លោកអ្នកឧកញ៉ា ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង ប្រគេនទៀនព្រះវស្សា និងទេយ្យទានដល់ព្រះសង្ឃទាំង២៧វត្ត នៅស្រុកប្រាសាទបល្ល័ង្ក ដើម្បីគង់ចាំព្រះវស្សា
20-07-2026 14:43
(កំពង់ធំ)៖ ជាពុទ្ធសាសនិកប្រកបដោយសទ្ធាជ្រះថ្លា លោកអ្នកឧកញ៉ា ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង តែងតែគោរពប្រណិប័តន៍ និងចូលរួមបំពេញបុណ្យរាល់កម្មវិធីរបស់ព្រះពុទ្ធសាសនា។ នាព្រឹកថ្ងៃអាទិត្យ ៥កើត ខែទតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ លោកអ្នកឧកញ៉ា ទ្រី ភាព ទីប្រឹក្សាផ្ទាល់ និងជាបេសកជនពិសេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក និងអ្នកឧកញ៉ា គៀន ស្រីនាង ជាឧត្តមភរិយា បានប្រគេនទៀនព្រះវស្សា បច្ច័យ ព្រមទាំងទេយ្យទានជាគ្រឿងឧបភោគបរិភោគជាច្រើនមុខ ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តទាំង២៧ នៅស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
ពិធីបុណ្យនេះ ត្រូវបានប្រារព្ធឡើងក្នុងគោលបំណងទំនុកបម្រុង ផ្គត់ផ្គង់ និងសម្រួលដល់ជីវភាពរបស់ព្រះភិក្ខុសង្ឃ និងសាមណេរ ដែលត្រូវគង់ចាំព្រះវស្សាអស់កាលត្រីមាស (៣ខែ) ក្នុងការសិក្សារៀនសូត្រធម៌វិន័យតាមពុទ្ធឱវាទ។ ពិធីចូលព្រះវស្សានេះនឹងចាប់ផ្តើមគិតចាប់ពីថ្ងៃ១រោច ខែអាសាឍ ដល់ថ្ងៃ១៥កើត ខែអស្សុជ ខាងមុខនេះ។
ដើម្បីញ៉ាំងកិច្ចកុសលនេះឱ្យកាន់តែមានភាពអធិកអធម និងបង្កលក្ខណៈងាយស្រួលដល់ព្រះសង្ឃ លោកអ្នកឧកញ៉ា ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង បានយកចិត្តទុកដាក់យ៉ាងខ្ពស់ ដោយបានចាត់តាំងក្រុមការងារផ្ទាល់ ចុះរៀបចំពិធីដង្ហែទៀនព្រះវស្សា និងទេយ្យទានទាំងនេះ យកទៅប្រគេនដល់គ្រប់វត្តអារាមតាមបណ្តាឃុំនីមួយៗប្រកបដោយសេចក្តីជ្រះថ្លាបំផុត។ ទានព្រះវស្សា និងទេយ្យទានកើតចេញពីសទ្ធាដ៏ជ្រះថ្លានេះ ត្រូវបានដង្ហែទៅតាមបណ្តាវត្តនានា ដោយក្រុមការងារប្រកបដោយក្តីរីករាយ។
ទេយ្យវត្ថុ និងបច្ច័យដែលវត្តនីមួយៗ ក្នុងចំណោមវត្តទាំង២៧ ទទួលបានរួមមាន៖
- បច្ច័យកសាង និងទ្រទ្រង់ចង្ហាន់ ចំនួន ១.០០០.០០០រៀល
- បច្ច័យបួន ចំនួន ៥០០.០០០រៀល
- ទៀនព្រះវស្សា ចំនួន ១គូ
- សាដក ចំនួន ១កញ្ចប់
- អង្ករផ្កាម្លិះ ចំនួន ១០០គីឡូក្រាម
- មីជាតិ ចំនួន ៣កេស
- ទឹកដោះគោខាប់ ចំនួន ១ កេសធំ
- ទឹកផ្លែឈើ ២កេស
- ទឹកសុទ្ធ ២កេស
- សាច់ជ្រូកផាត់ ចំនួន ៥គីឡូក្រាម
- ប្រេងឆា ចំនួន ២ដបធំ
- គ្រឿងទេស ទឹកស៊ីអ៊ីវ ២យួរ និងទឹកត្រី ២យួរ
- ប្រេងម៉ាស៊ូត ចំនួន ៣០លីត្រ (សម្រាប់ប្រើប្រាស់ជាប្រយោជន៍ក្នុងវត្តអារាម)
ការចូលរួមចំណែកក្នុងវិស័យពុទ្ធចក្រនាពេលនេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីកុសលចេតនាដ៏ឧត្តុង្គឧត្តម និងសន្តានចិត្តមនុស្សធម៌របស់លោកអ្នកឧកញ៉ា ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង ដែលជានិច្ចកាលតែងតែគិតគូរយ៉ាងយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាព ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការរីកចម្រើនរបស់សង្គមជាតិទាំងអាណាចក្រ និងពុទ្ធចក្រ។
សកម្មភាពសទ្ធាជ្រះថ្លានេះ គឺជាការរួមចំណែកបន្ថែមពីលើសមិទ្ធផល និងកិច្ចការងារអភិវឌ្ឍន៍ជាច្រើនរាប់មិនអស់ ដែលលោកអ្នកឧកញ៉ាបណ្ឌិតតែងតែបានជួយឧបត្ថម្ភគាំទ្រកន្លងមក ទាំងលើវិស័យអប់រំ ហេដ្ឋារចនាសម្ព័ន្ធ និងសង្គមកិច្ច។
សូមបញ្ជាក់ថា សម្រាប់ពិធីប្រគេនទៀនព្រះវស្សា និងទេយ្យទានជូនដល់វត្តទាំង២៧ ក្នុងស្រុកប្រាសាទបល្ល័ង្កនាឱកាសនេះ លោកអ្នកឧកញ៉ា ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង បានចំណាយថវិកាផ្ទាល់ខ្លួនសរុបប្រមាណ ១២០.០០០.០០០រៀល៕
























