និស្សិតខ្មែរ ជួនណារី មុនីថេរ៉ាយុ បញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុអន្ដរជាតិ នៅប្រទេសអូស្ដ្រាលី ត្រៀមយកមកចែករំលែក និងរួមចំណែកអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជា (Video inside)
20-07-2026 11:55
(ភ្នំពេញ)៖ លោក ជួនណារី មុនីថេរ៉ាយុ ជានិស្សិតខ្មែរម្នាក់បញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុអន្ដរជាតិ នៅសាកលវិទ្យាល័យ ឃ្វិនស្លែន University of Queensland ក្នុងប្រទេសអូស្ដ្រាលី ត្រៀមយកចំណេះដឹងដែលខ្លួនទទួលការបណ្ដុះបណ្ដាលនៅបរទេសដើម្បីមកចែករំលែក និងរួមចំណែកអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជា។
មុនឈានទៅបញ្ចប់ថ្នាក់អនុបណ្ឌិត លោក ជួនណារី មុនីថេរ៉ាយុ បានបញ្ចប់ថ្នាក់បរិញ្ញាបត្រសេដ្ឋកិច្ច (កិត្តិយស) នៅសាកលវិទ្យាល័យ UQ ដែលជាកម្មវិធីសិក្សាផ្អែកលើការស្រាវជ្រាវ រួមទាំងការសរសេរនិក្ខេបបទស្រាវជ្រាវ ដោយទទួលបានកិត្តិយសថ្នាក់ទីមួយ (First Class Honours) និងបានទទួលមេដាយសាកលវិទ្យាល័យផ្នែកសេដ្ឋកិច្ច (University Medal) ក្នុងឆ្នាំ២០២៤ ព្រមទាំងការទទួលស្គាល់លើបញ្ជីកិត្តិយសរបស់ព្រឹទ្ធបុរស (Dean's Honour Roll) ផងដែរ។
លោកបានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុអន្តរជាតិ (Master of International Economics and Finance) ហើយត្រូវបានជ្រើសរើសជាអ្នកទទួលអាហារូបករណ៍កម្មវិធីស្រាវជ្រាវ ឆ្នាំ២០២៥ (2025 Summer Research Program Scholar) ដែលឆ្លុះបញ្ចាំងពីភាពល្អឆ្នើមផ្នែកសិក្សាជាបន្តបន្ទាប់របស់គាត់។ ក្រៅពីការសិក្សា លោក មុនីថិរ៉ាយុ ក៏បានចូលរួមចំណែកយ៉ាងមានអត្ថន័យ ដល់សហគមន៍សាកលវិទ្យាល័យ តាមរយៈការបង្រៀនមុខវិជ្ជា គោលនយោបាយ និងបទប្បញ្ញត្តិការប្រកួតប្រជែង (Competition Policy and Regulation) និងមុខវិជ្ជា សេដ្ឋកិច្ចមហភាគ និងហិរញ្ញវត្ថុអន្តរជាតិ (International Macroeconomics and Finance) ព្រមទាំងតាមរយៈសកម្មភាពស្ម័គ្រចិត្ត និងគំនិតផ្ដួចផ្ដើមក្នុងការចូលរួមរបស់និស្សិតផងដែរ។
លោក មុនីថិរ៉ាយុ មានគម្រោងវិលត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញ ដើម្បីបន្តអាជីពក្នុងវិស័យគោលនយោបាយសេដ្ឋកិច្ច ដោយយកជំនាញ និងចំណេះដឹងដែលគាត់បានទទួលក្នុងអំឡុងពេលសិក្សា មកចូលរួមចំណែកដល់សហគមន៍របស់គាត់។
លោកបានថ្លែងយ៉ាងដូច្នេះថា «ការសិក្សាផ្នែកសេដ្ឋកិច្ចនៅ University of Queensland (UQ) បានផ្លាស់ប្ដូរទស្សនៈរបស់ខ្ញុំចំពោះរឿងរ៉ាវជុំវិញខ្លួន ចាប់តាំងពីការមើលព័ត៌មាន រហូតដល់ការសម្រេចចិត្តរបស់មនុស្ស។ ខ្ញុំមិនត្រឹមតែរៀនពីសាស្ត្រាចារ្យរបស់ខ្ញុំប៉ុណ្ណោះទេ ខ្ញុំក៏បានរៀនច្រើនពីមិត្តរួមថ្នាក់របស់ខ្ញុំផងដែរ ដោយការដោះស្រាយបញ្ហាដែលខ្ញុំ មិនដែលអាចរកឃើញ ដោយខ្លួនឯង។ ខ្ញុំក៏យល់ឃើញថា ការជួយអ្នកដទៃ គឺជារឿងដែលមានតម្លៃ ហើយជាញឹកញាប់វាក៏បង្រៀនយើងវិញដែរ។ នេះហើយជាមេរៀនដែលយើងយកតាមខ្លួន ចេញពីថ្នាក់រៀន ទៅកាន់ជីវិតពិតខាងមុខ»។
