* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

វិចារណកថា! ថ្លៃដើមលាក់កំបាំងនៃសំណល់អេឡិចត្រូនិក៖ ការការពារសុខភាពរបស់យើង ចាប់ផ្តើមពីការកែច្នៃឡើងវិញប្រកបដោយការទទួលខុសត្រូវ

19-07-2026 11:53

(ភ្នំពែញ)៖ ជារៀងរាល់ឆ្នាំ ទូរស័ព្ទដៃ កុំព្យូទ័រ ទូរទស្សន៍ ថ្ម ខ្សែកាប និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះរាប់លានគ្រឿង ត្រូវបានអស់សុពលភាពប្រើប្រាស់។ ផលិតផលដែលត្រូវបានបោះបង់ចោលទាំងនេះ ហៅថាកាកសំណល់អេឡិចត្រូនិក (e-waste) ហើយវាជាប្រភេទកាកសំណល់មួយដែលកំពុងតែកើនឡើងលឿនបំផុតនៅលើពិភពលោក។

ខណៈពេលដែលបច្ចេកវិទ្យាបានជួយសម្រួលដល់ជីវិតរស់នៅរបស់យើងក្នុងទម្រង់ជាច្រើនដែលមិនអាចរាប់អស់ របៀបដែលយើងបោះបង់ចោលកាកសំណល់អេឡិចត្រូនិកទាំងនេះ បែរជាបង្កើតនូវការគំរាមកំហែងថ្មីមួយយ៉ាងស្ងៀមស្ងាត់ចំពោះសុខភាពមនុស្សជាតិ។

កាកសំណល់អេឡិចត្រូនិក មិនមែនជាសម្រាមធម្មតានោះឡើយ។ នៅក្នុងឧបករណ៍អេឡិចត្រូនិកនីមួយៗ សុទ្ធតែមានវត្ថុធាតុដើមមានតម្លៃ ដូចជាស្ពាន់ អាលុយមីញ៉ូម ប្រាក់ មាស និងធាតុដីកម្រជាដើម។ ប៉ុន្តែ ទន្ទឹមនឹងធនធានមានតម្លៃទាំងនេះ ក៏មានសារធាតុគ្រោះថ្នាក់ជាច្រើនផងដែរ រួមមានសំណ បារត កាត់ម្ញ៉ូម ក្រូម អាសេនិក សារធាតុបន្ទន់ភ្លើងប្រូមីណាត និងគីមីពុលដទៃទៀត។

នៅពេលដែលកាកសំណល់អេឡិចត្រូនិកត្រូវបានកែច្នៃឡើងវិញបានត្រឹមត្រូវនៅក្នុងទីតាំងដែលមានអាជ្ញាប័ណ្ណ វត្ថុធាតុដើមទាំងនេះអាចត្រូវបានប្រមូលមកវិញ និងយកទៅប្រើប្រាស់ឡើងវិញដោយសុវត្ថិភាព។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើការកែច្នៃឡើងវិញធ្វើឡើងមិនបានត្រឹមត្រូវ ផលវិបាករបស់វានឹងមានសភាពធ្ងន់ធ្ងរខ្លាំងណាស់។

នៅតាមកន្លែងជាច្រើន ឧបករណ៍អេឡិចត្រូនិកដែលបោះបង់ចោល ត្រូវបានគេរុះរើដោយដៃផ្ទាល់ដោយគ្មានឧបករណ៍ការពារខ្លួនឡើយ។ ស្រោមប្លាស្ទិកត្រូវបានគេដុតដើម្បីយកសរសៃស្ពាន់។ ផ្ទាំងសៀគ្វីត្រូវបានគេដុតកម្តៅនៅលើភ្នក់ភ្លើងចំហ។ ថ្មត្រូវបានគេវាយបំបែកដោយខ្វះការប្រុងប្រយ័ត្ន។

