បុរាណវិទូ អ៉ឹម សុខរិទ្ធិ ពន្យល់ពីសារៈសំខាន់ ផ្លូវភ្ជាប់លោកខាងកើត និងលោកខាងលិច កាត់តាមសមុទ្រខ្សាច់ (Video inside)
18-07-2026 15:14
(កានស៊ូ)៖ លោក អ៉ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល ផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា បានពន្យល់ពីសារៈសំខាន់នៃតំបន់តុនហ័ង (Dunhuang) ដែលជាផ្លូវភ្ជាប់លោកខាងកើត និងលោកខាងលិច កាត់តាមសមុទ្រខ្សាច់។
ការពន្យល់នេះ ធ្វើឡើងក្នុងឱកាសផ្តល់បទសម្ភាសផ្តាច់មុខដល់បណ្តាញព័ត៌មាន Fresh News ក្នុងឱកាសលោកទស្សនកិច្ច នៅក្រុងតុនហ័ង ខេត្តកានស៊ូ ដើម្បីចូលរួមកិច្ចសន្ទនាស្តីពី «បេតិកភណ្ឌវប្បធម៌អាស៊ាននិងចិន» តបតាមការអញ្ជើញរបស់មជ្ឈមណ្ឌលបោះពុម្ពផ្សាយអន្តរជាតិចិន (China International Publishing Center – CIPC)។
បើតាម លោក អ៉ឹម សុខរិទ្ធី ការរកឃើញផ្លូវនេះ វាប្រៀបបីដូចជាគ្រាប់រ៉ុកកែត ដែលរុញអារ្យធម៌បុរាណភ្ជាប់គ្នារវាងលោកខាងលិច និងខាងកើត ហើយផ្លូវនេះវិវត្តបន្តិចម្តងៗ ទៅជាផ្លូវពាណិជ្ជកម្ម សាសនា ការទូត និងធ្វើនយោបាយគ្រប់គ្រងដែនដីផង។
គួរជម្រាបថា ទំនិញ ពាណិជ្ជករ និងអ្នកការទូត បានចាប់ផ្តើមធ្វើដំណើរឆ្លងកាត់តំបន់តុនហ័ង ឆ្ពោះទៅទិសខាងលិចជាផ្លូវការ នៅឆ្នាំ ១១១មុនគ.ស. នៅពេលដែលអធិរាជ Wu (អ៊ូ) នៃរាជវង្ស Han (ហាន) បានបង្កើតតំបន់រដ្ឋបាលយោធាតុនហ័ងឡើងជាផ្លូវការ។
ការបើកផ្លូវជាប្រវត្តិសាស្ត្រនេះ បានកើតឡើងតាមរយៈព្រឹត្តិការណ៍សំខាន់ៗមួយចំនួន៖
*ដំណើរត្រួសត្រាយផ្លូវ (១៣៩–១២៦ មុនគ.ស.)
អធិរាជ Wu បានបញ្ជូនអ្នកការទូត Zhang Qian (ចាង ឈៀន) ឱ្យធ្វើដំណើរទៅទិសខាងលិចដើម្បីបង្កើតសម្ព័ន្ធភាព។ ទោះបីជាបេសកកម្មផ្នែកយោធារបស់គាត់មិនទទួលបានជោគជ័យក៏ដោយ ក៏គាត់បានត្រឡប់មកវិញជាមួយនឹងព័ត៌មានសំខាន់ៗអំពីអារ្យធម៌ដ៏សម្បូរបែបនៅអាស៊ីកណ្តាល និងពែរ្ស។ ដំណើរនេះបានកំណត់ផ្លូវដែលក្រោយមកបានក្លាយជា «ផ្លូវសូត្របុរាណ (Ancient Silk Road)»។
*ការគ្រប់គ្រងផ្លូវតភ្ជាប់យុទ្ធសាស្ត្រ (១២១ មុនគ.ស.)
កងទ័ពរាជវង្ស Han បានយកឈ្នះលើកុលសម្ព័ន្ធពនេចរ Xiongnu (ស្យុងនូ) និងបានដណ្តើមការគ្រប់គ្រងលើច្រក Hexi (ហឺស៊ី) ដែលជាផ្លូវតូចចង្អៀតកាត់វាលខ្សាច់នាំទៅដល់តំបន់តុនហ័ងដោយផ្ទាល់។
*ការបង្កើតជាផ្លូវការ (១១១ មុនគ.ស.)
រាជវង្ស Han បានពង្រឹងតំបន់តុនហ័ង ឱ្យក្លាយជាមូលដ្ឋានយោធា និងពាណិជ្ជកម្មនៅភាគខាងលិចរបស់ខ្លួន។ ពួកគេបានសាងសង់ផ្នែកបន្ថែមនៃមហាកំពែងចិន (The Great Wall of Han Dynasty) ទៅទិសខាងជើង និងបានសាងសង់ច្រកទ្វារដ៏ល្បីល្បាញគឺ អ៊ូមិន (Yumen) ឬ Jade Gate Pass និងច្រក Yangguan (យ៉ាងក្វាន់) នៅទិសខាងលិច។ ចាប់ពីឆ្នាំ ១១១ មុនគ.ស. តទៅ Dunhuang បានដើរតួនាទីជាចំណុចចាប់ផ្តើមដ៏សំខាន់បំផុត។ គ្មានក្បួនរថយន្ត ឬក្បួនសត្វពាហនៈណាមួយអាចធ្វើដំណើរទៅទិសខាងលិចឆ្ពោះទៅកាន់អាស៊ីកណ្តាល ឥណ្ឌា ឬអឺរ៉ុបបានឡើយ ប្រសិនបើមិនបានឆ្លងកាត់ច្រកទ្វារនៃតំបន់តុនហ័ងជាមុនសិន ដើម្បីផ្គត់ផ្គង់ទឹក ស្បៀងអាហារ និងស្វែងរកការការពារ៕
ខាងក្រោមនេះជាវិដេអូពន្យល់៖







