* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ជនជាតិភាគតិច «ជង» និង «ព័រ» នៅពោធិ៍សាត់ ស្នើចុះបញ្ជីដីព្រៃអារក្ស និងដីកប់សព ដើម្បីរក្សាអត្តសញ្ញាណវប្បធម៌

20-07-2026 11:51

(ពោធិ៍សាត់)៖ ជនជាតិភាគតិច «ជង» និង «ព័រ» ដែលរស់នៅក្នុងភូមិតាដេស ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានស្នើសុំដល់រាជរដ្ឋាភិបាល និងអាជ្ញាធរខេត្តឱ្យជួយទទួលស្គាល់ និងចុះបញ្ជីដីព្រៃអារក្ស និងដីកប់សពជាកម្មសិទ្ធិសមូហភាពស្របច្បាប់។

ការស្នើសុំនេះគឺក្នុងគោលបំណងដ៏សំខាន់ ដើម្បីថែរក្សាការពារនូវទំនៀមទម្លាប់ វប្បធម៌ និងជំនឿប្រពៃណីរបស់ពួកគាត់ ដែលបានបន្សល់ទុកតាំងពីបុរាណកាលមក។

បើតាមលោក សារូ វុធ ប្រធានសហគមន៍ដៃគូសំរោង បានបញ្ជាក់ថា ក្នុងសហគមន៍នេះមានជនជាតិជង ៣៥គ្រួសារ និងជនជាតិព័រ ៣០គ្រួសារ ដែលភាគច្រើននៅតែប្រកាន់ខ្ជាប់នូវមុខរបរ និងទំនៀមទម្លាប់បុរាណ គឺការអាស្រ័យផលអនុផលព្រៃឈើ។

លោកថា ជនជាតិដើមភាគតិចរបស់លោកមានបំណងចង់រក្សាដីព្រៃអារក្សមួយកន្លែងឈ្មោះថា ភ្នំព្រអង្គ ដែលមានទំហំ ២៤ហិកតា និងដីព្រៃកប់សពមួយកន្លែងទៀតទំហំ ៤ហិកតា។ ការចុះបញ្ជីជាផ្លូវការនេះ នឹងជួយការពារតំបន់ទាំងនេះពីការរំលោភបំពាន ព្រមទាំងរក្សាបាននូវអត្តសញ្ញាណវប្បធម៌ និងធនធានធម្មជាតិឱ្យគង់វង្សយូរអង្វែង។

ចំពោះលោក សន សារឿន មេភូមិតាដេស បានបន្ថែមថា តំបន់ដីព្រៃអារក្ស និងដីកប់សពទាំងពីរនេះ គឺជាទីតាំងបុរាណកាលសម្រាប់ជនជាតិដើមភាគតិចព័រ និងជង ធ្វើការគោរពបូជាតាមបែបប្រពៃណីទាំងអរូបីយ (ការបន់ស្រន់ សែនព្រេន) និងរូបបីយ (ទីកន្លែងសម្រាប់បន់ស្រន់)។

ដោយឡែកលោក ទូច សុផានី ប្រធានគម្រោងអភិវឌ្ឍន៍សហគមន៍ នៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) ក៏បានគាំទ្រ និងកំពុងជួយដល់ប្រជាសហគមន៍ ដើម្បីឱ្យពួកគាត់មានសិទ្ធិប្រើប្រាស់ និងគោរពបូជាជំនឿដូនតា។

ពាក់ព័ន្ធនឹងសំណើនេះ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានចុះពិនិត្យដោយផ្ទាល់​ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ហើយបានឱ្យដឹថា ក្រសួងនឹងខិតខំចូលរួមធ្វើយ៉ាងណាឱ្យតំបន់ទាំងនេះកំណត់ទីតាំងបានច្បាស់លាស់សម្រាប់បម្រើផលប្រយោជន៍សហគមន៍មូលដ្ឋាន។

អ្នកនាំពាក្យក្រសួងបរិស្ថាន សង្ឃឹមថា តំបន់ទាំងនេះនឹងក្លាយជាប្រយោជន៍សម្រាប់សហគមន៍ ក៏ដូចជាសេដ្ឋកិច្ចប្រទេសជាតិ តាមរយៈការទាក់ទាញវិស័យទេសចរណ៍ប្រកបដោយសក្តានុពល។ ការទទួលស្គាល់ និងចុះបញ្ជីដីទាំងនេះ មិនត្រឹមតែជាការគោរពដល់ទំនៀមទម្លាប់ប្រពៃណីប៉ុណ្ណោះទេ ថែមទាំងជាការរួមចំណែកដល់ការអភិវឌ្ឍសហគមន៍ និងការអភិរក្សធនធានធម្មជាតិផងដែរ៕