លោកសន្ដិបណ្ឌិត គៀត ច័ន្ទថារិទ្ធ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍

18-07-2026 21:06

(ភ្នំពេញ)៖ លោកសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្តរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍។

ជាកិច្ចចាប់ផ្ដើមលោកឧត្តមសេនីយ៍ទោ ទាង សុឃាង ប្រធាននាយកដ្ឋានរដ្ឋបាលសរុប បានអញ្ជើញធ្វើការបង្ហាញពីរបាយការណ៍ប្រចាំឆមាសបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នា២០២៦ និងបន្ទាប់ពីការធ្វើបទរាយការណ៍ ពីតំណាងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ លោកស្នងការរងនគរបាលខេត្តកោះកុង និងលោកឧត្តមសេនីយ៍ឯក កែម សារិន អគ្គនាយករង រួចមកលោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានថ្លែងអំណរគុណដល់កិច្ចខិតខំប្រឹងប្រែងប្រកបដោយស្មារតីយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ពីថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាពេលកន្លងមក។

លោកឧត្តមសេនីយ៍ឯក សុខ វាសនា បានបញ្ជាក់ថា ដោយឆ្នាំនេះកម្ពុជាមានកិត្តិយសក្នុងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ានលើកទី២៩ (29th DGICM) ដែលបានប្រារព្ធនៅខេត្តសៀមរាបប្រកបដោយទទួលបានលទ្ធផលគួរជាទីមោទនៈ។

ក្នុងនោះដែរ លោកអគ្គនាយក បានគ្រប់នាយកដ្ឋាន ធ្វើការរៀបចំនិយាមនីតិវិធីប្រតិបត្តិ (SOP) សម្រាប់បម្រើដល់ការងារជំនាញ និងសម្រាប់ជាឯកសារគោលដល់មន្ត្រីបន្តវេនអាចស្វែងយល់ពីរបៀបរបបការងារ។ បន្ថែមលេីនោះឯកឧត្តម អគ្គនាយក បានមានណែនាំឲ្យបន្តសហការពង្រឹងសមត្ថភាពជំនាញដល់មន្ត្រីមានសមត្ថកិច្ចគ្រប់គ្រងច្រកទ្វារព្រំដែន ទ្វេភាគី និងច្រកទ្វារតំបន់ព្រំដែនដែលស្ថិតក្រោមសមត្ថកិច្ចរបស់ស្នងការដ្ឋាននគរបាលខេត្តជាប់ព្រំដែន។

ក្នុងឱកាសនេះ លោកសន្តិបណ្ឌិត គ្រៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានវាយតម្លៃកោតសរសេីរលេីរបាយការណ៍ ជាពិសេសេីប្រសាសន៍ណែនាំរបស់លោក ឧត្តមសេនីយ៍ឯក អគ្គនាយក។

ជាមួយគ្នានេះ លោកសន្តិបណ្ឌិត រដ្ឋលេខាធិការ សូមកោតសរសើរចំពោះការខិតខំប្រឹងប្រែង និងសមិទ្ធផលសម្រេចបានរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាពេលកន្លងមក និងបន្តយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបំពេញភារកិច្ច សម្រេចបានដោយជោគជ័យតាមទិសដៅដែលបានដាក់ចេញ ក៏ដូចជាគោលការណ៍នានាដែលក្រសួងមហាផ្ទៃប្រគល់ជូន៕