ពេលខ្លះ ទឹកអាស៊ីតត្រូវបានគេយកមកប្រើប្រាស់ដើម្បីចម្រាញ់យកលោហៈមានតម្លៃ ដោយគ្មានការស្តុកទុកត្រឹមត្រូវតាមបច្ចេកទេស។ ការអនុវត្តមិនមានសុវត្ថិភាពទាំងនេះ បង្កឱ្យមានការភាយចេញនូវសារធាតុពុលទៅក្នុងខ្យល់ បំពុលទន្លេនិងទឹកក្រោមដី ព្រមទាំងបំពុលដីជុំវិញនោះថែមទៀតផង។ ផលប៉ះពាល់លើសុខភាពអាចបង្កជាគ្រោះមហន្តរាយយ៉ាងខ្លាំង។

ប្រជាពលរដ្ឋដែលរស់នៅ ឬធ្វើការនៅជិតទីតាំងកែច្នៃកាកសំណល់អេឡិចត្រូនិកក្រៅប្រព័ន្ធ តែងតែដកដង្ហើមស្រូបយកផ្សែងពុល និងធូលីដីដែលមានសារធាតុពុលជារៀងរាល់ថ្ងៃ។ ភាគល្អិតតូចៗ និងសារធាតុគីមីគ្រោះថ្នាក់អាចចូលទៅក្នុងសួត និងចរន្តឈាម ដែលបង្កើនហានិភ័យនៃជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺបេះដូង ជំងឺប្រព័ន្ធប្រសាទ ការខូចខាតតម្រងនោម ការខូចខាតថ្លើម និងជំងឺមហារីកមួយចំនួន។

សារធាតុពុលទាំងនេះជាច្រើនកើនឡើងនៅក្នុងរាងកាយពីមួយថ្ងៃទៅមួយថ្ងៃ ដែលមានន័យថាផលប៉ះពាល់របស់វាប្រហែលជាមិនស្តែងចេញភ្លាមៗនោះទេ លុះត្រាតែច្រើនឆ្នាំក្រោយមក។

កុមារ គឺជាក្រុមដែលងាយរងគ្រោះបំផុត។ រាងកាយរបស់ពួកគេកំពុងស្ថិតក្នុងដំណាក់កាលលូតលាស់ ហើយពួកគេស្រូបយកសារធាតុពុលបានលឿនជាងមនុស្សធំ។ ការប៉ះពាល់នឹងសារធាតុសំណ និងបារត អាចរំខានដល់ការអភិវឌ្ឍខួរក្បាល កាត់បន្ថយសមត្ថភាពរៀនសូត្រ ប៉ះពាល់ដល់ការចងចាំនិងការយកចិត្តទុកដាក់ ព្រមទាំងជះឥទ្ធិពលដល់ឥរិយាបថថែមទៀតផង។ សូម្បីតែការប៉ះពាល់ក្នុងកម្រិតទាបអំឡុងពេលមានផ្ទៃពោះ ឬក្នុងវ័យកុមារភាព ក៏អាចបន្សល់ទុកផលវិបាកពេញមួយជីវិតផងដែរ។

ស្ត្រីមានផ្ទៃពោះក៏ត្រូវប្រឈមមុខនឹងហានិភ័យខ្ពស់ដូចគ្នា។ សារធាតុគីមីមួយចំនួនដែលមាននៅក្នុងកាកសំណល់អេឡិចត្រូនិក អាចជ្រាបកាត់សុក និងជះឥទ្ធិពលដល់ទារកក្នុងផ្ទៃ ដែលបង្កើនហានិភ័យនៃបញ្ហាអភិវឌ្ឍន៍ និងផលប៉ះពាល់មិនល្អនៅពេលសម្រាលកូន។ ការការពារមាតាពីការប៉ះពាល់នឹងសារធាតុពុល ក៏ជាការការពារមនុស្សជំនាន់ក្រោយដូចគ្នា។
ការកែច្នៃកាកសំណល់អេឡិចត្រូនិកមិនបានត្រឹមត្រូវ ក៏គំរាមកំហែងដល់អាហារ និងប្រភពទឹករបស់យើងផងដែរ។