លោក ជួនណារី មុនីថេរ៉ាយុ ក្នុងនាមតំណាងឲ្យនិស្សិតបញ្ចប់ការសិក្សាទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅដល់សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងអ្នកណែនាំទាំងអស់ ចំពោះការអត់ធ្មត់របស់លោកអ្នក និងចំពោះការជំរុញបន្ថែម។ ហើយចំពោះក្រុមគ្រួសារ និងមិត្តភក្តិ ដែលបានទ្រទ្រង់ឆ្លងកាត់សប្ដាហ៍ដ៏លំបាក ហើយមិនដែលឈប់ជឿជាក់លើពួកយើង អ្នកទាំងអស់គ្នា គឺជាហេតុផលដែលយើងឈរនៅទីនេះថ្ងៃនេះ។
សូមជម្រាបថា លោក ជួនណារី មុនីថេរ៉ាយុ បានប្រឡងបាក់ឌុប និងបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យនៅ សាលាប៊ែលធីអន្តរជាតិ ក្នុងឆ្នាំ២០១៨។ នៅឆ្នាំ២០១៩ លោកបានផ្លាស់ទៅរស់នៅទីក្រុង Brisbane ប្រទេសអូស្ត្រាលី ដើម្បីចាប់ផ្ដើមការសិក្សាថ្នាក់បរិញ្ញាបត្រ ដោយចាប់ផ្ដើមពីឆ្នាំមូលដ្ឋាន (foundation year) នៅមហាវិទ្យាល័យ International Education Services (IES) College ដែលជាស្ថាប័នផ្លូវការក្នុងការសិក្សាដែលមានទំនាក់ទំនងជាមួយសាកលវិទ្យាល័យ The University of Queensland (សកលវិទ្យាល័យ អូស្ត្រាលី) ហើយបានបញ្ចប់នៅចុងឆ្នាំ២០១៩។
បន្ទាប់មក លោកបានចាប់ផ្ដើមថ្នាក់បរិញ្ញាបត្រសេដ្ឋកិច្ច (Bachelor of Economics) នៅ The University of Queensland ជំនាញសេដ្ឋកិច្ច និងគោលនយោបាយសាធារណៈ (Economics and Public Policy) និងការវិភាគបរិមាណវិស័យ (Quantitative Analysis) ។ ក្នុងអំឡុងពេលសិក្សា លោកបានធ្វើការជា កម្មសិក្សាការីផ្នែកគ្រប់គ្រងពាណិជ្ជកម្ម (Business Administration Intern) (ឆ្នាំ២០២១-២០២២) និងជាជំនួយការស្រាវជ្រាវ (Business Administration Intern ) (ឆ្នាំ២០២១-២០២៣) បានបញ្ចប់កម្មសិក្សាផ្នែកជំនួយគោលនយោបាយ (Policy Assistance Internship) ក្នុងអំឡុងវិស្សមកាលរដូវរងាឆ្នាំ២០២៣ និងបានទទួលអាហារូបករណ៍កម្មវិធីស្រាវជ្រាវរដូវរងារឆ្នាំ២០២៣។
លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ នៅចុងឆ្នាំ២០២៣ ដោយទទួលបានឈ្មោះនៅក្នុងបញ្ជីកិត្តិយសរបស់ព្រឹទ្ធបុរស (Dean's Honours Roll) និងលិខិតសរសើរ របស់ព្រឹទ្ធបុរសសម្រាប់ភាពល្អឆ្នើមផ្នែកសិក្សា (Dean's Commendation for Academic Excellence) សម្រាប់ឆមាសទី២ឆ្នាំ២០២៣។
អំឡុងពេលសិក្សាក្រោយបរិញ្ញាបត្រ លោកទទួលបាន Dean's Commendations for Academic Excellence ចំនួនបីលើក ហើយត្រូវបានជ្រើសរើសជាតំណាងនិស្សិតបញ្ចប់ការសិក្សា (Valedictorian) នៃមហាវិទ្យាល័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងច្បាប់ (BEL) នៃសាកលវិទ្យាល័យ The University of Queensland ប្រចាំឆ្នាំ២០២៦៕


















