* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

អង្គការសង្គមស៊ីវិលក្នុង​ខេត្តក្រចេះ បាន​វាយតម្លៃ​ខ្ពស់​ចំពោះកិច្ច​ខិតខំប្រឹងប្រែង​របស់រាជរដ្ឋាភិបាល​ក្នុងការកសាង សង្គមឌីជីថលកម្ពុជា​ និងប្ដេជ្ញាចិត្ដ​ចូលរួម​ទប់ស្កាត់ព័ត៌មាន​ក្លែង​ក្លាយនិងការឆបោកតាមអនឡាញក្នុងសហគមន៍

20-07-2026 13:37

(ក្រចេះ)៖ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) នៃទីស្តីការគណៈរដ្ឋមន្ត្រី បានសហការជាមួយរដ្ឋបាលខេត្តក្រចេះ រៀបចំវេទិកាសន្ទនា ក្រោមប្រធានបទស្ដីពី​ «ការពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងយុគសម័យឌីជីថល» នៅ​​ព្រឹកថ្ងៃទី២០​ ខែកក្កដា ឆ្នាំ២០២៦ នៅក្រុងក្រចេះ​។ វេទិកាសន្ទនានេះបានប្រព្រឹត្ដទៅ​ក្រោមអធិបតីភាពឯកឧត្តម ប៉ៃ សំបូរ​ អគ្គលេខាធិការ​នៃអគ្គលេខាធិការដ្ឋាន​​ វ.ស.ស. និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ នាយករង​ខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមប្រឹក្សា​ភិបាល វ.ស.ស. និងឯកឧត្តម ដួង ពៅ អភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ ដោយ​មានការអញ្ជើញចូលរួម​ពី​អង្គការសង្គមស៊ីវិលក្នុងខេត្តក្រចេះ និងអាជ្ញាធរមូលដ្ឋានជាច្រើននាក់។

ថ្លែងក្នុងអង្គវេទិកាសន្ទនានាព្រឹកនេះ ឯកឧត្តម ប៉ៃ សំបូរ​ បានលើកបង្ហាញ​អំពីបេសកកម្មរបស់ វ.ស.ស. ដែលជាអង្គភាព​មួយរបស់ទីស្ដីការគណៈរដ្ឋមន្ដ្រី​ក្នុងការសម្របសម្រួល​ និងបង្កើនកិច្ចសហប្រតិបត្ដិការ​រវាង​អង្គការសង្គមស៊ីវិលជាមួយ​រាជរដ្ឋាភិបាលនិង​រដ្ឋបាល​ថ្នាក់​ក្រោមជាតិ ដើម្បីកសាង​សុខដុមនីយកម្មសង្គមស៊ីវិល​នៅកម្ពុជា​​។​ ទន្ទឹមនឹងនេះ​ ឯកឧត្តម​បានគូសបញ្ជាក់​អំពីកិច្ចខិតខំរបស់រាជ​រដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋស​ភា​ ក្រោមការដឹកនាំ​ប្រកបដោយគតិបណ្ឌិតនិង​ថាមវន្ដ​របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការ​កសាង​រដ្ឋាភិបាល​ឌីជីថល​ដោយឈរលើ​សសរស្ដម្ភចំនួន ៣ គឺពលរដ្ឋ​ឌីជីថល រដ្ឋា​ភិបាល​ឌីជីថល និង​ធុរកិច្ច​ឌីជីថល​ ដើម្បី​លើកកម្ពស់ការបម្រើ​សេវា​សាធារណៈ​ឱ្យកាន់តែល្អប្រសើរ។ ឯកឧត្ដម​ក៏បានបញ្ជាក់សាជាថ្មីអំពី​​ការយក​ចិត្ដ​ទុកដាក់ខ្ពស់​របស់រាជរដ្ឋាភិបាលចំពោះអង្គការ​សង្គមស៊ីវិល ដែលតែង​តែ​ចាត់ទុក​អង្គការ​សង្គមស៊ីវិល​ គឺជាដៃគូ​អភិវឌ្ឍន៍​សង្គម​-សេដ្ឋកិច្ច​ ដែលមិន​អាចខ្វះបាន។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការរួមចំណែកយ៉ាងសកម្ម​​​របស់​អង្គការ​សង្គមស៊ីវិល​នាពេលកន្លងមក ពិតជាបានចូល​រួម​​យ៉ាង​សំខាន់ដល់​ការអភិវឌ្ឍមូលដ្ឋាន​ រួមទាំងការ​លើក​កម្ពស់​សុខុមាលភាពនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយបរិយាបន្ន​។ ឯកឧត្តមក៏បានថ្លែងនូវការកោតសរសើរ​និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋានក្នុងខេត្តក្រចេះ និងការចូលរួម​ចំណែកយ៉ាងធំធេង​របស់អង្គការសង្គមស៊ីវិលក្នុងការអភិវឌ្ឍមូលដ្ឋាននាពេលកន្លងមក។ ឯកឧត្តម​​ក៏បាន​លើកទឹកចិត្ត​​ឱ្យអង្គការសង្គមស៊ីវិលធ្វើការផ្សព្វផ្សាយក្នុងមូលដ្ឋាន ដើម្បីជំរុញឱ្យប្រជាជន​​បញ្ជូនកូនៗទៅសិក្សាវគ្គជំនាញ​​វិជ្ជាជីវៈរយៈពេលខ្លី​នៅវិទ្យាស្ថាន TVET ខេត្តក្រចេះ ដើម្បីពង្រឹងសមត្ថភាពនិងស្វែងរកការងារធ្វើនៅតាមរោងចក្រ​នៅក្នុងមូលដ្ឋានខេត្តនេះ ដែលអាចចូលរួមចំណែកដល់ការកាត់បន្ថយចំណាកស្រុកនិងលើកកម្ពស់ជីវភាពរស់នៅកាន់តែល្អប្រសើរ​។

