បទយកការណ៍៖ ទឹកធ្លាក់ភ្នំទំព័រ កំពុងបង្អួតសម្រស់ធម្មជាតិដ៏ត្រជាក់ត្រជុំ រង់ចាំភ្ញៀវទេសចរមកកម្សាន្ត (Video inside)
20-07-2026 13:43
(ពោធិ៍សាត់)៖ ទឹកធ្លាក់ធម្មជាតិជាច្រើនកន្លែងនៅក្នុងប្រទេសកម្ពុជា កំពុងតែបង្អួតសម្រស់ដ៏ត្រជាក់ត្រជុំ និងភាពបៃតងស្រស់បំព្រង រង់ចាំទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកលេងកម្សាន្ត។ សម្រស់ធម្មជាតិទាំងនេះ បានក្លាយជាគោលដៅដ៏ពេញនិយមសម្រាប់អ្នកដែលចង់គេចចេញពីភាពអ៊ូអរនៃទីក្រុង ដើម្បីស្វែងរកភាពស្ងប់ស្ងាត់ និងស្រូបយកខ្យល់អាកាសបរិសុទ្ធ។
លើកទី១ បានឈានជើងមកដល់ទឹកធ្លាក់ភ្នំទំព័រ កញ្ញា វិដា បានបង្ហាញអារម្មណ៍ប្លែក និងស្រស់ស្រាយជាមួយនឹងសម្រស់ធម្មជាតិ អមដោយសំលេងទឹកធ្លាក់ បានធ្វើឱ្យកញ្ញា និងអ្នកទេសចរទាំងពួងបំភ្លេចនូវភាពនឿយហត់នឹងការងារ។
កញ្ញា វិដា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរឱ្យមកលេងកម្សាន្តទឹកធ្លាក់ភ្នំទំព័រនេះ ឱ្យបានម្តង ពីព្រោះតំបន់នេះនៅជិតទីប្រជុំជន ខណៈផ្លូវធ្វើដំណើរមិនលំបាកខ្លាំងនោះទេ។
លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា ប្រទេសកម្ពុជា មានតំបន់ការពារធនធានធម្មជាតិ ដែលមានសក្តានុពលច្រើន។ ជាមួយគ្នានេះដែលក៏មានបង្កបនូវទឹកធ្លាក់ជាច្រើនកន្លែង តំបន់ទេសភាព វាលស្មៅ រុក្ខជាតិចម្រុះ ហើយជាក់ស្តែង តំបន់ដែនជម្រកសត្វព្រៃភ្នំសំកុសនេះ គឺមានទឹកធ្លាក់ភ្នំទំព័រ កំពុងបង្អួតសម្រស់ដ៏ស្រស់ស្អាត រង់ចាំភ្ញៀវទេសចរមកលេងកម្សាន្ត។
សម្រាប់លោក ទេស ថន ជាប្រធានសហគមន៍តំបន់ការពារធម្មជាតិភ្នំទំព័រ បានអំពាវនាវដល់អ្នកទេសចរសូមអញ្ជើញមកលេងកម្សាន្តនៅទឹកធ្លាក់ភ្នំទំព័រ ឱ្យកាន់តែច្រើនឡើង។ សហគមន៍ក៏មានការរៀបចំជាកន្លែងស្នាក់នៅ អាហារហូបចុក ជាដើម។
ក្នុងនោះភ្នំទំព័រ មានកម្ពស់ប្រមាណ ១ ៥៥១ម៉ែត្រ ជាកំពូលភ្នំខ្ពស់ជាងគេលំដាប់ទី៣ នៅកម្ពុជា។ ក្រៅពីដំណើរឡើងភ្នំ ទីនោះក៏មានតំបន់ទឹកធ្លាក់ដ៏ស្រស់ស្អាតមួយឈ្មោះថា «ទឹកធ្លាក់ភ្នំទំព័រ» មានកម្ពស់ ៣៥ម៉ែត្រ ដែលជាគោលដៅផ្សងព្រេងមិនអាចរំលងបានឡើយ។
ទឹកធ្លាក់នេះបានលាក់ខ្លួនកណ្តាលព្រៃព្រឹក្សាដ៏ស្ងប់ស្ងាត់ អមដោយសំឡេងបក្សាបក្សីយំត្រហឹងពេញព្រៃ បង្កើតបានជាទស្សនីយភាពដ៏ស្រស់ស្អាត។ អ្វីដែលពិសេសនោះគឺទឹកធ្លាក់នេះស្ថិតនៅកៀកនឹងជើងភ្នំខ្លាំងណាស់ ដោយទេសចរចំណាយពេលដើរថ្មើរជើងប្រហែល ២០នាទីប៉ុណ្ណោះ។
រៀងរាល់រដូវវស្សា ទឹកធ្លាក់នានាដូចជាទឹកធ្លាក់នៅតំបន់ភ្នំខ្នងទំព័រ សុទ្ធតែបង្ហាញពីភាពស្រស់ស្អាតប្លែកភ្នែកជាមួយនឹងបរិមាណទឹកហូរធ្លាក់យ៉ាងគំហុក បង្កើតបានជាទេសភាពដ៏អស្ចារ្យ។ ភ្ញៀវទេសចរអាចរីករាយនឹងការងូតទឹកលេងកម្សាន្ត គយគន់ព្រៃឈើបៃតងខ្ចី និងថតរូបអនុស្សាវរីយ៍ដ៏ស្រស់ស្អាត។ ក្រៅពីនេះ តំបន់ទឹកធ្លាក់ជាច្រើនក៏មានផ្លូវឡើងភ្នំសម្រាប់អ្នកចូលចិត្តផ្សងព្រេងផងដែរ ដែលផ្តល់នូវបទពិសោធន៍ថ្មីប្លែក និងការគយគន់ទេសភាពពីលើកំពូលភ្នំ។
អាជ្ញាធរពាក់ព័ន្ធ និងសហគមន៍មូលដ្ឋាន បាននិងកំពុងខិតខំប្រឹងប្រែងក្នុងការអភិរក្ស និងអភិវឌ្ឍន៍តំបន់ទេសចរណ៍ធម្មជាតិទាំងនេះ ដើម្បីធានាបាននូវនិរន្តរភាព និងភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរនាពេលបច្ចុប្បន្ន និងទៅអនាគត។ ការចូលរួមថែរក្សាបរិស្ថាន និងគោរពតាមការណែនាំរបស់អាជ្ញាធរ គឺជាកត្តាចាំបាច់ដើម្បីរក្សាបាននូវសម្រស់ធម្មជាតិដ៏មានតម្លៃទាំងនេះ៕






















