កម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ បន្តចុះត្រួតពិនិត្ររដ្ឋបាល ៣ទីតាំងទៀត នៅក្រុងប៉ោយប៉ែត ពាក់ព័ន្ធទៅនឹងបទល្មើស Online Scams រកឃើញជនបរទេស ៤៤នាក់
19-07-2026 18:23
(បន្ទាយមានជ័យ)៖ កម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦នេះ បានបន្តប្រតិបត្តិការចុះត្រួតពិនិត្យរដ្ឋបាល តាមទីតាំងចំនួន ៣ បន្ថែមទៀត ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ (បិទសៀល១ទីតាំង) ដោយសង្ស័យថា ពាក់ព័ន្ធទៅនឹងបទល្មើស Online Scams និងរកឃើញជនបរទេសសរុបចំនួន ៤៤នាក់។
ប្រតិបត្តិការនេះក្រោមការដឹកនាំពីលោក អុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ។
យោងតាមរបាយការណ៍រដ្ឋបាលខេត្ត បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ថា លោក ប្រាក់ ប៉ូលី អភិបាលរងខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារចម្រុះខេត្ត ដោយមានការសម្របសម្រួលនីតិវិធីពីលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត បានចុះត្រួតពិនិត្យចំនួន ៣ទីតាំង ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ (បិទសៀល១ទីតាំង) រកឃើញជនបរទេសសរុបចំនួន ៤៤នាក់ ស្រី៣នាក់ ៤សញ្ជាតិ ប៉ាគីស្ថាន២៤នាក់ប្រុស បង់ក្លាដេស១៦នាក់ប្រុស ឥណ្ឌា១នាក់ស្រី និងថៃ៣នាក់ស្រី២នាក់ ដូចខាងក្រោម៖
ទីតាំងទី១ (ម្ចាស់ទីតាំងបានសហការរាយការណ៍ជូនសមត្ថកិច្ច ករណីសង្ស័យជនបរទេសដែលស្នាក់នៅទីតាំងរបស់ខ្លួនលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា) ក្រុមការងារបានចុះត្រួតពិនិត្យជាក់ស្ដែងរកឃើញថា អគារកម្ពស់ ៤ជាន់ មាន ២៤បន្ទប់ ហល ១ រកឃើញជនបរទេសចំនួន ៤១នាក់ស្រី ១នាក់ ៣សញ្ជាតិ ប៉ាគីស្ថាន ២៤នាក់ប្រុស បង់ក្លាដេស ១៦នាក់ប្រុស និងឥណ្ឌា ១នាក់ស្រី រកឃើញសម្ភារសង្ស័យរួមមាន កុំព្យូទ័រ All-in-one ៤៤គ្រឿង ទូរសព្ទ ៦៧គ្រឿង តាមការធ្វើកោសល្យវិច្ច័យបឋមរបស់កម្លាំងជំនាញ រកឃើញថា ជាករណីសង្ស័យលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាព ទំនាក់ទំនងស្នេហា ទិសដៅឆបោកទៅប្រទេសឥណ្ឌា។
ចំណាត់ការបញ្ជូនជនបរទេស ៤០នាក់ស្រី១នាក់ ទៅមណ្ឌលកងវ៉ាខេត្ត និង ១នាក់ប្រុស(ប៉ាគីស្ថាន)ទៅអធិការដ្ឋាននគរបាលក្រុង ដកហូតវត្ថុតាងរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត បិទទីតាំងជាបណ្ដោះអាសន្នរហូតមានការជូនដំណឹងជាថ្មី។
ទីតាំងទី២ ផ្ទះ១ល្វែង កម្ពស់២ជាន់ ៤បន្ទប់ ជាបន្ទប់ស្នាក់នៅ ជនបរទេសបានចាកចេញអស់ ពុំមានសម្ភារៈសង្ស័យ អប់រំ។
ទីតាំងទី៣ ផ្ទះ ១ល្វែង កម្ពស់ ២ជាន់ផ្ទាល់ដី ២បន្ទប់ រកឃើញជនជាតិថៃ ៣នាក់ស្រី ១នាក់ ក្នុងនោះ ២នាក់ស្រី ហួសសុពលភាពទិដ្ឋាការ និង ១នាក់ប្រុស ពុំមានលិខិតឆ្លងដែនជាប់ខ្លួន ទីតាំងពុំមានសម្ភារៈសង្ស័យ។
ចំណាត់ការ បញ្ជូនជនបរទេសខាងលើទៅអធិការដ្ឋាននគរបាលក្រុង និងស្វែងរកម្ចាស់ទីតាំងដើម្បីផាកពិន័យ៕