ជាមួយគ្នានេះ ឯកឧត្តម ដួង ពៅ អភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ ក៏បានថ្លែងនូវការកោតសរសើរ​និង​វាយតម្លៃខ្ពស់​ចំពោះការចូលរួមចំណែកយ៉ាងសកម្ម​របស់អង្គការសង្គមស៊ីវិល ​ក្នុងការអភិវឌ្ឍខេត្តក្រចេះឱ្យកាន់តែរីកចម្រើន​។ ឯកឧត្តមបានលើកទឹកចិត្ត​ឱ្យអង្គការសង្គមស៊ីវិលនិងដៃគូអភិវឌ្ឍន៍ទាំងអស់ បន្តគាំទ្រនិងចូលរួមដោយស្មោះត្រង់ ក្នុងភាពជាដៃគូជាមួយរដ្ឋបាលខេត្តក្រចេះ ក្នុងដំណើរការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋ និងការចូលរួម​ទប់ស្កាត់បទល្មើសធនធានធម្មជាតិនិងបទល្មើសនេសាទ ដើម្បីពង្រឹងនូវសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចឱ្យកាន់តែរីកចម្រើនថែមទៀត។ ឯកឧត្តមក៏បានជំរុញឱ្យអង្គការសង្គមស៊ីវិល​បន្តចូលរួម​សហការជាមួយ​អាជ្ញាធរ​មូលដ្ឋានក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព និងទប់ស្កាត់ការ​ឆបោកតាមប្រព័ន្ធ​បច្ចេក​វិទ្យា​ក្នុងមូលដ្ឋាន​ តាមរយៈសកម្មភាពឃ្លាំមើលនិងរាយការណ៍អំពីទីតាំងដែលសង្ស័យ។

ក្នុងឱកាសនេះដែរ តំណាងអង្គការសង្គមស៊ីវិលក្នុងខេត្តក្រចេះ​បាន​លើកឡើងនូវបញ្ហាប្រឈម​និង​សំណូមពរ​មកជជែកពិភាក្សាដោយត្រង់ទៅត្រង់មកយ៉ាងផុសផុលក្នុងអង្គវេទិកាសន្ទនានាព្រឹកនេះ។ ជាលទ្ធផល បញ្ហាប្រឈមនិង​​សំណូមពរ​​មួយចំនួន ត្រូវបាន​ដោះស្រាយជាក់ស្តែងក្នុងកិច្ច​ពិភាក្សាដោយផ្ទាល់ ហើយ​បញ្ហាដែល​សេសសល់​​មួយ​​ចំនួន​ទៀត​ នឹងត្រូវ​យកទៅពិភាក្សា​ជាមួយអាជ្ញាធរនិង​សមត្ថកិច្ច​​ពាក់ព័ន្ធ ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយ។

វ.ស.ស. បានសម្របសម្រួលរៀបចំឱ្យមានបទបង្ហាញស្តីពី «ការយល់ដឹងអំពីអក្ខរកម្ម​ឌីជីថល និងសុវត្ថិភាព​តាម​ប្រព័ន្ធ​បច្ចេកវិទ្យាសម្រាប់អង្គការសង្គមស៊ីវិល» ដោយលោក ទ្រី វិទូ ប្រធានដេប៉ាតឺម៉ង់ពាណិជ្ជកម្ម​អេឡិចត្រូនិក​នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ដើម្បីផ្សព្វផ្សាយនិងលើកកម្ពស់បរិវត្តកម្ម​ឌីជីថលនិងការយល់ដឹងអំពី​គោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥៕