ពលរដ្ឋនៅតំបន់ការពារធម្មជាតិភូមិទំព័រ អំពាវនាវរួមគ្នាការពារព្រៃឈើ ដើម្បីអនាគតភពផែនដី (Video inside)

18-07-2026 15:31

(ពោធិ៍សាត់)៖ ពលរដ្ឋដែលរស់នៅជុំវិញតំបន់ការពារធម្មជាតិ បានលើកឡើងជាបន្តបន្ទាប់អំពីសារៈសំខាន់នៃព្រៃឈើ ដែលជាធនធានធម្មជាតិដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ចំពោះជីវិតមនុស្ស សត្វ និងភពផែនដីទាំងមូល។ ការយល់ដឹងនេះបានឆ្លុះបញ្ចាំងពីតួនាទីដ៏សំខាន់របស់ព្រៃឈើក្នុងការទ្រទ្រង់ប្រព័ន្ធអេកូឡូស៊ី និងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សង្គម។

ក្នុងឱកាសផ្តល់បទសម្ភាសដល់បណ្តាញព័ត៌មាន Fresh News នាពិធីដាំកូនឈើចំនួន៥០០ដើម នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិភូមិទំព័រ បានរៀបចំឡើងនាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ដែលរៀបចំក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តពោធិ៍សាត់, លោកពូ ស្រូ សារ៉ុម អាយុ ៧៥ឆ្នាំ ជាពលរដ្ឋរស់នៅភូមិទំព័រ ឃុំប្រម៉ោយ ស្រុកវាលវែង​ បានរៀបរាប់ថា គាត់បានមករស់នៅភូមិទំព័រ រយៈពេល៣៣ឆ្នាំមកហើយ ដោយបានរស់នៅពឹងពាក់លើធនធានម្មជាតិ។​ ដោយឡែកចំពោះព្រឹត្តិការណ៍ដាំកូនឈើនៅតំបន់របស់លោក គឺជាការទប់ស្កាត់ ពីការបម្រែបម្រួលអាកាសធាតុ។

លោក ស្រូ សារ៉ុម បានគូសបញ្ជាក់ថា បើយើងអស់ព្រៃឈើទៅ ការប្រែប្រួលអាកាសធាតុនឹងកើតឡើង ប្រឈមនឹងគ្រោះមហន្តរាយផ្សេងៗ ដូចជាគ្រោះរាំងស្ងួត គ្រោះទឹកជំនន់។ «សម្រាប់តំបន់ភ្នំទំព័រ គឺជាតំបន់អេកូទេសចរណ៍ អ៊ឹចឹង​បើយើងមានព្រៃឈើល្អទៅ គឺថាមានម្លប់បៃតង ប៉ុន្តែ តំបន់នេះវាល (អស់ព្រៃ) វានឹងក្លាយជាវារហោឋាន ធ្វើឱ្យអាកាសធាតុក្តៅ និងបរិស្ថានមិនស្អាត»។

បន្ថែមពីនេះ លោក ស្រូ សារ៉ុម បានបង្ហាញការមើលឃើញថា ពីអតីតកាល រហូតបច្ចុប្បន្ននេះ អាកាសធាតុបានប្រែប្រួលគួរឱ្យកត់សម្គាល់ ជាក់ស្តែងនៅតំបន់ដែលលោរស់នៅពីមុខមានភ្លៀងធ្លាក់ទាងទាត់ ខណៈរដូវប្រាំងក៏មិនមានអាកាសធាតុក្តៅខ្លាំងនោះដែរ។ ប៉ុន្តែ បច្ចុប្បន្ននេះ តំបន់លោកបានជួបនឹងប្រទះការប្រែប្រួលអាកាសធាតុ ភ្លៀងធ្លាក់មិនទៀងទាត់ ចំណែករដូវប្រាំង មានការកាសធាតុក្តៅខ្លាំង។

លោកស្រី ប៊ូ ណា អាយុ៥៧ឆ្នាំ បានបង្ហាញការយល់ឃើញថា៖ «ខ្ញុំយល់ឃើញថា ការដាំកូនឈើនេះសំខាន់​គឺផ្តល់ជាជម្រកសត្វព្រៃ ទាក់ទាញទឹកភ្លៀង បើយើងអត់មានព្រៃឈើ គឺពិបាកបង្កឱ្យខ្វះទឹកភ្លៀង​ បង្កឱ្យមានគ្រោះរាំងស្ងួត»។

លោកស្រី ប៊ូ ណា បានលើកឡើងថា ព្រៃឈើផ្តល់សារៈសំខាន់មិនអាចកាត់ថ្លៃ សម្រាប់ជីវិតមនុស្ស សត្វ។ ខណៈប្រជាពលរដ្ឋរស់នៅក្នុងតំបន់ការពារធនធានធម្មជាតិ​អ្វីដែលសំខាន់បំផុត គឺទឹកភ្លៀង ដូច្នេះ ប្រសិនបើគ្មានព្រៃឈើនោះទេ​ ការរស់នៅរបស់ប្រជាពលរដ្ឋនឹងជួបការលំបាក។

ព្រៃឈើដើរតួជាសួតរបស់ផែនដី ដោយផលិតអុកស៊ីហ្សែនសម្រាប់ដកដង្ហើម និងស្រូបយកឧស្ម័នកាបូនឌីអុកស៊ីត ដែលជួយកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ លើសពីនេះ ព្រៃឈើជាជម្រកដ៏សំខាន់សម្រាប់សត្វព្រៃរាប់លានប្រភេទ រួមចំណែកដល់ការរក្សាជីវៈចម្រុះ។ ចំពោះមនុស្សជាតិ ព្រៃឈើផ្តល់នូវប្រភពទឹកស្អាត អាហារ ឱសថ និងវត្ថុធាតុដើមសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។ វាក៏ជួយការពារការហូរច្រោះដី ការពារទឹកជំនន់ និងរក្សាលំនឹងបរិស្ថានធម្មជាតិផងដែរ។

ការអភិរក្សព្រៃឈើនៅក្នុងតំបន់ការពារធម្មជាតិ គឺជារឿងចាំបាច់បំផុត ដើម្បីធានាបាននូវនិរន្តរភាពនៃធនធានទាំងនេះសម្រាប់មនុស្សជំនាន់ក្រោយ។ កិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងរាជរដ្ឋាភិបាល សហគមន៍មូលដ្ឋាន និងដៃគូអភិវឌ្ឍន៍ គឺមានសារៈសំខាន់ក្នុងការទប់ស្កាត់បទល្មើសព្រៃឈើ ការដាំដុះឡើងវិញ និងការអប់រំផ្សព្វផ្សាយអំពីតម្លៃនៃព្រៃឈើ។ មានតែតាមរយៈការចូលរួមថែរក្សា និងការពារព្រៃឈើប្រកបដោយការទទួលខុសត្រូវប៉ុណ្ណោះ ទើបយើងអាចធានាបាននូវបរិស្ថានរស់នៅប្រកបដោយចីរភាព និងសុខុមាលភាពសម្រាប់ទាំងអស់គ្នា៕