* កម្ពុជា និងថៃ ឈានដល់ការឯកភាពលើវិធានការកសាងទំនុកចិត្ត ក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងឡាអេ
* គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ បញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជា និងថៃ, ជុំទី៣ នឹងធ្វើនៅថ្ងៃ២៤-២៧ វិច្ឆិកាខាងមុខ ប្រទេសម៉ាឡេស៊ី
* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសេសាន ដឹកនាំក្រុមការងារ នាំយកទៀនព្រះវស្សា និងទេយ្យទានប្រគេនព្រះសង្ឃ ១៦វត្ត និងរៀបចំពិធីរាប់បាតព្រះសង្ឃ ១០០អង្គ

19-07-2026 20:07

(ស្ទឹងត្រែង)៖ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសេសាន ដឹកនាំដោយលោកស្រី ឡុង ភិរម្យ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសេសាន នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ បានសហការជាមួយរដ្ឋបាលស្រុកសេសាន និងពុទ្ធបរិស័ទក្នុងមូលដ្ឋាន រៀបចំពិធីនាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ វេរប្រគេនជូនព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅតាមវត្តអារាមចំនួន ១៦ វត្តទូទាំងស្រុកសេសាន។

ជាមួយគ្នានេះផងដែរ ក៏មានការរៀបចំពិធីនិមន្តព្រះសង្ឃចេញបិណ្ឌបាត ដោយមានព្រះសង្ឃចំនួន ១០០ អង្គ និមន្តទទួលបិណ្ឌបាតពីពុទ្ធបរិស័ទ ដែលបានអញ្ជើញចូលរួមយ៉ាងច្រើនកុះករ បង្ហាញពីសេចក្តីជឿជាក់ និងការគោរពបូជាចំពោះព្រះពុទ្ធសាសនា ដែលជាសាសនារបស់ជាតិខ្មែរ។

ពិធីដ៏មានអត្ថន័យនេះ បានប្រារព្ធធ្វើឡើងនៅវត្ត បុព្វតាយារាម (ហៅវត្តច្រប់) ស្ថិតក្នុងឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ដោយមានការអញ្ជើញចូលរួមពី លោក ឈរ រតនៈ អនុរដ្ឋលេខាធិការ នៃក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសៀមប៉ាង លោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តស្ទឹងត្រែង តំណាងឲ្យលោកអភិបាលខេត្ត និងជាអនុប្រធាន ក្រុមការងារចុះមូលដ្ឋានស្រុក ព្រមទាំង លោក អ៊ុក ចាន់ថន ប្រធានក្រុមប្រឹក្សាស្រុក លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសាន ក្រុមប្រឹក្សាស្រុក គណៈអភិបាល មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងពុទ្ធបរិស័ទជាច្រើនកុះករ។

ក្នុងឱកាសនោះ លោកស្រី ឡុង ភិរម្យ បានថ្លែងថា ការនាំយកទៀនព្រះវស្សា និងទេយ្យទានមកវេរប្រគេននាពេលនេះ គឺជាការបង្ហាញពីស្មារតីរួមចំណែកក្នុងការថែរក្សា និងលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ដែលជាមូលដ្ឋានសំខាន់នៃសង្គមខ្មែរ ព្រមទាំងជួយទ្រទ្រង់ដល់ជីវភាពព្រះសង្ឃសាមណេរ ក្នុងអំឡុងពេលគង់ចាំព្រះវស្សា អស់រយៈពេល ៣ខែ តាមបែបបទព្រះធម៌វិន័យ។

លោកស្រី ក៏បានអំពាវនាវឲ្យអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ បន្តគាំទ្រ និងចូលរួមថែរក្សាប្រពៃណីវប្បធម៌ល្អៗរបស់ជាតិ ជាពិសេសការអនុវត្តពិធីបុណ្យចូលព្រះវស្សា ដែលជាប្រពៃណីបុរាណមានតម្លៃខ្ពស់ និងជាអត្តសញ្ញាណដ៏សំខាន់របស់ជាតិខ្មែរ។

គួរបញ្ជាក់ផងដែរថា ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីសាសនាសំខាន់មួយក្នុងព្រះពុទ្ធសាសនា ដែលមានប្រវត្តិយូរអង្វែងតាំងពីសម័យព្រះពុទ្ធកាល។ ព្រះសង្ឃត្រូវគង់នៅក្នុងវត្តអារាមមួយកន្លែងអស់រយៈពេល ៣ខែ ចាប់ពីថ្ងៃ ១៥កើត ខែអាសាឍ ដល់ថ្ងៃ ១៥កើត ខែអស្សុជ ដើម្បីជៀសវាងការធ្វើដំណើរដែលអាចបំផ្លាញសត្វល្អិត និងរុក្ខជាតិ ក្នុងរដូវវស្សា។

ក្នុងអំឡុងពេលនេះ ពុទ្ធបរិស័ទតែងនាំយកទៀនព្រះវស្សា និងទេយ្យទានផ្សេងៗ ដូចជា អង្ករ ម្ហូបអាហារ ឱសថ និងបច្ច័យ មកវេរប្រគេនដល់ព្រះសង្ឃ ដើម្បីគាំទ្រដល់ការអនុវត្តធម៌ និងការសិក្សាព្រះធម៌វិន័យ។ ទៀនព្រះវស្សា ក៏មានន័យជានិមិត្តរូបនៃពន្លឺបញ្ញា ដែលបំភ្លឺផ្លូវជីវិត និងជំរុញឲ្យមនុស្សប្រព្រឹត្តអំពើល្អតាមបែបព្រះធម៌៕