លោហៈពុលអាចជ្រាបចូលទៅក្នុងដី និងបំពុលផលដំណាំ។ សារធាតុបំពុលអាចហូរចូលទៅក្នុងទន្លេនិងបឹង ដែលប៉ះពាល់ដល់ត្រី និងសត្វក្នុងទឹកដទៃទៀត។ នៅពេលដែលសារធាតុបំពុលទាំងនេះចូលទៅក្នុងខ្សែសង្វាក់អាហារ ពួកវានឹងធ្វើដំណើរមកដល់តុអាហាររបស់យើងនៅថ្ងៃណាមួយជាមិនខាន។

គ្រោះថ្នាក់នេះលាតសន្ធឹងហួសពីសុខភាពបុគ្គលម្នាក់ៗ។ ដីដែលរងការបំពុលនឹងបាត់បង់ជីជាតិ។ ប្រភព ទឹកដែលរងការបំពុលត្រូវចំណាយថវិការច្រើនក្នុងការសម្អាត។ សហគមន៍ត្រូវរ៉ាប់រងការចំណាយលើសេវាថែទាំសុខភាពកាន់តែខ្ពស់។

មនុស្សជំនាន់ក្រោយត្រូវទទួលមរតកនៃការខូចខាតបរិស្ថាន ដែលអាចត្រូវចំណាយពេលរាប់ទសវត្សរ៍ដើម្បីស្តារឡើងវិញ។ ហេតុដូចនេះហើយ ការកែច្នៃកាកសំណល់អេឡិចត្រូនិកមិនបានត្រឹមត្រូវ មិនមែនត្រឹមតែជាបញ្ហាបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច និងសុខភាពសាធារណៈផងដែរ។ ទោះជាយ៉ាងណា បញ្ហានេះយើងអាចការពារបាន។

រាជរដ្ឋាភិបាលគួរតែពង្រឹងបទប្បញ្ញត្តិស្តីពីការប្រមូល ការដឹកជញ្ជូន និងការកែច្នៃកាកសំណល់អេឡិចត្រូនិក ព្រមទាំងធានាថាទីតាំងកែច្នៃឡើងវិញទាំងអស់ត្រូវអនុវត្តតាមស្តង់ដារបរិស្ថាន និងសុវត្ថិភាពការងារឱ្យបានតឹងរ៉ឹង។ ការបោះបង់ចោលសំណល់ខុសច្បាប់ ការដុតកាកសំណល់ចំហ និងការកែច្នៃឡើងវិញដែលមិនមានសុវត្ថិភាព ត្រូវតែលុបបំបាត់តាមរយៈការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាព។

ក្រុមហ៊ុនផលិតក៏មានការទទួលខុសត្រូវសំខាន់ដូចគ្នា។ ផលិតផលអេឡិចត្រូនិកគួរតែត្រូវបានរចនាឡើងឱ្យមានអាយុកាលប្រើប្រាស់បានយូរ ងាយស្រួលជួសជុល និងមានលក្ខណៈសាមញ្ញក្នុងការកែច្នៃឡើងវិញដោយសុវត្ថិភាព។ ក្រុមហ៊ុនផលិតគួរតែជួយបង្កើតប្រព័ន្ធប្រមូលទិញវិញ ដើម្បីឱ្យអ្នកប្រើប្រាស់អាចប្រគល់ឧបករណ៍អេឡិចត្រូនិកដែលឈប់ប្រើប្រាស់ មកធានាការគ្រប់គ្រងបានត្រឹមត្រូវ។

សហគមន៍ និងប្រជាពលរដ្ឋគ្រប់រូប ក៏ដើរតួនាទីយ៉ាងសំខាន់ផងដែរ។ មិនត្រូវដុតកាកសំណល់អេឡិចត្រូនិកឡើយ។ មិនត្រូវបោះចោលថ្ម ឬឧបករណ៍អេឡិចត្រូនិកឡាយឡំជាមួយសម្រាមក្នុងផ្ទះធម្មតានោះទេ នៅពេលដែលមានកម្មវិធីប្រមូលកាកសំណល់ប្រកបដោយសុវត្ថិភាព។ ផ្ទុយទៅវិញ ត្រូវយកឧបករណ៍អេឡិចត្រូនិកដែលឈប់ប្រើប្រាស់ទាំងនោះ ទៅកាន់មជ្ឈមណ្ឌលប្រមូលកាកសំណល់ដែលមានការអនុញ្ញាត ដើម្បីគ្រប់គ្រងវាប្រកបដោយការទទួលខុសត្រូវ។

មុននឹងទិញឧបករណ៍អេឡិចត្រូនិកថ្មី សូមសួរខ្លួនឯងថា តើឧបករណ៍ចាស់នៅតែអាចជួសជុល ឬដំឡើងស៊េរីបានដែរឬទេ។ ការពន្យារអាយុកាលប្រើប្រាស់នៃផលិតផលអេឡិចត្រូនិក គឺជាវិធីមួយដ៏សាមញ្ញ និងមានប្រសិទ្ធភាពបំផុតក្នុងការកាត់បន្ថយកាកសំណល់អេឡិចត្រូនិក។

ទូរស័ព្ទដៃគ្រប់គ្រឿងដែលបានយកមកប្រើប្រាស់ឡើងវិញ កុំព្យូទ័រគ្រប់គ្រឿងដែលបានជួសជុល និងថ្មគ្រប់គ្រាប់ដែលបានកែច្នៃឡើងវិញដោយសុវត្ថិភាព សុទ្ធតែជួយកាត់បន្ថយការបំពុល និងចូលរួមការពារសុខភាពសាធារណៈ។

អនាគតនៃបច្ចេកវិទ្យា មិនគួរដោះដូរមកវិញដោយការប៉ះពាល់ដល់សុខភាពមនុស្សជាតិនោះឡើយ។ ការរីកចម្រើនគួរតែជួយលើកកម្ពស់ជីវិតរស់នៅរបស់យើង មិនមែនបង្កគ្រោះថ្នាក់ដល់យើងនោះទេ។ ការគ្រប់គ្រងកាកសំណល់អេឡិចត្រូនិកប្រកបដោយការទទួលខុសត្រូវ អនុញ្ញាតឱ្យយើងអាចប្រមូលយកមកវិញនូវធនធានមានតម្លៃ ទន្ទឹមនឹងការចូលរួមការពារខ្យល់អាកាសដែលយើងដកដង្ហើម ទឹកដែលយើងពិសារ អាហារដែលយើងបរិភោគ និងសុខភាពក្រុមគ្រួសាររបស់យើងគ្រប់ៗគ្នា។

បរិស្ថានស្អាត គឺជាគ្រឹះនៃសង្គមដែលមានសុខភាពល្អ។ តាមរយៈការគ្រប់គ្រងកាកសំណល់អេឡិចត្រូនិកប្រកបដោយការទទួលខុសត្រូវ យើងមិនមែនគ្រាន់តែបោះចោលឧបករណ៍ចាស់ៗនោះទេ ប៉ុន្តែយើងកំពុងតែចូលរួមការពារសុខុមាលភាពរបស់មនុស្សជំនាន់នេះ និងជំនាន់ក្រោយៗទៀត។

កាកសំណល់អេឡិចត្រូនិកផ្ទុកទៅដោយធនធានមានតម្លៃ ប៉ុន្តែប្រសិនបើគ្រប់គ្រងវាដោយខ្វះការប្រុងប្រយ័ត្ន វាក៏បង្កប់ទៅដោយគ្រោះថ្នាក់ដែលមើលមិនឃើញផងដែរ។ ចូរយើងរួមគ្នាកែច្នៃកាកសំណល់អេឡិចត្រូនិកដោយសុវត្ថិភាព ការពារបរិស្ថានរបស់យើង និងថែរក្សាសុខភាពប្រជាជនរបស់យើងទាំងអស់គ្នា៕