រាប់អ្នកដែលមិនធ្លាប់ធ្វើដំណើរទៅបរទេសទាល់តែសោះ។

ក្នុងព្រឹត្តិការណ៍នោះលោក អ៊ុំ វុទ្ធទី ដែលជាស្ថាបនិកសមាគមនិស្សិត បានមានប្រសាសន៍រំលឹកពីប្រវត្តិ និងដំណើរការរបស់សមាគម ដោយបានគូសបញ្ជាក់ថា សមាគមនិស្សិតអាចឈរជើងយ៉ាងរឹងមាំ និងរីកចម្រើនមកដល់ពេលនេះ មានរយៈពេលជាង ៩ឆ្នាំមកហើយ។ ភាពជោគជ័យ និងការរីកលូតលាស់ជាបន្តបន្ទាប់នេះ គឺមិនអាចកាត់ផ្តាច់បានឡើយពីការគាំទ្រ ជ្រោមជ្រែង និងការឧបត្ថម្ភគាំទ្រដ៏ថ្លៃថ្លាពី សំណាក់ថ្នាក់ដឹកនាំកំពូលៗនៃរាជរដ្ឋាភិបាល និងស្ថាប័នព្រឹទ្ធសភា រួមមាន៖សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា, សម្តេចវិបុល សេនាភក្តី សាយ ឈុំ អតីតប្រធានព្រឹទ្ធសភា, លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា, លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ នៃព្រឹទ្ធសភា។

ទន្ទឹមនឹងនោះសមាគមក៏ទទួលបានការជួយឧបត្ថម្ភយ៉ាងធំធេងពីវិស័យឯកជន និងសមាគមខ្មែរចិន រួមមាន អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងលោកអ្នកឧកញ៉ា ពុង ឃាងសែ ប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំផ្សេងៗជាច្រើនរូបទៀត ដែលតែងតែផ្តល់ក្តីសង្ឃឹម និងឱកាសដល់យុវជនខ្មែរ។

កម្មវិធីទាំងមូលបានបញ្ចប់ទៅក្រោមបរិយាកាសស្និទ្ធស្នាល ភាពស្រស់ស្រាយ និងពោរពេញដោយក្តីសង្ឃឹម និស្សិតជ័យលាភីទាំងអស់ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំសមាគម និងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ដែលបានផ្តល់ឱកាសសិក្សា និងការមើលថែទាំយ៉ាងយកចិត្តទុកដាក់បំផុត សម្រាប់ដំណើរឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាងនៅឯបរទេស៕